COVID-19
អន្តរជាតិ
WHO ថា គ្មាន​ភស្តុតាង​ដែល​កូ​រ៉ូ​ណា​វីរុស​អាច​ឆ្លង​ពី​អាហារ​មក​មនុស្ស​ឡើយ​
14, Aug 2020 , 12:01 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
​អង្គការ​សុខភាព​ពិភពលោក​(WHO) នៅ​ថ្ងៃទី​១៣ ខែសីហា បាន​លើកឡើងថា គ្មាន​ភស្តុតាង​ណាមួយ បាន​បង្ហាញថា កូ​រ៉ូ​ណា​វីរុស​អាច​ឆ្លង​ពី​អាហារ​ទៅ​មនុស្ស​បានទេ​។ ការអះអាង​របស់​អង្គការ​ពិភពលោក​មួយ​នេះ ធ្វើឡើង​បន្ទាប់ពី​ចិន រកឃើញ​កូ​រ៉ូ​ណា​វីរុស​មាន​ជាប់​នៅ​ស្លាបមាន់ និង​នៅក្រៅ​កញ្ចប់​បង្គា​ក្លាសេ​។


​ថ្មីៗ​នេះ អាជ្ញាធរ​ក្រុង​ស៊ិន​ជិន បាន​រកឃើញ​កូ​រ៉ូ​ណា​វីរុស​មាននៅ​ជាប់​ស្លាបមាន់​ក្លាសេ ដែល​នាំចូល​មកពី​ប្រេ​ស៊ី​ល​។ មុន​ករណី​នៅ​ក្រុង​សិន​ជិន​នេះ អាជ្ញាធរ​ក្រុង​អ៊ូ​ហ៊ូ ខេត្ត​អាន​ហ៊ុយ នៅ​ថ្ងៃទី​១២ ខែសីហា ក៏បាន​រកឃើញ​កូ​រ៉ូ​ណាវី​រុស​នៅជាប់​កញ្ចប់​ខាងក្រៅ​នៃ​បង្គា​ក្លាសេ ដែល​នាំចូល​មកពី​ប្រទេស​អេ​ក្វា​ឌ័​រដែរ​។​
 
​ក្រៅពី​ចិន នូ​វែ​ល​សេ​ឡង់​ក៏​កំពុង​ស៊ើបអង្កេត​លើ​ឃ្លាំង​ក្លាសេ​មួយកន្លែង​ផងដែរ ថា អាចមាន​កូ​រ៉ូ​ណាវី​រុស​។ ការសង្ស័យ​នេះ ធ្វើឡើង​បន្ទាប់ពី​នូ​វែ​ល​សេ​ឡង់​មាន​ករណី​ឆ្លង​ជា​ចង្កោម ៤​ករណី​ជា​លើកដំបូង បន្ទាប់ពី​គ្មាន​ករណី​ឆ្លង​ក្នុងស្រុក​រយៈពេល ១០៣​ថ្ងៃ ខណៈ​រដ្ឋមន្ត្រី​សុខាភិបាល បាន​ទំនុកចិត្ត​ថា គ្មាន​ករណី​ឆ្លង​ជា​សហគមន៍​ឡើយ មុន​មាន​ករណី​ឆ្លង​ទាំង​៤​ករណី​ដំបូង​នេះ​។ 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters វីរុស​អាចមាន​ជីវិត​រហូតដល់​ទៅ​២​ឆ្នាំ ក្នុង​សីតុណ្ហភាព -២០​អង្សា​សេ ប៉ុន្តែ​មន្ត្រី​ជំនាញ​ថា គ្មាន​ភស្តុតាង​រឹងមាំ​ណាមួយ បង្ហាញថា កូ​រ៉ូ​ណា​វីរុស​អាច​ឆ្លង​ពី​អាហារ​មក​មនុស្ស​នោះទេ​។ ពាក់ព័ន្ធ​នឹង​ករណីនេះ លោក Mike Ryan ប្រធាន​កម្មវិធី​អាសន្ន​របស់ WHO បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត​មួយ​ថា​៖ « ប្រជាជន មិនគួរ​ខ្លាច​អាហារ កញ្ចប់​អាហារ ឬ​ការដឹកជញ្ជូន​អាហារ​ឡើយ​»​។ បើតាម​ប្រធាន​កម្មវិធី​អាសន្ន​របស់​អង្គការ​សុខភាព​ពិភពលោក​រូបនេះ គ្មាន​ឡើយ​ភស្តុតាង ដែល​បង្ហាញថា អាហារ ឬ​ចង្វាក់​ផលិតកម្ម គឺមាន​ពាក់ព័ន្ធ​នឹង​ករណី​ឆ្លង​នៃ​កូ​រ៉ូ​ណាវី​រុស​។ 
 
​ទន្ទឹមនេះ អ្នកជំនាញ​ជំងឺឆ្លង​របស់​អង្គការ​សុខភាព​ពិភពលោក លោកស្រី Maria Van Kerkhove បាន​អះអាង ចិន​បានធ្វើ​តេស្ត​លើ​កញ្ចប់​អាហារ​ជាច្រើន​ពាន់​កញ្ចប់ ហើយ​ក្នុងនោះ​មាន​តិចជាង ១០​កញ្ចប់​ប៉ុណ្ណោះ ដែលមាន​កូ​រ៉ូ​ណាវី​រុស​។ ចំណែក​នាយកដ្ឋាន​កសិក​ម្ម និង​រដ្ឋបាល​ថ្នាំពេទ្យ និង​អាហារ​របស់​អាមេរិក បាន​អះអាង​នៅក្នុង​សេចក្តីថ្លែងការណ៍​រួមគ្នា​មួយ​ថា គ្មាន​ភស្តុតាង​ណាមួយ ដែល​បង្ហាញថា មនុស្ស​អាច​ឆ្លង​COVID-19 ពី​អាហារ ឬ​កញ្ចប់​អាហារ​នោះទេ​។​
 
​កន្លងមក លោក Li Fengqin ប្រធាន​មន្ទីរពិសោធន៍​អតិសុខុមប្រាណ​នៅ​មជ្ឈមណ្ឌល​ជាតិចិន​នៃ​ការវាយតម្លៃ​គ្រោះថ្នាក់ និង​សុវត្ថិភាព​អាហារ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លទ្ធភាព​នៃ​ការឆ្លង​វីរុស​មកពី​អាហារ​ក្លាសេ គឺ​មិនអាច​ច្រានចោល​បានឡើយ​៕ 

Tag:
 WHO
  ចិន​
  អាមេរិក​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com