ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ប្រយ័ត្ន​! ខ្លាញ់​ទ្រី​គ្លី​សេរី​ដ​នឹង​ឡើង​ខ្ពស់ ព្រោះ​ទម្លាប់​ទាំងនេះ​
10, Aug 2023 , 6:59 am        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​ធ្លាប់បាន​លឺ​អំពី​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ និង​មិនល្អ​រួចមកហើយ​។ ជាធម្មតា​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​អាច​បង្ក​ផលប៉ះពាល់​ដល់​ស​សៃ​ឈាម ដោយ​ធ្វើឱ្យ​ប្រែជា​ឡើង​រឹង និង​រួម​តូច ខណៈដែល​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អប្រសើរ​សម្រាប់​សុខភាព ដោយ​វា​ជួយ​កាត់បន្ថយ​កម្រិត​នៃ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ក្នុង​ឈាម​។​ប៉ុន្តែ​ថា​តើ​អ្វី​ជា​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​? តាមពិតទៅ​វា​ត្រូវបាន​គេ​ស្គាល់​ផងដែរ​ថា​ជា ជាតិ​ខ្លាញ់​មិនល្អ​ទ្រី​គ្លី​សេរី​ដ (triglycerides) ប្រភេទ​នៃ​ជាតិ​ខ្លាញ់​ក្នុង​ចរន្តឈាម​។ កាលណា​កម្រិត​នៃ​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ឡើង​ខ្ពស់ វា​ក៏​មិន​ខុសពី​កម្រិត​នៃ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ដែរ គឺ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​គួរឱ្យ​ព្រួយបារម្ភ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ទម្លាប់​មួយចំនួន​ដែល​អ្នក​គួរ​ផ្លាស់ប្ដូរ​ចេញ​ដើម្បី​ទប់ស្កាត់​កុំឱ្យ​ខ្លាញ់​មិនល្អ​ឡើង​ខ្ពស់ ៖

 
១. ការ​ទទួលទាន​ភេសជ្ជៈ​សូ​ដា ឬ​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​
 
​ធ្លាប់​ដឹង​ទេ​ថា​ជាតិ​ស្ករ​អាច​បណ្ដាលឱ្យ​ជាតិ​ខ្លាញ់​ទ្រី​គ្លី​សេរី​ដ​ឡើង​ខ្ពស់​គួរឱ្យ​ព្រួយបារម្ភ​? នេះ​ក៏​ព្រោះតែ​ជាតិ​ស្ករ​មួយចំនួន​ក្នុង​ភេសជ្ជៈ​ផ្អែម​ក៏​អាច​ត្រូវបាន​បំ​លែង​ទៅជា​ជាតិ​ខ្លាញ់​ទ្រី​គ្លី​សេរី​ដ​ផងដែរ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​កម្រិត​ការទទួល​ទាន​ស្ករ​។ ម្យ៉ាងវិញទៀត​កាឡូរី​បន្ថែម​ក្នុង​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​ក៏​អាច​បណ្ដាលឱ្យ​កើន​ទម្ងន់ ឬ​ធាត់​ជ្រុល​ដែល​ផ្សារភ្ជាប់​នឹង​ហានិភ័យ​នៃ​ជំងឺ​បេះដូង ព្រមទាំង​ការឡើង​ខ្ពស់​នៃ​កម្រិត​ជាតិ​ខ្លាញ់​ទ្រី​គ្លី​សេរី​ដ​។​
 
២. ទទួលទាន​សាច់​ក្រហម​ច្រើនពេក​
 
​ទ្រី​គ្លី​សេរី​ដ​ជា​ប្រភេទ​ខ្លាញ់​មួយ​ក្នុង​ឈាម​។ អាហារ​ដែលមាន​ផ្ទុក​ជាតិ​ខ្លាញ់​ឆ្អែត saturated ខ្ពស់​ដូចជា​សាច់​ក្រោម​នឹង​បង្កើន​កម្រិត​នៃ​ជាតិ​ខ្លាញ់​មិនល្អ​ក្នុង​ឈាម​គួរឱ្យ​បារម្ភ​។​
 
៣. ទទួលទាន​តែ​ត្រី​ចៀន ឬ​បំពង​
 
​ត្រី​ចៀន​បំពង​ភាគច្រើន​មាន​ផ្ទុក​ខ្លាញ់ ឬ​ប្រេង​បន្ថែម​ដែល​គ្មាន​សុខភាព​ល្អ​ដូចជា saturated fat ខ្ពស់​។ ហើយ​ខ្លាញ់​មិនល្អ​នេះ​អាច​ជះឥទ្ធិពល​លើ​អាស៊ីត​ខ្លាញ់​ល្អ​អូ​មេ​ហ្កា ៣ ដែលមាន​ក្នុង​ត្រី​។ ជា​លទ្ធផល​ហានិភ័យ​នៃ​បញ្ហា​ខ្លាញ់​ទ្រី​គ្លី​សេរី​ដ​ឡើង​ខ្ព​ស់នឹង​កើនឡើង​។​
 
៤. ទទួលទាន​គ្រឿង​ស្រវឹង​លើស​កម្រិត​
 
​ការទទួល​ទាន​គ្រឿង​ស្រវឹង​ហួសប្រមាណ​លើសពី ១ កែវ​ក្នុង​មួយថ្ងៃ​សម្រាប់​នារី ឬ ២ កែវ​ក្នុង​មួយថ្ងៃ​សម្រាប់​បុរស គឺ​មិនល្អ​សោះឡើយ​ចំពោះ​សុខភាព​រាងកាយ​ទាំងមូល​ដែល​វា​អាច​បង្ក​ជា​ជំងឺ​ផ្សេងៗ​គួរអោយ​ព្រួយបារម្ភ រួមទាំង​បញ្ហា​ខ្លាញ់​ក្នុង​ឈាម​ឡើង​ខ្ពស់​។​
 
៥. ទទួលទាន​ច្រើនពេក​
 
​ការទទួល​ទាន​អាហារ​ច្រើនៗ​ពេក​ក៏​អាច​បណ្ដាលឱ្យ​កម្រិត​នៃ​ជាតិ​ខ្លាញ់​ទ្រី​គ្លី​សេរី​ដ​ឡើង​ខ្ពស់​ផងដែរ​។ ការឡើង​ខ្ពស់​នៃ​ជាតិ​ខ្លាញ់​នេះ គឺ​គ្រោះថ្នាក់​ណាស់​ដោយ​វា​អាច​បង្ក​ការស្ទះ​ស​សៃ​ឈាម ឬ​ការ​រលាក​ដែល​បង្ក​ការខូចខាត​ដល់​ស​សៃ​ឈាម​។​
 
៦. អង្គុយ​យូរពេក​
 
​កង្វះ​សកម្មភាព​រាងកាយ​អាច​បណ្ដាលឱ្យ​រាងកាយ​ពិបាក​ក្នុង​ការរំលាយ​ជាតិ​ស្ករ​និង​ជាតិ​ខ្លាញ់​ទ្រី​គ្លី​សេរី​ដ​បាន​ប្រក្រតី​។​
 
៧. ទទួលទាន​អាហារ​សម្បូរ​ជាតិ​ស​សៃ​តិចពេក​
 
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​ហើយ​ថា​ជាតិ​ស​សៃ​ខ្ពស់​ជួយ​ទប់ស្កាត់​អាកា​រៈ​ទល់លាមក​។ ទោះជា​យ៉ាងណា​ជាតិ​ស​សៃ​ក៏​ជួយ​កាត់បន្ថយ​កម្រិត​នៃ​ខ្លាញ់​ទ្រី​គ្លី​សេរី​ដ​ដោយ​កាត់បន្ថយ​ការ​ស្រូប​យកជាតិ​ស្ករ​របស់​រាងកាយ​។ របប​អាហារ​មាន​ជាតិ​ស​សៃ​ខ្ពស់​ក៏​ជួយ​កាត់បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​បាន​យ៉ាង​ប្រសើរ​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com