កីឡាអន្តរជាតិ
អន្តរជាតិ
Simeone មិនបន្ទោសកូនក្រុម Atletico ហើយសរសើរ Leipzig ថាលេងល្អ
× លោក Diego Simeone មិនបន្ទោសកូនក្រុមខ្លួន Atletico Madrid ដែលធ្លាក់ចេញពីក្របខណ្ឌ UEFA Champions League ឡើយ ហើយថែមទាំងសរសើរ និងសារទរចំពោះ RasenBallsport Leipzig ដែលបានឡើងទៅវគ្គបន្ត។ Leipzig ត្រូវជួប Paris Saint-Germain នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
Leipzig បានឈានដល់វគ្គ ១/២ ផ្តាច់ព្រ័ត្រពានរង្វាន់ Champions Leageu ជាលើកដំបូងក្នុងរយៈពេល១១ឆ្នាំ ក្រោយឈ្នះ Atletico Madrid នៅវគ្គ៨ក្រុម ដោយលទ្ធផល ២-១ ក្នុងជំនួបវគ្គ១/៤ផ្តាច់ព្រ័ត្រក្នុងកីឡដ្ឋាន Estadio Jose Alvalade ប្រទេសព័រទុយហ្គាល់ នៅរាត្រីថ្ងៃទី១៣ សីហា។
លោក Simeone អ្នកចាត់ការទូទៅ AT-Madrid បានទទួលយកបរាជ័យនេះ និងអបអរសាទរចំពោះជ័យជម្នះរបស់ក្រុម Leipzig នៅពេលក្រុមនៃលីគកំពូលអាល្លឺម៉ង់មួយនេះបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយត្រូវជួបជាមួយ Paris Saint-Germain។
អ្នកចាត់ការសញ្ជាតិអាហ្សង់ទីន វ័យ៥០ឆ្នាំរូនេះបានប្រាប់ Movistar ថា៖« យើងបានធ្វើអ្វីៗទាំងអស់ដែលយើងមានរួចហើយ។ វាលំបាកណាស់សម្រាប់យើងក្នុងការឈ្នះការប្រកួតនេះ ពួកគេល្អជាង និងលឿនជាងយើង។ ក្នុងនោះដែរ យើងបានឈប់សម្រាក ៦០ ថ្ងៃដោយសារ COVID-19 ទើបត្រឡប់ទៅកាន់ការប្រកួតវិញ ដែលនេះធ្វើឲ្យក្រុមមានពេលខ្លីសម្រាប់ហ្វឹកហាត់»។
អ្វីដែលពិសេសទៅទៀតនោះ លោក Simeone បានសរសើរក្រុម Leipzig មិនដាច់ពីមាត់ និងថែមទាំងអះអាងថាលោកចូលចិត្តការលេងរបស់ក្រុមនេះខ្លាំងណាស់។ «ពួកគេ [Leipzig] មានការប្តេជ្ញាចិត្តខ្ពស់ក្នុងជំនួបនេះ ហើយយើងក៏បានប្រឹងប្រែងអស់ពីសមត្ថភាពហើយដែរ»។
Leipzig ដែលមានលោក Julian Nagelsmann ជាអ្នកចាត់ការទូទៅ និងត្រូវតទល់ជាមួយក្រុម Paris Saint-Germain នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅរាត្រីថ្ងៃទី១៨ ខែសីហា វេលាម៉ោង ២:០០នាទី អាធ្រាត្រ [ម៉ោងនៅកម្ពុជា]៕
Tag:
Champions Leageu
Leipzig
Diego Simeone
© រក្សាសិទ្ធិដោយ thmeythmey.com