កីឡាជាតិ
ជាតិ
កីឡាករ ផាន់ សុវណ្ណ មិន​អស់ចិត្ត​ដែល​អាជ្ញាកណ្តាល​កាត់ក្តី​ឲ្យ​ចាញ់ ឡុង សុ​ផា​
12, Aug 2020 , 7:29 pm        
រូបភាព
 កីឡាករ ផាន់​ សុវណ្ណ បង្ហាញទឹកមុខមិនសប្បាយចិត្តក្រោយអាជ្ញាកណ្តាលកាត់ក្តីឲ្យចាញ់កីឡាករ ឡុង សុផា
កីឡាករ ផាន់​ សុវណ្ណ បង្ហាញទឹកមុខមិនសប្បាយចិត្តក្រោយអាជ្ញាកណ្តាលកាត់ក្តីឲ្យចាញ់កីឡាករ ឡុង សុផា
ដោយ:
​អ្នកលេង​គុន​ខ្មែរ​ជើងចាស់ ផាន់ សុវណ្ណ បានបង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​ការកាត់ក្តី​របស់​ចៅក្រម ដែល​ឲ្យ​រូបគេ​ចាញ់​កីឡាករ ឡុង សុ​ផា ៤​ទល់នឹង​១​ក្នុង​ការប្រកួត​ម៉ារ៉ាតុន​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​ប្រាក់​លាន​ប្រចាំ​កម្មវិធី​ប្រដាល់​អធិរាជ​គុន​ខ្មែរ ISI PALM-ISI PIPE នៅ​សង្វៀន​ភី​អិន​អិន​កាលពី​សប្តាហ៍​មុន​។ កីឡាករ​រូបនេះ អះអាងថា រូបគេ​មិនដឹង​ចាញ់​គូប្រកួត​ត្រង់ចំណុច​ណា​។

 
​ក្រោយ​ចប់​ការប្រកួត​៣​ទឹក​ពេញ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​កីឡាករ ផាន់ សុវណ្ណ ហាក់​មាន​ក្តី​រំពឹង​ខ្ពស់​ក្នុងការ​គ្រង​ជើងឯក​ក្នុង​ការប្រកួត​ម៉ារ៉ាតុន​ដណ្តើម​ប្រាក់​លាន​ប្រចាំ​កម្មវិធី​ប្រដាល់​អធិរាជ​គុន​ខ្មែរ ISI PALM-ISI PIPE នៅ​សង្វៀន​ភី​អិន​អិន​។ ប៉ុន្តែ​គ្រប់យ៉ាង​វា​ផ្ទុយ​ពី​រំពឹងទុក ដោយ រូបគេ ត្រូវបាន​អាជ្ញាកណ្តាល​កាត់ក្តី​ឲ្យ​ចាញ់​កីឡាករ ឡុង សុ​ផា ក្នុង​លទ្ធផល ៤-១ ទៅវិញ​។​
 
​កីឡាករ​វ័យ​៣៥​ឆ្នាំ​រូបនេះ ហាក់​ស្រឡាំងកាំង​ក្រោយ​លឺ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ប្រកាស​លទ្ធផល​បែបនេះ ព្រោះ​រូបគេ​គិតថា ខ្លួន​វាយ​ចូល​ច្រើនជាង​កីឡាករ ឡុង សុ​ផា ដែល​ឈរ​ចាំ​ធាក់​ទប់​ពី​ការ​សម្រុក​របស់ខ្លួន​។ ផាន់ សុវណ្ណ ហាក់​មិន​សប្បាយចិត្ត​ចំពោះ​លទ្ធផល​នេះឡើយ ដ្បិត​រូបគេ​យល់ថា ជ័យជម្នះ​គួរ​បាន​មកលើ​ខ្លួន​ច្រើនជាង​។  
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​ក្រោយ​ការប្រកួត​កីឡាករ​មាន​ប្រវត្តិ​ប្រកួត​ជាង​២០០​ដង​រូបនេះ​បាន​និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​គិត​ទៅ​ដូចជា​មិន​ពិបាក​នោះទេ ប៉ុន្តែ​ខ្ញុំ​មើលទៅ វ៉ៃ​ដូច​អត់​ដឹងថា​ខ្លួនឯង​ចាញ់​។ ខ្ញុំ​មិនទាន់​អស់ចិត្ត​ទេ ព្រោះ​ខ្ញុំ​អត់​ដឹងថា​គេ​វ៉ៃ​ខ្ញុំ​ចូល​ត្រង់ណា គេ​ឈរ​ចាំតែ​ធាក់ ខ្ញុំ​ចូល​វ៉ៃ​រហូត​។ ខ្ញុំ​មិន​ថា អាជ្ញាកណ្តាល ឬ​ចៅក្រម​ឲ្យ​ពិន្ទុ​យ៉ាងម៉េច​ទេ គ្រាន់តែ​ថា ខ្ញុំ​មិនទាន់​អស់ចិត្ត​។ ក្រោយ​ចប់​ការប្រកួត​ទឹក​ទី​៣ ខ្ញុំ​រំពឹង​៨០​ភាគរយ​ក្នុងការ​គ្រង​ជើងឯក ព្រោះ​ខ្ញុំ​វ៉ៃ​ចូល​ច្រើន ហើយ​គេ​ឈរ​ចាំតែ​ធាក់​»​។​
 
​ជាមួយគ្នានេះ​កីឡាករ ឡុង សុ​ផា បាន​អះអាងថា ក្បាច់​ដែល​រូបគេ​ប្រើ​ដើម្បី​យកឈ្នះ​កីឡាករ ផាន់ សុវណ្ណ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​បាន​នោះ គឺ​ក្បាច់​ធាក់ ព្រោះ​ខ្លួន​ដឹងថា បើ​ប្តូរ​កណ្តាប់ដៃ​ប្រាកដជា​មិនអាច​យកឈ្នះ​គូប្រកួត​បានឡើយ​។ សិស្ស​គុន​មកពី​ក្លិប​សាល​វ័​ន្ត​គុន​ខ្មែរ​រូបនេះ​សារភាពថា ក្បាច់​ធាក់​មិន​រូបគេ​នឹកឃើញ​ប្រើ​ដោយ​ខ្លួនឯង​នោះទេ គឺ​អ្នក​ឲ្យ​ទឹកជា​អ្នកផ្តល់​គំនិត​ឲ្យ​ខ្លួន​។ 


 
​តែ​យ៉ាងណា កីឡាករ​វ័យ​១៨​ឆ្នាំ​រូបនេះ យល់ថា ការ​ប៉ះ​ជាមួយ​កីឡាករ ផាន់ សុវណ្ណ ជាការ​ប្រកួត​មួយ​ដ៏​លំបាក ព្រោះ​កីឡាករ​រូបនេះ​មាន​កណ្តាប់ដៃ​ធ្ងន់ និង​មាន​បទពិសោធ​ច្រើន​ក្នុង​ការប្រកួត​។ កីឡាករ ឡុង សុ​ផា ទើប​ចូលប្រឡូក​ក្នុង​វិស័យ​គុន​ខ្មែរ​បាន​ប្រមាណ​ពីរ​ខែ​ប៉ុណ្ណោះ និង​ធ្លាប់​ឡើង​សង្វៀន​ប្រកួត​បាន​ចំនួន​៦​លើក ខណៈ​កីឡាករ ផាន់ សុវណ្ណ មាន​ប្រវត្តិ​ប្រកួត​ជាង​២០០​ប្រកួត​ឯណោះ​។  
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​កីឡាករ ឡុង សុ​ផា រៀបរាប់​ដូច្នេះ​ថា​៖«​ការប្រកួត​ដែល​ពិបាក​ជាងគេ​គឺ​ពេល​ប៉ះ​ជាមួយ​កីឡាករ ផាន់ សុវណ្ណ ព្រោះ​ពេល​យើង​ជញ្ជ្រំ​ជើង​ធាក់​គាត់​ចេះ​ទាត់​ឆាប ហើយ​គាត់​ម៉ាត់​មក​ខ្លាំងៗ ស្ពឹក​មុខៗ​។  ក្បាច់​ដែល​ខ្ញុំ​អាច​យកឈ្នះ​គាត់ គឺ​ជញ្ជ្រំ​ជើង​ធាក់​គាត់ ឈ្នះ​នឹង​ធាក់ បើ​ប្រើ​ដៃ​វ៉ៃ​មិន​ឈ្នះ​គាត់​នោះទេ​»​។​
 
​ទោះបី​បង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​លទ្ធផល​បរាជ័យ​នេះ​ក៏ដោយ កីឡាករ ផាន់ សុវណ្ណ ប្តេជ្ញា​ថា រូបគេ​នឹង​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​កាន់តែខ្លាំង​ថែមទៀត​។ បើ​អាច សុវណ្ណ ចង់​ប្រកួត​សងសឹក​ជាមួយ​កីឡាករ ឡុង សុ​ផា ម្តងទៀត​។ កីឡាករ​វ័យ​៣៥​ឆ្នាំ​រូបនេះ​វាយតម្លៃថា រូបគេ​អាច​បន្ត​អាជីព​ជា​កីឡាករ​ប្រដាល់​ប្រមាណ​២​ទៅ​៣​ឆ្នាំ​ខាងមុខ ហើយ​រូបគេ​ចង់​ក្លាយជា​គ្រូបង្វឹក​គុន​ខ្មែរ​ក្រោយ​ខ្លួន​ចូលនិវត្តន៍​ពី​អាជីព​ជា​កីឡាករ​។ 
 
​សម្រាប់​ម្ចាស់​ជើងឯក​ម៉ារ៉ាតុន​ប្រចាំ​កម្មវិធី​ប្រដាល់​អធិរាជ​គុន​ខ្មែរ ISI PALM-ISI PIPE នៅ​សង្វៀន​ភី​អិន​អិន​ទទួលបាន​ថវិកា​លើកទឹកចិត្ត​ចំនួន​២​លាន​៦​សែន​រៀល ខណៈ​ជើងឯក​រង​បាន​១​លាន​២​សែន​រៀល​។ ជាមួយគ្នានេះ លោក ស្រ៊ឺ ស្រេង ហៅ​សំណព្វ ប្រធាន​ផែ្ន​ក​កីឡា​របស់​ស្ថានីយទូរទស្សន៍​ភី​អិន​អិន​បាន​លើក​ជា​ទស្សនៈ​ថា ភី​អិន​អិនរ​ក្សា​កីឡាករ​ចាស់ បង្កើត​កីឡាករ​ថ្មី​៕ 

Tag:
 ប្រដាល់​គុន​ខ្មែរ​
  ផាន់ សុវណ្ណ​
  ឡុង សុ​ផា
© រក្សាសិទ្ធិដោយ thmeythmey.com