អន្តរជាតិ
លោក បៃ​ឌិន រើសយក​អ្នកស្រី ហារី​ស ជា​បេក្ខភាព​អនុ​ប្រធានាធិបតី​ក្នុងការ​បោះឆ្នោត​ខែវិច្ឆិកា​
12, Aug 2020 , 9:52 am        
រូបភាព
លោក ចូ បៃឌិន ជ្រើសរើសអ្នកស្រី កាម៉ាឡា ហារីស ជាដៃគូសម្រាប់ការបោះឆ្នោតខែវិច្ឆិកា។ រូបភាព AFP
លោក ចូ បៃឌិន ជ្រើសរើសអ្នកស្រី កាម៉ាឡា ហារីស ជាដៃគូសម្រាប់ការបោះឆ្នោតខែវិច្ឆិកា។ រូបភាព AFP
​លោក ចូ បៃ​ឌិន បេក្ខភាព​ប្រធានាធិបតី​អាមេរិក​មកពី​បក្ស​ប្រជាធិបតេយ្យ បានជ្រើសរើស​អតីត​គូប្រជែង​ក្នុង​បក្ស​អ្នកស្រី កា​ម៉ា​ឡា ហារី​ស (Kamala Harris) ឲ្យ​ធ្វើជា​បេក្ខភាព​អនុ​ប្រធានាធិបតី​សម្រាប់​ការបោះឆ្នោត​ខែវិច្ឆិកា​ខាងមុខ​។ លោក បៃ​ឌិន អះអាងថា អ្នកស្រី ហារី​ស ជា​អ្នក​ប្រយុទ្ធ​ដែល​មិនចេះ​ខ្លាច​។ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ឯណោះ​វិញ បាន​ចំអក​ឲ្យ​លោក បៃ​ឌិន ថា រើស​មនុស្ស​ដែលជា​យ៉ាប់​ជាងគេ​។

 
​ធ្លាប់តែ​តទល់​គ្នា​ដើម្បី​ប្រជែង​កៅអី​បេក្ខភាព​ប្រធានាធិបតី​តំណាង​បក្ស​ប្រជាធិបតេយ្យ ពេលនេះ លោក ចូ បៃ​ឌិន និង​អ្នកស្រី កា​ម៉ា​ឡា ហារី​ស ត្រូវ​សហការគ្នា​វិញ​ម្ដង​ដើម្បី​ដណ្ដើម​សេត​វិមាន​ពី​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ របស់​បក្ស​សាធារណរដ្ឋ​។ នៅ​ថ្ងៃទី​១១ ខែសីហា លោក បៃ​ឌិន បានប្រកាសថា លោក នឹង​យក​អ្នកស្រី ហារី​ស ធ្វើជា​បេក្ខភាព​អនុ​ប្រធានាធិបតី​ក្នុងការ​បោះឆ្នោត​ថ្ងៃទី​៣ ខែវិច្ឆិកា ខាងមុខ​។ 
 
​លោក បៃ​ឌិន ដែលមាន​វ័យ​៧៧​ឆ្នាំ បាន​សរសើរ​អ្នកស្រី ហារី​ស ដែលជា​ស្ត្រី​ស្បែក​ខ្មៅ​ទីមួយ​ត្រូវបាន​ជ្រើសរើស​ឲ្យ​ក្លាយជា​បេក្ខភាព​អនុ​ប្រធានាធិបតី ថា អ្នក​ប្រយុទ្ធ​មិនចេះ​ខ្លាច និង​ជាម​ន្ត្រី​សាធារណៈ​ម្នាក់​ដ៏​ល្អ​ជាងគេ​។ លោក​បន្តថា​៖ «​ខ្ញុំ​ពិតជា​មាន​មោទកភាព​ដែលមាន​អ្នកស្រី​ជា​ដៃគូ​ក្នុង​យុទ្ធនាការ​។​» 
 
​អ្នកស្រី ហារី​ស វិញ ក៏​បង្ហាញ​ការសប្បាយ​ចិត្ត​ដែរ​។ ក្រោយ​ការប្រកាស​របស់លោក បៃ​ឌិន សមាជិក​ព្រឹទ្ធសភា​អាមេរិក​រូបនេះ​សរសេរ​នៅ Twitter ថា អ្នកស្រី ពិត​ជាមាន​កិត្តិយស​ក្នុងការ​ចូលរួម​ជាមួយ​លោក បៃ​ឌិន ហើយនឹង​ព្យាយាម​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ឲ្យ​លោក បៃ​ឌិន ឈ្នះ​។ អ្នកស្រី ថែមទាំង​សរសើរ​លោក បៃ​ឌិន ទៀតថា ជា​អ្នក​ដែល​អាច​បង្រួបបង្រួម​ប្រជាជន​អាមេរិក ព្រោះ​លោក​បាន​ចំណាយពេល​មួយជីវិត​ដើម្បី​ពួកគេ​។​
 
​ជា​បេក្ខភាព​អនុ​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ អ្នកស្រី ហារី​ស ត្រូវ​តទល់​ជាមួយ​លោក ម៉ៃ ផេ​ន ដែលជា​ដៃគូ​របស់លោក ត្រាំ ។ អ្នក​ទាំងពីរ ត្រូវ​ឡើង​តទល់​គ្នា​នៅ​ខែតុលា​ខាងមុខ​ក្នុង​រដ្ឋ Utah ។ លោក ត្រាំ ឯណោះ​វិញ បាន​រិះគន់​លោក បៃ​ឌិន ចំពោះ​ការជ្រើសរើស​អ្នកស្រី ហារី​ស ។ លោក​ប្រាប់​អ្នកសារព័ត៌មាន​នៅ​សេត​វិមាន​ថា លោក​ពិតជា​ភ្ញាក់ផ្អើល​ដែល​លោក បៃ​ឌិន ជ្រើសរើស​អ្នកស្រី ហារី​ស ខណៈ​អ្នកស្រី ធ្វើ​មិន​បានល្អ​ឡើយ​ពេល​ប្រជែង​តំណែង​តំណាង​បក្ស​ប្រជាធិបតេយ្យ​។​
 
​មាន​វ័យ​៥៥​ឆ្នាំ អ្នកស្រី ហារី​ស ដែលមាន​ដើមកំណើត​ឥណ្ឌា និង​ហ្សា​ម៉ា​អ៊ី​ក ត្រូវបាន​មើលឃើញថា ជា​ជម្រើស​ល្អប្រសើរ​មួយ ព្រោះ​អ្នកស្រី​អាច​ទាក់ទាញ​សំឡេងគាំទ្រ​ពី​អ្នកបោះឆ្នោត​វ័យក្មេង ក្រុម​ប្រជាជន​អាមេរិក​ដើមកំណើត​ឥណ្ឌា និង​ប្រជាជន​ស្បែក​ខ្មៅ​ផងដែរ​។ ក្នុងករណី​ជាប់ឆ្នោត​មែន អ្នកស្រី ក៏​អាច​ដុះខាត់​ការងារ​ដើម្បី​ត្រៀម​ប្រជែង​កៅអី​ប្រធានាធិបតី​នៅពេល​ក្រោយ ដ្បិត​លោក បៃ​ឌិន មិន​ទំនងជា​អាច​ឈរឈ្មោះ​បានយូរ​ឡើយ ដ្បិត​វ័យ​កាន់តែ​ជរា​ហើយ​។​។​
 
​បើ​ពិត​អាច​ទទួលជោគជ័យ​ក្នុងការ​បោះឆ្នោត​ខែវិច្ឆិកា​មែន អ្នកស្រី ហារី​ស នឹង​បំបែក​កំណត់​ក្លាយ ជា​អនុ​ប្រធានាធិបតី​ស្រី្ត​ទីមួយ និង​ជា​ស្ត្រី​ស្បែក​ខ្មៅ​ទីមួយ​កាន់តំណែង​ខ្ពស់​បែបនេះ​ផងដែរ​។ បច្ចុប្បន្ន អ្នកស្រី ជា​ស្ត្រី​ស្បែក​ខ្មៅ​ទី​ពីរ​ដែល​ក្លាយជា​សមាជិក​ព្រឹទ្ធសភា និង​ជា​ស្ត្រី​ដើមកំណើត​អាស៊ី​ខាងត្បូង​ដំបូង​ដែល​កាន់តំណែង​នេះដែរ​៕
 
 

Tag:
 អាមេរិក​
  ចូ បៃ​ឌិន​
  កា​ម៉ា​ឡា ហារី​ស
© រក្សាសិទ្ធិដោយ thmeythmey.com