ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា ជាតិស័ង្កសីអាចផ្ដល់អត្ថប្រយោជន៍អស្ចារ្យអ្វីខ្លះចំពោះសុខភាព។ កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលល្អៗនៃជាតិស័ង្កសី ៖
១. វាជួយពង្រឹងសុខភាពខួរក្បាល
ស័ង្កសី គឺជាជាតិរ៉ែសំខាន់មួយដែលចាំបាច់ណាស់សម្រាប់សុខភាពខួរក្បាល។ ស័ង្កសីរួមជាមួយវីតាមីន B6 ជួយធ្វើឱ្យមុខងារខួរក្បាលកាន់តែមានលក្ខណៈប្រសើរឡើង។
២. វាល្អសម្រាប់សុខភាពឆ្អឹង
ក្រៅពីកាល់ស្យូម ជាតិស័ង្កសីក៏សំខាន់ណាស់ដែរសម្រាប់ការពង្រឹងសុខភាពឆ្អឹងរឹងមាំ។ កង្វះជាតិស័ង្កសីនឹងនាំឱ្យអ្នកមិនអាចបង្កើតបាននូវឆ្អឹងដែលរឹងមាំឡើយ។
៣. វាជួយឱ្យសក់រឹងមាំ
មួយក្នុងចំណោមរោគសញ្ញាផ្សេងទៀតនៃកង្វះជាតិស័ង្កសីក្នុងរាងកាយ គឺការជ្រុះសក់។ ការរក្សាបាននូវបិរមាណនៃជាតិស័ង្កសីគ្រប់គ្រាន់ក្នុងរាងកាយនឹងជួយឱ្យសក់ប្រែជាក្រាស់មានសុខភាពល្អស្រស់ស្អាត។ នេះក៏ព្រោះតែស័ង្កសីមានប្រសិទ្ធភាពជម្រុញបង្កើនការលូតលាស់សក់។
៤. វាល្អសម្រាប់សុខភាពភ្នែក
ស័ង្កសីក៏ល្អណាស់ដែរសម្រាប់សុខភាពភ្នែក។ កង្វះជាតិស័ង្កសី ភ្នែកនឹងមិនអាចទទួលបានវីតាមីន A គ្រប់គ្រាន់តាមតម្រូវការចាំបាច់ឡើយដែលជាលទ្ធផលនៃបញ្ហាការមើលចុះខ្សោយ។
៥. វាជួយពង្រឹងសុខភាពសាច់ដុំ
ប្រសិនបើអ្នកចង់រក្សាបាននូវសាច់ដុំរឹងមាំ ត្រូវប្រាកដថាអ្នកបានទទួលទានជាតិស័ង្កសីគ្រប់គ្រាន់ជាប្រចាំ។ ជាតិស័ង្កសី គឺចាំបាច់ណាស់សម្រាប់ព្យាបាលសាច់ដុំឡើងវិញក្រោយពេលធ្វើលំហាត់ប្រាណ។ ជាតិរ៉ែនេះក៏ជួយទប់ទល់បញ្ហាសាច់ដុំចុះខ្សោយបានយ៉ាងប្រសើរផងដែរ។
៦. ល្អសម្រាប់សុខភាពស្បែក
ស័ង្កសីជាកម្ចាត់មុនដោយវាគ្រប់គ្រងបិរមាណនៃជាតិខ្លាញ់និងកាត់បន្ថយមេរោគឆ្លងដែលបង្កបញ្ហាមុន។ ម្យ៉ាងវិញទៀត ស័ង្កសីក៏ជួយផលិតកូឡាជែនដែលផ្ដល់ឱ្យស្បែកនូវសុខភាពល្អភ្លឺរលោងស្រស់ស្អាតផងដែរ។
៧. វាជួយរក្សាតុល្យភាពអ័រម៉ូន
ការរក្សាឱ្យបាននូវតុល្យភាពអ័រម៉ូន គឺសំខាន់ណាស់សម្រាប់សុខភាព។ ស័ង្កសីជួយរក្សាតុល្យភាពនៃអង់ដូគ្រីនក្នុងរាងកាយ។ ជាឧទាហរណ៍ ស័ង្កសីចាំបាច់សម្រាប់ការផលិតអាំងស៊ុយលីនគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម។ ស័ង្កសីក៏សំខាន់សម្រាប់អ័រម៉ូនបន្តពូជនិងអ័រម៉ូនទីរ៉ូអ៊ីតផងដែរ។
សម្គាល់៖ មនុស្សស្រីត្រូវការជាតិស័ង្កសី ៨ មីលីក្រាមក្នុងមួយថ្ងៃ ខណៈដែលបុរសត្រូវការជាតិរ៉ែនេះ ១១ មីលីក្រាមក្នុងមួយថ្ងៃ៕
ត្រួតពិនិត្យដោយ www.health.com.kh