COVID-19
អន្តរជាតិ
នូ​វែ​ល​សេ​ឡង់ បិទ​ក្រុង Auckland ១២​ថ្ងៃ​បន្ថែម ខណៈ​ករណី COVID-19 បន្ត​កើនឡើង​
14, Aug 2020 , 10:59 pm        
រូបភាព
លោកស្រី Jacinda Ardern នាយករដ្ឋមន្រ្តីនូវែលសេឡង់។ រូបភាព៖ Getty Image
លោកស្រី Jacinda Ardern នាយករដ្ឋមន្រ្តីនូវែលសេឡង់។ រូបភាព៖ Getty Image
​ប្រមុខ​រដ្ឋាភិបាល​នូ​វែ​ល​សេ​ឡង់ លោកស្រី Jacinda Ardern នៅ​ថ្ងៃទី​១៤ សីហា បានសម្រេច​ពន្យារពេល​បិទ​ទីក្រុង​Auckland ដែល​ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស រយៈពេល ១២​ថ្ងៃ​ទៀត បន្ទាប់ពី​ករណី​ឆ្លង COVID-19 ក្នុងស្រុក នៅតែ​បន្ត​កើនឡើង​។​


​រដ្ឋាភិបាល​នូ​វែ​ល​សេ​ឡង់ បានដាក់​ការ​រឹតត្បិត​កម្រិត​៣ នៅ​ថ្ងៃទី​១១ ខែសីហា លើ​ទីក្រុង Auckland ដោយ​ហាមឃាត់​ប្រជាជន​ទៅ​កន្លែង​ណា​ឡើយ ទាល់​តែមាន​ករណី​ចាំបាច់​។ ចំណែក​នៅ​ទូទាំងប្រទេស ត្រូវ​ស្ថិត​ក្នុងការ​រឹតត្បិត​កម្រិត​២​។ ការ​រឹតត្បិត​នេះ គឺធ្វើឡើង​រយៈពេល ៣​ថ្ងៃ និង​ត្រូវ​ផុតកំណត់​នៅ​ថ្ងៃ​១៤ ខែសីហា​នេះ ។​
 
​បន្ទាប់ពី​ករណី​ឆ្លង COVID-19 ក្នុងប្រទេស​នៅតែ​បន្ត​កើនឡើង នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់ លោកស្រី Jacinda Ardern បានប្រកាស​យ៉ាង​ដូច្នេះ​ថា​៖ «​គណៈរដ្ឋមន្ត្រី បានសម្រេច​រក្សា​ទម្រង់​នៃ​ការ​រឹតត្បិត​ក្នុងពេល​បច្ចុប្បន្ន ក្នុង​រយៈពេល ១២​ថ្ងៃ​បន្ថែមទៀត ដែល​នាំ​ឲ្យ​ទីក្រុង Auckland ស្ថិតក្រោម​ការ​រឹតត្បិត​រយៈពេល ២​សប្តាហ៍​សរុប​»​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
 
​តាម​ការបិទ​ក្រុង Auckland នេះ ប្រជាជន​ចំនួន ១,៥​លាន​នាក់ ត្រូវ​ស្នាក់​នៅផ្ទះ​បណ្តោះអាសន្ន​។ ក្រៅពី​ក្រុង Auckland នូ​វែ​ល​សេ​ឡង់ ក៏​កំពុង​បារម្ភ​ពី​ករណី​ឆ្លង​ជា​សហគមន៍​នៅក្នុង​ក្រុង Tokoroa ក្នុង​តំបន់ Waikato ដែលមាន COVID-19 ចំនួន​ពីរ​ករណី​ផងដែរ​។ ក្រុង Tokoroa ស្ថិតនៅ​ចម្ងាយ​ប្រមាណ ២១០​គីឡូម៉ែត្រ​ពី​ទីក្រុង Auckland ។ 
 
​គិត​ត្រឹម​ថ្ងៃទី​១៤ ខែសីហា ករណី​ឆ្លង COVID-19 ក្នុងស្រុក​បាន​កើន​ឡើងដល់ ៣០​ករណី​ហើយ បន្ទាប់ពី​ស្ងាប់​ស្ងាត់​រយៈពេល ១០២​ថ្ងៃ​។ ករណី​ទាំងនេះ ភាគច្រើន​គឺជា​ករណី​ឆ្លង​ជា​សហគមន៍​។ 
 
​មកទល់ពេលនេះ រដ្ឋាភិបាល​នូ​វែ​ល​សេ​ឡង់ មិនទាន់​រកឃើញ​ប្រភព​ចម្លង COVID-19 ដំបូង​ក្នុងស្រុក​នៅឡើយ​ទេ ខណៈ​អាជ្ញាធរ កំពុង​ស៊ើបអង្កេត​។ អាជ្ញាធរ​នូ​វែ​ល​សេ​ឡង់ បានដាក់​ការសង្ស័យ​លើ​ឃ្លាំង​ក្លាសេ​មួយកន្លែង ថា​អាច​ផ្ទុក COVID-19 បន្ទាប់ពី​អ្នកជំងឺ COVID-19 ដំបូង​ម្នាក់​ជា​អ្នកធ្វើការ​នៅ​កន្លែង​នោះ​។ 
 
​សូមបញ្ជាក់ថា នូ​វែ​ល​សេ​ឡង់​មាន​ករណី COVID-19 សរុប​ចំនួន ១៦០២​ករណី អ្នកស្លាប់​មាន​ចំនួន ២២​នាក់ និង​អ្នកជា​សះស្បើយ​ចំនួន ១៥៣១​នាក់​៕ 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com