COVID-19
ជាតិ
លោក ហ៊ុន ម៉ានី អំពាវនាវឱ្យពលរដ្ឋគ្រប់គ្រងចំណាយឱ្យបានល្អក្នុងអំឡុងវិបត្តិកូវីដ-១៩
14, Aug 2020 , 8:29 am        
រូបភាព
ក្នុងនាមផ្ទាល់ខ្លួន លោក ហ៊ុន ម៉ានី បានបង្ហាញក្តីបារម្ភអំពីបញ្ហាហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាជារួម និងបញ្ហាហិរញ្ញវត្ថុរបស់គ្រួសារនីមួយៗដោយឡែក នៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩នេះ។ សម្រាប់លោក ហ៊ុន ម៉ានី ការរឹតត្បិតលើចំណាយ មិនគួរធ្វើឡើងតែក្នុងក្របខណ្ឌរដ្ឋាភិបាលនោះទេ ប៉ុន្តែពលរដ្ឋម្នាក់ៗក៏ត្រូវគិតគូរអំពីបញ្ហានេះដែរ។

 
លោក ហ៊ុន ម៉ានី យល់ឃើញថា ពលរដ្ឋគ្រប់រូប ឬគ្រួសារនីមួយៗ មានតួនាទីចូលរួមជាមួយរដ្ឋាភិបាលដើម្បីឆ្លងកាត់វិបត្តិជំងឺកូវីដ-១៩ តាមរយៈការកាត់បន្ថយការចំណាយដែលពុំចាំបាច់។ លោក ហ៊ុន ម៉ានី បានផ្តល់ការយល់ឃើញបែបនេះ នៅក្នុងបទសម្ភាសខ្លីមួយជាមួយសារព័ត៌មានថ្មីៗ នៅឯរដ្ឋសភា បន្ទាប់ពីលោកផ្តល់សន្និសីទកាសែតរួមគ្នាជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ស្តីអំពីវិស័យទេសចរណ៍ក្នុង និងក្រោយបរិបទកូវីដ-១៩។ លោក ហ៊ុន ម៉ានី ដែលជាប្រធានគណៈកម្មការទី៧ ដែលត្រូវតាមដានការងាររបស់ក្រសួងទេសចរណ៍នោះ បានអញ្ជើញលោករដ្ឋមន្ត្រី ដើម្បីបង្ហាញអំពីការងារ និងស្ថានភាពវិស័យទេសចរណ៍ក្នុងពេលបច្ចុប្បន្ន និងអនាគត។
 
លោក ហ៊ុន ម៉ានី ដែលជាអ្នកតំណាងរាស្ត្រមកពីគណបក្សដែលកំពុងដឹកនាំរដ្ឋាភិបាលដែរនោះ បានកត់សម្គាល់ថា រដ្ឋាភិបាលកំពុងអនុវត្តវិធានការជាច្រើនដើម្បីទ្រទ្រង់វិស័យសេដ្ឋកិច្ច តាមរយៈការឧបត្ថម្ភដល់ពលរដ្ឋក្រីក្រផង និងការកាត់បន្ថយចំណាយរបស់ខ្លួនផង។ ប៉ុន្តែសម្រាប់ការយល់ឃើញផ្ទាល់ខ្លួន លោក ហ៊ុន ម៉ានី ចង់អំពាវនាវដល់ពលរដ្ឋទូទៅឱ្យពិចារណាអំពីការចាយវាយដែលពុំចាំបាច់។
 
លោក ហ៊ុន ម៉ានី បានមានប្រសាសន៍យ៉ាងដូច្នេះ៖« រដ្ឋាភិបាលបានបញ្ជាក់ហើយអំពីវិធានការ [ជួយសង្គ្រោះ] គឺជាវិធានការជួយក្នុងដំណាក់កាលនេះ ប៉ុន្តែមិនមែនការចិញ្ចឹមទេ។ ដូច្នេះសម្រាប់ខ្ញុំ គ្រួសារនីមួយៗ ត្រូវចាប់ផ្តើមគណនាថា ចំណូលរបស់យើងយ៉ាងណា ហើយការចំណាយប្រចាំខែយ៉ាងណា?»។ ដើម្បីពន្យល់ពីគំនិតអំពាវនាវរបស់លោក លោក ហ៊ុន ម៉ានី បានលើកយកឧទាហរណ៍នៃគ្រួសារមួយមកបង្ហាញ។

អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ បន្ថែមយ៉ាងដូច្នេះថា៖«ក្នុងគ្រួសារមួយដែលកន្លងមកមានកូនស្រីធ្វើការនៅរោងចក្រ។ ឥឡូវចំណូលរបស់គាត់មិនដូចមុនទេ តែការទិញគ្រឿងស្រវឹងជួបជុំគ្រួសារ នៅត្រូវបានធ្វើបន្តដដែល។ សំណួរសួរថា បើចំណូលធ្លាក់ចុះ ហើយចំណាយប្រចាំសប្តាហ៍ ឬប្រចាំខែមានច្រើនដដែល តើវាអាចទ្រទ្រង់បានទេ? ទោះយ៉ាងណា វាជាសិទ្ធិគ្រួសាររៀងៗខ្លួន។ ប៉ុន្តែខ្ញុំគិតថា ការឆ្លងកាត់វិបត្តិនេះ មិនមែនមានតែរដ្ឋដែលត្រូវគិតម្នាក់ឯងនោះទេ គឺយើងម្នាក់ៗជាបុគ្គល ត្រូវគិត និងត្រូវឆ្លងកាត់ទាំងអស់គ្នា។»។
 
ចំពោះ លោក ហ៊ុន ម៉ានី រដ្ឋាភិបាលត្រូវការចូលរួមពីប្រជាពលរដ្ឋ មិនត្រឹមតែការឆ្លងកាត់វិបត្តិកូវីដ-១៩ដែលបានប៉ះពាល់លើគ្រប់វិស័យដូចបច្ចុប្បន្ននេះឡើយ ប៉ុន្តែការប្រកួតប្រជែងយូរអង្វែងរបស់កម្ពុជា៕

Tag:
 កូវីដ-១៩
  ហ៊ុន ម៉ានី
  ហិរញ្ញវត្ថុ
© រក្សាសិទ្ធិដោយ thmeythmey.com