ជាតិ
ពីនេះ ពីនោះ
ប្រភេទ​ត្រី​ទឹកសាប​ជាច្រើន​បាន​ធ្លាក់ចុះ ៧៦ ភាគរយ ក្នុង​រយៈពេល​តិចជាង ៥០ ឆ្នាំ​
12, Aug 2020 , 9:29 pm        
រូបភាព
 ​ដូចគ្នា​នឹង​ប្រភេទ​ត្រី​ធ្វើចរាចរ​ផ្លាស់​ទី​ជាច្រើន​ទៀត​ដែរ ត្រី​សា​ម៉ុង ឈី​ន​ណុ​ក បាន​ទទួលរង​ការគំរាមកំហែង​ដោយ​ការនេសាទ​ហួស​កម្រិត ការបាត់បង់​ទីជម្រក និង​ទំនប់​វារិ​អគ្គិសនី​ជាច្រើន ដែល​រារាំង​ការធ្វើ​ចរាចរ​របស់​ពួកវា ពី​សមុទ្រ​ទៅកាន់​ដែន​ជម្រក​ពង​កូន នៅតាម​បណ្តា​ទន្លេ​ដែល​ហូរ​ចាក់​ទៅ​សមុទ្រ​។ រូបភាព​៖ CRISTINA MITTERMEIER បណ្ដុំ​រូប​របស់ NAT GEO​។​
​ដូចគ្នា​នឹង​ប្រភេទ​ត្រី​ធ្វើចរាចរ​ផ្លាស់​ទី​ជាច្រើន​ទៀត​ដែរ ត្រី​សា​ម៉ុង ឈី​ន​ណុ​ក បាន​ទទួលរង​ការគំរាមកំហែង​ដោយ​ការនេសាទ​ហួស​កម្រិត ការបាត់បង់​ទីជម្រក និង​ទំនប់​វារិ​អគ្គិសនី​ជាច្រើន ដែល​រារាំង​ការធ្វើ​ចរាចរ​របស់​ពួកវា ពី​សមុទ្រ​ទៅកាន់​ដែន​ជម្រក​ពង​កូន នៅតាម​បណ្តា​ទន្លេ​ដែល​ហូរ​ចាក់​ទៅ​សមុទ្រ​។ រូបភាព​៖ CRISTINA MITTERMEIER បណ្ដុំ​រូប​របស់ NAT GEO​។​
​ដោយ​៖ STEFAN LOVGREN / National Geographic
​ការសិក្សា​ថ្មី​មួយ​រកឃើញថា នៅ​ជុំវិញ​ពិភពលោក ចំនួន​ត្រី​ទឹកសាប​ដែលជា​ប្រភេទ​ធ្វើចរាចរ​ផ្លាស់​ទី កំពុង​ធ្លាក់ចុះ​យ៉ាង​លឿន  ជាង​ប្រភេទ​ត្រី​ធ្វើចរាចរ​ផ្លាស់​ទី ដែល​អាច​រស់នៅក្នុង​ទឹកសាប​ផង និង​ក្នុង​សមុទ្រ​។

 
​របាយការណ៍​រួមគ្នា​ថ្មី​មួយ របស់​អង្គ​ការដែល​ធ្វើការ​ទាក់ទង​នឹង​បរិស្ថាន បាន​បង្ហាញថា ត្រី​ទឹកសាប​ដែលជា​ប្រភេទ​ធ្វើការ​ផ្លាស់​ទី ស្ថិតនៅក្នុង​ចំណោម​សត្វ​ដែល​ត្រូវបាន​គំរាមកំហែង​ខ្លាំង​បំផុត​នៅលើ​ភពផែនដី​។​
 
​ការវាយតម្លៃ​ជាស​កល​មួយ បាន​ពិពណ៌នា​ជា​លើកដំបូង​របស់ខ្លួន​ថា បាន​រកឃើញ​ចំនួន​ត្រី​ទឹកសាប​ដែលជា​ប្រភេទ​ធ្វើចរាចរ​ផ្លាស់​ទី​បាន​ធ្លាក់ចុះ ចំនួន​៧៦% នៅ​ចន្លោះ​ឆ្នាំ​១៩៧០ និង​២០១៦ ដែលជា​អត្រា​ធ្លាក់ចុះ​ខ្ពស់ជាង​ប្រភេទ​ត្រី​ដែល​ធ្វើចរាចរ​ផ្លាស់​ទី ដែល​អាច​រស់នៅក្នុង​ទឹកប្រៃ​ផង និង​ទឹកសាប​ផង​។​
 
​អ្នកនិពន្ធ ស្តេ​ហ្វា​នី ដេ​ណេ​ត Stefanie Deinet  នៃ​សមាគម​សួនសត្វ​ទីក្រុង​ឡុង (ZSL) មានប្រសាសន៍ថា «​យើង​គិតថា ការធ្វើ​ចរាចរ​ផ្លាស់​ទី​របស់​ត្រី​ទឹកសាប អាច​ប្រឈម​នឹង​គ្រោះថ្នាក់​កាន់តែខ្លាំង​ថែមទៀត​» ជាង​តួលេខ​នៃ​ការធ្លាក់ចុះ ដែល​យោងតាម​របាយការណ៍​ដែល​បានបង្ហាញ​នេះ​។ «​បន្ថែម​លើ​ការ​កង្វះ​ព័ត៌មាន នាពេល​បច្ចុប្បន្ននេះ​ពី​តំបន់​ត្រូ​ពិ​ក ដែលជា​កន្លែង​រង​ការគំរាមកំហែង នៃ​ការបាត់បង់​ទីជម្រក ការ​រិច​រិល និង ការនេសាទ​ហួស​កម្រិត ការប្រែប្រួល​អាកាសធាតុ ដែល​កំពុង​កើន​ឡើងជា​លំដាប់​នោះ ប្រាកដជា​នឹងធ្វើ​ឱ្យ​ខ្សែកោង​ដែល​បង្ហាញ​ពី​ការបាត់បង់ ចង្អុល​ចុះទៅ​ក្រោម​បន្ថែមទៀត​។​»
 
​ការសិក្សា​ពីស​ន្ទ​ស្សន៍​នៃ​ការរស់នៅ​លើ​ភពផែនដី (The Living Planet Index) លើ​ទិន្នន័យ​នៃ​ជីវចម្រុះ​សកល ដែល​គ្រប់គ្រង​ដោយ​សមាគម​សួនសត្វ​ទីក្រុង​ឡុង (ZSL) និង​មូលនិធិ​សត្វព្រៃ​ពិភពលោក ដើម្បី​ធម្មជាតិ បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គា​រ៍ នៅលើ​គេហទំព័រ​មូលនិធិ ការផ្លាស់​ទី​មច្ឆជាតិ​ពិភពលោក ដែលជា​អង្គការ​អភិរក្ស​មិន​រកប្រាក់​ចំណេញ​។ ការសិក្សា​រកឃើញថា ប្រភេទ​ត្រី​ទឹកសាប​ធ្វើចរាចរ​ផ្លាស់​ទី​នៅ​ទ្វីបអឺរ៉ុប មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង ដែល​ចំនួន​ត្រី​នៅ​ទីនោះ បាន​ធ្លាក់ចុះ​គួរឱ្យ​ព្រួយបារម្ភ​រហូតដល់ ៩៣ ភាគរយ​ក្នុង​រយៈពេល ៥ ទសវត្សរ៍​ចុងក្រោយ​នេះ បន្ទាប់មក​គឺ អាមេរិក​ឡាទីន និង​កា​រ៉ា​បៀ​ន ដោយមាន​ការធ្លាក់ចុះ ៨៤%​។ (​វា​មិនមែន​តែ​ត្រី​មួយ​មុខ​នោះទេ - សូម​ចូល​អាន​អំពី បញ្ហា​ដែល​ពពួកសត្វ​រស់នៅក្នុង​ទឹកសាប​ប្រឈម​នឹង​ការធ្លាក់ចុះ ក្នុង​តំណ​ភ្ជាប់​នេះ read about how all freshwater animals face steep declines​។​)
 
​ការធ្វើ​ចរាចរ​ផ្លាស់​ទី​ដ៏​គួរឱ្យ​ស្ញប់ស្ញែង​
​ជិត​ពាក់កណ្តាល​នៃ​ត្រី​ជាង ៣០,០០០ ប្រភេទ​នៅលើ​ពិភពលោក គឺ​រស់នៅក្នុង​ទឹកសាប​។ ភាគច្រើន​នៃ​ត្រី​ទាំងនោះ ឬ​យើង​អាច​និយាយបានថា ស្ទើរតែ​ទាំង​អស់នៃ​ត្រី​ទាំងនោះ ធ្វើចរាចរ​ចេញពី​ទីជម្រក ដើម្បី​បន្ត​ពូជ និង​រក​ចំណី​។ ត្រី​មួយចំនួន​ដូចជា ត្រី​សាល​ម៉ុ​ន ធ្វើចរាចរ​ផ្លាស់​ទី​ចេញពី​សមុទ្រ ទៅតាម​បណ្តា​ទន្លេ​ដើម្បី​ទំ​ពង​-​កូន ហើយ​មួយចំនួនទៀត​ដូចជា អន្ទង់​អឺរ៉ុប ធំ​លូតលាស់​នៅក្នុង​ទឹកសាប ប៉ុន្តែ​ពង​-​កូន​ក្នុង​សមុទ្រ​។ មាន​ត្រី​ជាច្រើន​ប្រភេទ ដែល​ធ្វើចរាចរ​ផ្លាស់​ទី​តែ​នៅក្នុង​ទីជម្រក​ក្នុង​ទឹកសាប​ប៉ុណ្ណោះ​។ ក្នុងនោះ មានដូចជា​ត្រី Dorado catfish ដែល​ធ្វើចរាចរ​ផ្លាស់​ទី​ដ៏​វែងឆ្ងាយ ពី​តំបន់​អាន់​ដេ​ស (Andes) ទៅដល់​មាត់ទន្លេ​អា​ម៉ា​ហ្សូ​ន និង​ត្រឡប់មកវិញ ក្នុង​ចម្ងាយ​ប្រហែល ១១,៥៨៧​គីឡូម៉ែត្រ​។ 
 
​ការធ្វើ​ចរាចរ​ផ្លាស់​ទី​របស់​ត្រី គាំទ្រ​ដល់​មុខងារ​ជាច្រើន​នៅក្នុង​ប្រព័ន្ធ​អេកូឡូស៊ី រួមទាំង​ការនាំ​សារធាតុចិញ្ចឹម​សំខាន់ៗ និង​កូន​ត្រី​តូចៗ ដែល​ទើបនឹង​ញាស់ ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​ផងដែរ​។ មនុស្ស​ជាច្រើន ពឹង​ផ្អែកលើ​ការធ្វើ​ចរាចរ​របស់​ត្រី ដែល​គេ​អាច​ព្យាករណ៍​នេះ ការចិញ្ចឹម​ជីវិត និង​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគេ​។ (​សូម​រង់ចាំ​អាន​វគ្គ​បន្ត​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com