រថយន្ត
អន្តរជាតិ
​បច្ចេកវិទ្យា
តើ​លេខ «2» និង​លេខ «L» នៅក្នុង​រថយន្ត​អូ​តូ​មួយចំនួន​មានន័យ​ដូចម្តេច​?
24, Aug 2020 , 8:19 pm        
រូបភាព
​សព្វថ្ងៃនេះ អ្នកបើកបរ​ជាច្រើន​បានជ្រើសរើស​បើកបរ​រថយន្ត​ដែល​ប្រើប្រាស់​លេខ​ស្វ័យប្រវត្តិ (Automatic Transmission) ជៀស​ជាង​រថយន្ត​ដែល​ប្រើប្រាស់​លេខ​ដៃ (Manuel Transmission) ដោយសារ​មូលហេតុ​មួយចំនួន​ដូចជា​ភាពងាយស្រួល​ក្នុង​ការរៀន​បើកបរ​ដំបូង ឬ​ភាពងាយស្រួល​ក្នុងការ​ប្តូរ​លេខ​នៅក្នុង​កាលៈទេសៈ​ល្បឿន​ខុសៗ​គ្នា​ជាដើម​។ សម្រាប់​រថយន្ត​លេខ​ស្វ័យប្រវត្តិ​បែប​គ្រួសារ​ភាគច្រើន លេខ​ដែល​អ្នកបើកបរ​អាច​ឧស្សាហ៍​ជួបប្រទះ​នោះ​គឺ​ទម្រង់ P R N D 2 និង L ។ ក្នុងការ​បើកបរ​ធម្ម​តា លេខ P R N និង D ត្រូវបាន​គេ​ប្រើប្រាស់​ញឹកញាប់​ជាងគេ​។ តើ​លេខ 2 និង​លេខ L មានន័យថា​ដូចម្តេច​វិញ​?

 
​ម៉ូ​ដែល​រថយន្ត​ដែល​ត្រូវបាន​គេ​ផលិត​ក្នុង​ឆ្នាំ​ផ្សេងៗ​គ្នា​អាចមាន​លក្ខណៈខុស​គ្នាប​ន្តិ​ច​បន្តួច​ជាមួយនឹង​ប្រព័ន្ធ​លេខ​ដែល​បាន​រៀបរាប់​ខាងលើ​។ ខាងក្រោម​នេះ​គឺជា​ការ​ប្រែ​សម្រួល​ចេញពី​គេហទំព័រ monitor.co.ug៖
•​ ​លេខ 2 ៖ ចំពោះ​រថយន្ត​លេខ​ស្វ័យប្រវត្តិ​មួយចំនួន ការជ្រើសរើស​យក​លេខ D អាច​អនុញ្ញាត​ឲ្យ​រថយន្ត​របស់​អ្នក​ផ្លាស់ប្តូរ​លេខ​ដោយ​ស្វ័យប្រវត្តិ ដោយ​ផ្អែក​ទៅតាម​ល្បឿន និង​កម្លាំង​ដែល​រថយន្ត​ត្រូវការ​។ សម្រាប់​រថយន្ត​លេខ​ស្វ័យប្រវត្តិ​ដែលមាន​៤​លេខ ការ​រើសយក​លេខ D អាច​អនុញ្ញាត​ឲ្យ​រថយន្ត​ប្រើប្រាស់​លេខ​ទាំង​បួន​នេះ​បាន​ដោយ​ខ្លួនឯង​។ តែ​នៅ​ក្នុងករណី​ពិសេស​មួយចំនួន ការប្រើប្រាស់​លេខ 2 ឬ L បង្អាក់​មិន​ឲ្យ​រថយន្ត​ប្រើប្រាស់​លេខ​ទាំង​៤​ដោយ​ខ្លួនឯង​។ លេខ 2 តំណាង​ឲ្យ «Second Gear»​។ ដោយ​ជ្រើសរើស​លេខ​នេះ​ក្នុងការ​ធ្វើដំណើរ រថយន្ត​របស់​អ្នក​មិនអាច​ប្រើប្រាស់ លេខ​ទី​៣ ឬ ទី​៤​បាន​នោះទេ​។ ដោយ​អាស្រ័យ​លើ​ប្រភេទ​នៃ​រថយន្ត ការ​ជ្រើស​យក 2 អាច​កំណត់​ឲ្យ​រថយន្ត​របស់​អ្នកប្រើប្រាស់ លេខ​ទី​១ និង​លេខ​ទី​២ ឬ​លេខ​ទី​២​តែមួយគត់​តែម្តង​។ វា​អាចធ្វើ​ឲ្យ​រថយន្ត​អ្នកមាន​ភាពងាយស្រួល​ក្នុង​ការឡើង​ភ្នំ ឬ​ទួល​ចោតៗ តែ​វា​មិន​បង្ក​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ​លើផ្លូវ​រាបស្មើ​ឆ្ងាយ​នោះទេ​។ 
 
•​ ​លេខ L ៖ អក្សរ L មានន័យថា «Low Gear» ឬ​ជា​លេខ​ទីមួយ​របស់​រថយន្ត​។ ការជ្រើសរើស​អក្សរ L ប​ង្អា​ត់រថ​យន្ត​របស់​អ្នក​មិន​ឲ្យ​ប្រើប្រាស់​លេខ​ទី​២ ទី​៣ និង​ទី​៤​។ ការប្រើប្រាស់​លេខ​នេះ​អាចធ្វើ​ឲ្យ​រថយន្ត​របស់​អ្នកមាន​កម្លាំង​គ្រប់គ្រាន់​ក្នុង​ការឡើង​ទីទួល​ខ្ពស់​ខ្លាំង ឬ​ទាញ​វត្ថុ​សណ្តោង​ធ្ងន់ៗ​។ 
 
​ក្រៅពីនេះ​អក្សរ​កាត់​សំខាន់​ដទៃៗ​ទៀត​មានដូចជា​៖ 
P តំណាង​ឲ្យ​ពាក្យ Park (​ចត​)
R តំណាង​ឲ្យ​ពាក្យ Reverse (​ថយក្រោយ​)
N តំណាង​ឲ្យ​ពាក្យ Neutral (​នៅ​កណ្តាល ឬ ស្ងៀម​)
D តំណាង​ឲ្យ​ពាក្យ Drive (​បើក​) ៕

© រក្សាសិទ្ធិដោយ thmeythmey.com