ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
ការផ្តាច់ EBA ២០ភាគរយ ពីកម្ពុជា ចូលជាធរមានហើយ
12, Aug 2020 , 2:49 pm        
រូបភាព
លោក Phil Hogan ស្នងការពាណិជ្ជកម្មអឺរ៉ុប
លោក Phil Hogan ស្នងការពាណិជ្ជកម្មអឺរ៉ុប
សេចក្តីសម្រេចរបស់គណៈកម្មាធិការអឺរ៉ុប ស្តីពីការផ្តាច់១ភាគ៣ ឬ២០ភាគរយនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា បានចូលជាធរមានហើយ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។ នេះបើតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការអឺរ៉ុប ដែលទើបនឹងចេញផ្សាយមុននេះបន្តិច។



លោក Phil Hogan ស្នងការពាណិជ្ជកម្មអឺរ៉ុប បាន​លើកឡើងថា៖«យើង បានផ្តល់ឱកាសផ្នែកពាណិជ្ជកម្ម​ដល់កម្ពុជា ដែលអនុញ្ញាតឲ្យ​ប្រទេសនេះ អភិវឌ្ឍឧស្សាហកម្ម​ដោយផ្តោត​លើការនាំចេញ ហើយ​បាន​ផ្តល់ការងារដល់​ពលរដ្ឋរាប់ពាន់នាក់។ យើង ​ឈរជាមួយពួកគេ ក្នុងកាលៈទេសៈដ៏លំបាក​ ដែលបង្កដោយកូវីដ-១៩។ ទោះជាយ៉ាងណាក៏ដោយ ការគាំទ្រជាបន្តបន្ទាប់របស់យើង ​មិន​ធ្វើឲ្យយើង លែង​ទាមទារ​ឲ្យកម្ពុជាគោរពសិទ្ធិមនុស្ស និងសិទ្ធិការងារនោះទេ»។

លោក Phil Hogan បន្តថា៖«ខ្ញុំ ​ត្រៀម​ខ្លួន​បន្ត​ទំនាក់ទំនងបន្ថែមទៀត​ ដើម្បីស្តារឡើង​វិញ​នូវ​ការ​ទទួលបាន​អត្ថប្រយោជន៍ពេញលេញនៅទីផ្សាអឺរ៉ុប សម្រាប់ទំនិញកម្ពុជា បើយើង ឃើញ​ពីការរីកចម្រើនលើ​ការគោរពសិទ្ធិមនុស្ស និងសិទ្ធិការងារនោះ»។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់មកលើប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ថា៖«យើង មិនអាចលុតជង្គត់ ដើម្បីសុំទានគេ ក្នុងការធ្វើឲ្យយើង បោះបង់ចោលនូវអធិបតេយ្យភាពនិងឯករាជ្យភាពទេ ព្រោះអធិបតេយ្យភាពនិងនិងរាជ្យភាព យើងខំប្រឹងយូរណាស់ ហើយយើងចំណាយជីវិតមនុស្សច្រើនណាស់ ដែលបានរហូតមកដល់ពេលនេះ ដូច្នេះ ជំហរ [របស់រដ្ឋាភិបាល គឺនៅ] ដដែល...»។

ចំណែក លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា សរសេរក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម ទៅកាន់អ្នកកាសែតថា៖«ការកាត់ EBA ២០ភាគរយ ដូចអត់បាត់អ៊ីចឹង ដោយសារការនាំចេញផលិតផលពីកម្ពុជាចូលទៅអឺរ៉ុប នៅតែមាន។ […] មិនអាចយកឯករាជ្យ អធិបតេយ្យភាពជាតិទៅដោះដូរជាមួយ EBA ទេ»។

ការផ្តាច់ EBA ២០ភាគរយនេះ មានន័យថា ចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ទៅ កម្ពុជា ត្រូវបង់ពន្ធលើមុខទំនិញប្រមាណ២០ភាគរយ ពេលនាំចូលទៅទីផ្សារអឺរ៉ុប។

កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ គណៈកម្មការអឺរ៉ុប បានចាប់ផ្តើមនីតិវិធីនៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។ មួយឆ្នាំក្រោយមក នៅថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០២០ គណៈកម្មការអឺរ៉ុប ក៏សម្រេចផ្តាច់ប្រពន្ធអនុគ្រោះព័ន្ធ EBA ២០ភាគរយ ពីកម្ពុជា។

ការសម្រេចផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយនេះ មិនទាន់ចូលជាធរមាន ឬមិនទាន់អនុវត្តភ្លាមៗនោះ ដោយទុកពេល៦ខែឲ្យកម្ពុជា ចរចា។ ប៉ុន្តែ ការចរចារវាងកម្ពុជានិងអឺរ៉ុបក្នុងរយៈពេល៦ខែមកនេះ មិនបានឈានដល់ចំណុចយល់ស្របគ្នាឡើយ។

អ្វីដែលអឺរ៉ុប ចង់បាន គឺទាមទារឲ្យកម្ពុជា ស្តារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញ។ តែកម្ពុជា បកស្រាយថា កម្ពុជាគ្មានបញ្ហាសិទ្ធិមនុស្សឬដើរខុសគន្លងប្រជាធិបតេយ្យនោះទេ។ ទីបំផុត ៦ខែក្រោយមក គឺនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ សេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប ស្តីពីការផ្តាច់ EBA ២០ភាគរយពីកម្ពុជា ក៏បានបានចូលជាធរមាន។

គណៈកម្មការអឺរ៉ុប វាយតម្លៃថា ការផ្តាច់ EBA ២០ភាគរយនេះ នឹងធ្វើឲ្យកម្ពុជា ប៉ះពាល់ខ្លាំង ទៅលើការនាំចេញផលិតផលមួយចំនួន រួមមាន សម្លៀកបំពាក់ ស្បែកជើង រួមទាំងផលិតផលធ្វើដំណើរ ដូចជាវ៉ាលី និង កាបូប ជាដើម ព្រមទាំងស្ករសផងដែរ៕ 


Tag:
 EBA
© រក្សាសិទ្ធិដោយ thmeythmey.com