អន្តរជាតិ
រដ្ឋាភិបាល​តៃវ៉ាន់ ស្នើ​ដំឡើង​ថវិកា​យោធា​១០​ភាគរយ​នៅក្នុង​ឆ្នាំ​២០២១
13, Aug 2020 , 10:19 pm        
រូបភាព
រូបភាព៖ AP
រូបភាព៖ AP
​គណៈរដ្ឋមន្ត្រី​តៃវ៉ាន់​របស់លោក​ស្រី​ប្រធានាធិបតី Tsai Ing-wen នៅ​ថ្ងៃទី​១៣ ខែសីហា បានស្នើ​ដំឡើង​ថវិកា​ការពារ​ជាតិប្រមាណ ១០​ភាគរយ​។ សំណើ​ស្នើ​ដំឡើង​ថវិកា​នេះ ធ្វើឡើង​ស្របពេល​តៃវ៉ាន់ កំពុង​រង​សម្ពាធ​ពី​ទីក្រុង​ប៉េកាំង​កាន់តែខ្លាំង​។

 
​រដ្ឋាភិបាល​តៃវ៉ាន់ បានដាក់​សំណើ​ជា​ទឹកប្រាក់​ប្រមាណ ១៥,៤២ ពាន់​លាន​ដុល្លារ ក្នុងការ​ចំណាយ​លើ​ថវិកា​យោធា​សម្រាប់​ឆ្នាំ​២០២១ ដែលជា​ចំនួន​នេះ កើនឡើង​ប្រមាណ​១០​ភាគរយ​ប្រៀបធៀប​ឆ្នាំនេះ ដែលមាន​ចំនួន​១៤​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​អគ្គនាយកដ្ឋាន​ហិរញ្ញវត្ថុ​តៃវ៉ាន់​។​
 
​បើតាម​ការអះអាង​រប​ស់​ក្រសួងការពារជាតិ​តៃវ៉ាន់ ការបង្កើន​ថវិកា​យោធា​នេះ គឺ​សម្រួល​ឲ្យ​មាន​សំណង់​អាគារ​យោធា​មួយចំនួន និង​ការហ្វឹកហ្វឺន​កងទ័ព ដើម្បី​ធានា​សន្តិសុខ និង​ស្ថិរភាព​ក្នុង​តំបន់​។ 
​ភ្លាមៗ​ក្រោយ​តៃវ៉ាន់​បានប្រកាស​ពី​សំណើ​ដំឡើង​ថវិកា​យោធា កងទ័ព​ចិន​វិញ ក៏បាន​ប្រកាសថា ក្នុងពេល​ថ្មីៗ​នេះ ខ្លួន​ទើបបាន​ធ្វើ​សមយុទ្ធ​យោធា​នៅ​ភាគ​ខាងជើង និង​ភាគខាងត្បូង​ច្រក​សមុទ្រ​តៃវ៉ាន់ ដើម្បី​ឆ្លើយតប​នឹង​ស្ថានភាព​សន្តិសុខ​ក្នុងពេល​បច្ចុប្បន្ន និង​ការពារ​ដែន​អធិបតេយ្យ​។ នេះ​ជាស​ញ្ញ​ព្រមាន​របស់​ប៉េកាំង​ទៅ​តៃប៉ិ​។ 
 
​កន្លងមក ប្រធានាធិបតី លោកស្រី Tsai Ing-wen ធ្លាប់បាន​លើកឡើងថា តៃវ៉ាន់ គឺ​ធ្វើ​ទំនើបកម្ម​យោធា និង​បង្កើន​ថវិកា​ការពារជាតិ​ជា​អទិភាព ដើម្បី​តទល់​ជាមួយ​ចិន​។ ប្រមុខ​តៃ​វ៉ា​ន៉ បានលើកឡើង​នៅក្នុង​សមយុទ្ធ​យោធា​មួយ​កាលពី​ខែកក្កដា​កន្លងទៅ ថា សន្តិសុខ​ជាតិ​តៃវ៉ាន់ មិនមែន​បានមក​ដោយសារ​ការ​ឱនលំទោន​នោះទេ ប៉ុន្តែ​វា​កើតចេញ​កម្លាំង​ការពារជាតិ​ដ៏​រឹងមាំ និង​មាន​យោធា​ជា​ស្នូល​។​
 
​តៃវ៉ាន់ ពឹងផ្អែក​ខ្លាំង​លើ​អាមេរិក​ដើម្បី​ពង្រឹងសមត្ថភាព​ខ្លួន​។ ក្នុង​ខែឧសភា អាមេរិក បានផ្តល់​ភ្លើង​បៃតង ក្នុង​ការលក់ មី​ស៊ី​ល​បំពាក់​លើ​នាវា Torpedo ចំនួន​១៨​ដើម​ឲ្យ​កោះ​តៃវ៉ាន់ ក្នុងតម្លៃ​១៨០​លាន​ដុល្លារ ហើយ​នៅក្នុង​ខែកក្កដា បាន​យល់ព្រម​លក់​គ្រឿង​បង្គុំ​នៃ​ខែល​ការពារ​មី​ស៊ី​ល Patriot ឲ្យ​តៃវ៉ាន់​ថែមទៀត  ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា ៦២០​លាន​ដុល្លារ​។ 
 
​សូមបញ្ជាក់ថា ក្រោម​ក្រសែភ្នែក​របស់​ចិន តៃវ៉ាន់ គឺជា​ផ្នែក​មួយ​របស់ខ្លួន ដោយ​ផ្អែក​ទៅតាម «​គោលនយោបាយ​ចិន​តែមួយ​» ប៉ុន្តែ​តៃវ៉ាន់ មិន​គិត​ដូច្នេះ​ឡើយ​។ ក្រោម​ការដឹកនាំ​របស់​លោកស្រី Tsai តៃវ៉ាន់​តែងតែ​បង្ហាញ​ពី​សញ្ញា​ចង់​ប្រកាស​ឯករាជ្យ​។ ដោយសារ​បញ្ហា​នេះ ចិន​បាន​ព្រមាន​ម្តង​ហើយ​ម្តង​ទៀតថា លទ្ធភាព​ចុងក្រោយ គឺ​ការប្រើប្រាស់​កម្លាំងយោធា ដើម្បី​វាយ​សង្គ្រប់​យក​កោះ​តៃវ៉ាន់ ប្រសិនបើ​ហ៊ាន​ប្រកាស​ឯករាជ្យ​៕

Tag:
 តៃវ៉ាន់​
© រក្សាសិទ្ធិដោយ thmeythmey.com