ជាតិ
ក្នុងកាលៈទេសៈកូវីដ-១៩ រដ្ឋមន្ត្រីការបរទេសជប៉ុននឹងមកបំពេញទស្សនកិច្ច៣ថ្ងៃនៅកម្ពុជា
× ភ្នំពេញ៖ រដ្ឋមន្រី្តការបរទេសជប៉ុនលោក ម៉ូតេហ្គី តូស៊ីមីសឺ (Toshimitsu Motegi) នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី២១ដល់២៣សីហាខាងមុខនេះដោយលោកនឹងជួបសម្ដែងការគួរសមជាមួយសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្ត និងលោក ប្រាក់ សុខុន រដ្ឋមន្រី្តការបរទេសកម្ពុជាផងដែរ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ជំនួបនេះ នឹងលើកពីបញ្ហាទ្វេភាគីនិងពហុភាគីមួយចំនួន ដែលជាចំណាប់អារម្មណ៍រួមដើម្បីធ្វើការពិភាក្សា។ ដំណើរទស្សនកិច្ចផ្លូវការរបស់លោក ម៉ូតេហ្គី តូស៊ីមីសឺ នៅកម្ពុជានឹងជួយពង្រឹងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងប្រទេសទាំងពីរលើគ្រប់វិស័យ។
ក្រៅពីនេះ គឺបង្ហាញនូវសាមគ្គីភាពក្នុងកិច្ចការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ដែរ។
ជាមួយគ្នានេះ លោក ម៉ូតេហ្គី តូស៊ីមីសឺ ក៏នឹងទៅបំពេញទស្សនកិច្ចនៅសិង្ហបុរី ម៉ាឡេស៊ី ប៉ាពូអាស៊ីនូវែលហ្គីណេ ឡាវ និងមីយ៉ាន់ម៉ា ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com