កីឡាអន្តរជាតិ
អន្តរជាតិ
Willian យល់ព្រម​ចូលរួម​ជាមួយ Arsenal ដោយ​ចុះកិច្ចសន្យា​៣​ឆ្នាំ​
14, Aug 2020 , 5:27 pm        
រូបភាព
​ខ្សែបម្រើ Willian បាន​ទៅ​ចូលរួម​ជាមួយ Arsenal ដោយ​គ្មាន​តម្លៃ​ផ្ទេរ បន្ទាប់ពី​ចប់​កិច្ចសន្យា​ជាមួយ Chelsea នៅ​ចុងបញ្ចប់​រដូវ​កាល​កន្លងទៅនេះ​។ នេះ​តាម​វេ​ប​សាយ​ផ្លូវការ​របស់ Arsenal ដែល​បានចេញ​ផ្សាយ​មុននេះ​បន្តិច​។​


​កីឡាករ​អន្តរជាតិ​ប្រេ​ស៊ី​ល វ័យ​៣២​ឆ្នាំ​រូបនេះ យល់ព្រម​ចុះកិច្ចសន្យា​រយៈពេល​៣​ឆ្នាំ​ជាមួយ​ក្រុម​រហស្សនាម​កាំភ្លើង​ធំ​។ Willian បាន​ទៅ​ចូលរួម​ជាមួយ Chelsea ពី Anzhi Makhachkala របស់​រុស្ស៊ី ក្នុងតម្លៃ​៣៩​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៣​។​
 
​រយៈពេល​៦​រដូវ​កាល Willian បានបង្ហាញ​ខ្លួន​ឲ្យ​តោ​ខៀវ​សរុប​ចំនួន ៣៣៩​ប្រកួត ដោយ​ជួយ​ក្រុម​នេះ​ឈ្នះ Premier League ពីរដង ពាន Europa League ១​លើក និង​ជាប់​ជា​កីឡាករ​ល្អ​ប្រចាំឆ្នាំ​២​លើក​ជាប់​គ្នា​ផងដែរ​។​
 
​ក្រោយ​ជោគជ័យ​កិច្ចព្រមព្រៀង​នេះ អ្នកចាត់ការ​ទូទៅ Arsenal លោក Mikel Arteta អះអាងថា Willian នឹង​ជួយ​ក្រុម​លោក​ប្រជែង​ពាន​នៅ​រដូវ​កាល​ក្រោយ​។ Arsenal បញ្ចប់​ទៅក្នុង​ចំណាត់ថ្នាក់​ទី​៨​ក្នុង​តារាង​លី​គ​កំ​ពូ​ង​អង់គ្លេស​រដូវ​កាល ២០១៩-២០​។ យ៉ាងណាក៏ដោយ ក្រោយ​ក្រុម​នេះ​យកឈ្នះ Man City ដើម្បី​លើក​ពាន FA Cup ដូច្នេះ​ក្រុម​របស់លោក Arteta អាច​ទទួលបាន​កៅអី​លេង Europa League រដូវ​កាល​ក្រោយ​បាន​៕

© រក្សាសិទ្ធិដោយ thmeythmey.com