COVID-19
អន្តរជាតិ
រដ្ឋមន្ត្រី​សុខាភិបាល​អាមេរិក​៖ បើ COVID-19 ផ្ទុះ​នៅ​អាមេរិក ឬ​តៃវ៉ាន់ វា​ត្រូវ​ចប់​បាត់ទៅហើយ​
12, Aug 2020 , 9:59 pm        
រូបភាព
រដ្ឋមន្រ្តីសុខាភិបាលអាមេរិក Alex Azar ។ រូបភាព AFP
រដ្ឋមន្រ្តីសុខាភិបាលអាមេរិក Alex Azar ។ រូបភាព AFP
​ពី​ទឹកដី​តៃវ៉ាន់ រដ្ឋមន្ត្រី​សុខាភិបាល​អាមេរិក Alex Azar នៅ​ថ្ងៃទី​១១ ខែសីហា បាន​វាយប្រហារ​ការឆ្លើយតប​របស់​ចិន​ទៅនឹង​ជំងឺ COVID-19 ។ បើតាម​លោក Azar ចិន​មានឱកាស​ក្នុងការ​ផ្ដល់ដំណឹង​ដល់​ពិភពលោក​ពី​ការផ្ទុះ​ជំងឺឆ្លង​ផ្លូវដង្ហើម​មួយ​នេះ ប៉ុន្តែ​ចិន​មិន​បានធ្វើ​ដូច្នោះ​ឡើយ​។ ប្រមុខ​សុខាភិបាល​អាមេរិក​រូប​ថែមទាំង​និយាយថា បើ COVID-19 ត្រូវបាន​រកឃើញ​នៅ​អាមេរិក ឬ​តៃវ៉ាន់​មុនគេ​នោះ អ្វីៗ​ត្រូវ​ចប់​រួចរាល់​អស់​ទៅហើយ​។

 
«​ខ្ញុំ​ជឿថា វា​មិនមែន​ជាការ​បំផ្លើស​ក្នុងការ​និយាយថា ប្រសិនបើ​វីរុស​នេះ​កើត​នៅ​តៃវ៉ាន់ ឬ​អាមេរិក វា​ទំនងជា​ត្រូវបាន​លុបបំបាត់​យ៉ាង​ស្រួល​។​» រដ្ឋមន្ត្រី​សុខាភិបាល និង​សេវាកម្ម​ប្រជាជន​អាមេរិក Alex Azar និយាយ​បែបនេះ​ដោយ​សំដៅ​វីរុស​ដែល​បង្ក​ទៅជា​ជំងឺ COVID-19 អំឡុងពេល​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​នៅ​តៃវ៉ាន់ ទី​ដែល​លោក​ក្លាយជា​មន្ត្រីជាន់ខ្ពស់​បំផុត​របស់​អាមេរិក​ជាន់ដី​កោះ​នេះ​តាំងពី​ឆ្នាំ​១៩៧៩ មក​នោះ​។ 
 
​ថ្លែង​ទៅកាន់​អ្នកចូលរួម​ក្នុង​ពិធី​នៅ​សាលា​ពេទ្យ​មួយ​ក្នុង​ទីក្រុង​តៃប៉ិ លោក Azar រិះគន់​ចិន​ខ្លាំងៗ​ចំពោះ​ការឆ្លើយតប​របស់​ប្រទេស​នេះ​ទៅនឹង​ការផ្ទុះ​ជំងឺ COVID-19 នៅ​ដំណាក់កាល​ដំបូង​។ លោក Azar អះអាងថា បក្ស​កុម្មុយនីស្ត​ចិន​មានឱកាស​ក្នុងការ​ព្រមាន​ពិភពលោក និង​ធ្វើការ​ជាមួយ​ពិភបលោក​លើ​ការប្រយុទ្ធប្រឆាំង​វីរុស ប៉ុន្តែ​ពួកគេ​មិនបាន​ធ្វើ​បែប​នោះឡើយ ហើយ​ផលប៉ះពាល់​លើ​ជីវិត​មនុស្ស​កើនឡើង​រាល់ថ្ងៃ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP រដ្ឋមន្ត្រី​អាមេរិក​រូបនេះ​បាន​វាយប្រហារ​ទៀតថា ទីក្រុង​ប៉េកាំង មិន​ព្រម​ចែករំលែក​ព័ត៌មាន បំបិទមាត់​គ្រូពេទ្យ​ដែល​ទម្លាយ​រឿងរ៉ាវ និង​បង្ក​ការលំបាក​ដល់​ការឆ្លើយតប​ជា​សាកល​ទៅទៀត​។ 
 
​សូមបញ្ជាក់ថា មកទល់ពេលនេះ អាមេរិក​មាន​ករណី​ឆ្លង​ជាង​៥​លាន​៣​សែន​នាក់ ហើយ​ស្លាប់​ជាង​១៦​ម៉ឺន​នាក់​។  តៃវ៉ាន់​វិញ មាន​ករណី​ឆ្លង​តែ​៤៨១​នាក់ និង​ស្លាប់​៧​នាក់​ប៉ុណ្ណោះ ទោះ​កោះ​មួយ​នេះ​នៅ​កៀក​ចិន​ក្ដី​។ ការឆ្លើយតប​រហ័ស និង​ការដាក់ចេញ​វិធានការ​តឹងរ៉ឹង ជួយ​តៃវ៉ាន់​ឲ្យ​គេច​ផុតពី​មហន្តរាយ​ដូច​អាមេរិក​។ ចិន​ដែល​ជាទី COVID-19 ផ្ទុះ​មុនគេ មាន​ករណី​ឆ្លង​ជាង​៨៤០០០​នាក់ និង​ស្លាប់​ច្រើនជាង​៤៦០០​នាក់​៕
 

Tag:
 ​អាមេរិក​
  ចិន​
  តៃវ៉ាន់​
  COVID-19
  Alex Azar
© រក្សាសិទ្ធិដោយ thmeythmey.com