កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Bayern Munich លត់ Barcelona ៨-២ ឡើង​វគ្គ​១/២​ផ្តាច់ព្រ័ត្រ​
15, Aug 2020 , 8:58 am        
រូបភាព
Bayern Munich បានផ្តល់​មេរៀន​អាម៉ាស់​ដល់ Barcelona ជាមួយនឹង​លទ្ធផល​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី ៨-២ ក្នុងការ​ប្រកួត Champions League វគ្គ​៨​ក្រុម​ចុងក្រោយ នៅ​រាត្រី​ថ្ងៃទី​១៤ ខែសីហា​។ ជ័យជម្នះ​ដ៏​មិនគួរ​ឲ្យ​ជឿ​នេះ បាន​នាំ​ក្រុម Bayern ក្លាយជា​ក្រុម​របស់​អាល្លឺម៉ង់​ទី​២​បន្ទាប់ពី RasenBallsport Leipzig ដែល​ឈានទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​

 នា​ការជួបគ្នា​នៅ​កីឡដ្ឋាន Estadio da Luz ក្រុម Bayern Munich បាន​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់​នាំ​មុខមុន​នៅ​៤​នាទី​ដំបូង​ដែល​សម្រេច​ទី​បាន​ដោយ​កីឡាករ Thomas Mueller មុនពេល​ខ្សែការពារ David Alaba ធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង​នៅ​៣​នាទី​បន្ទាប់​។​
 
Ivan Perisic បាន​ជួយ​ឲ្យ​ក្រុម​ដែលមាន​លោក Hans-Dieter Flick ជា​អ្នកចាត់ការ​នាំមុខ Barcelona ជាថ្មី​នៅ​នាទី​២២​។ នៅមុន​បញ្ចប់​វគ្គ​ទី​១ ខ្សែបម្រើ​វ័យក្មេង Serge Gnabry និង Thomas Mueller បន្ថែម​ម្នាក់​មួយគ្រា​ប់​ទៀត​ដើម្បី​ធ្វើ​ឲ្យ Bayern នាំមុខ Barca ៤-១​។​
 
​ឈានដល់​វគ្គ​ទី​២ ខណៈ​ការប្រកួត​ដំណើរការបាន​១២​នាទី ខ្សែប្រយុទ្ធ Luis Suarez បានសម្រេច​ទី​ឲ្យ​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​បាន​ពីរ​គ្រាប់​វិញ​។ យ៉ាងណាក៏ដោយ ក្រុម​យក្ស​អាល្លឺម៉ង់​បានបង្ហាញ​ភាពខ្លាំង​របស់ខ្លួន ដើម្បី​ផ្តល់​ភាពអាម៉ាស់​ទៅ​ឲ្យ​ក្រុម​របស់លោក Quique Setien តាមរយៈ​ការ​ស៊ុត​បញ្ចូល​ទី​ចំនួន​៤​គ្រាប់​ជា​បន្តបន្ទាប់​ទៀត​។​
 
​នៅ​នាទី​៦៣ ខ្សែការពារ Joshua Kimmich បាន​បន្ថែម​គ្រាប់​ទី​៥ ឲ្យ Bayern មុនពេល​ខ្សែប្រយុទ្ធ Robert Lewandowski រកបាន​១​គ្រាប់​ដែរ​នៅ​នាទី​៨២​។ Philippe Coutinho ដែល​ខ្ចី​ពី Barca រកបាន​ដល់​ទៅ​២​គ្រាប់​ម្នាក់ឯង​នៅ​នាទី​៨៥ និង ៨៩ ដើម្បី​ជួយ Bayern Munich ឈ្នះ Barca ៨-២​។​
 
​ជ័យជម្នះ​ជាមួយនឹង​លទ្ធផល​គ្រាប់​បាល់​សន្ធឹកសន្ធាប់​នេះ បាន​នាំ​ឲ្យ Bayern Munich បន្តទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​កំពូល​អឺរ៉ុប​រដូវ​កាល ២០១៩-២០ ដោយ​ត្រូវ​រង់ចាំ​ការប្រកួត​រវាង Manchester City ទល់នឹង Lyon​។ ក្រៅពី Bayern មាន​ក្រុម​ពី​អាល្លឺម៉ង់​១​ទៀត​បានបង្ហាញ​ខ្លួន​នៅ​វគ្គ​នេះដែរ គឺ Leipzig ដែល​ត្រូវ​តតាំង​ជាង​មួយ PSG៕

 

© រក្សាសិទ្ធិដោយ thmeythmey.com