សម្ដេច ហ៊ុន សែន នឹងចូលរួម​ប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង ពាក់ព័ន្ធ​នឹង​ការ​«​ពង្រឹង​ភាពជា​ដៃគូ ដើម្បី​វិបុលភាព​រួម​» នៅ​ថ្ងៃទី​២៤ សីហា​
ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន នឹងចូលរួម​ប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង ពាក់ព័ន្ធ​នឹង​ការ​«​ពង្រឹង​ភាពជា​ដៃគូ ដើម្បី​វិបុលភាព​រួម​» នៅ​ថ្ងៃទី​២៤ សីហា​
15, Aug 2020 , 4:40 pm        
រូបភាព
ភ្នំពេញ​៖ បើ​គ្មានអ្វី​ប្រែប្រួល​ទេ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួម​ប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង លើក​ទី​៣ ពាក់ព័ន្ធ​នឹង​ការ​«​ពង្រឹង​ភាពជា​ដៃគូ ដើម្បី​វិបុលភាព​រួម​» តាមរយៈ​ប្រព័ន្ធ​វីដេអូ នៅ​ថ្ងៃទី​២៤ សីហា​។ លោក ថង​លូន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ដ្រី​ឡាវ ដែលជា​សហប្រធាន​កិច្ចប្រជុំ​ជាមួយ​លោក លី ខឺ​ឈាំ​ង នាយករដ្ឋមន្ត្រី​ចិន​ដឹកនាំ​កិច្ចប្រជុំ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​១៥ សីហា​។​

 
​មូលបទ «​ពង្រឹង​ភាពជា​ដៃគូ ដើម្បី​វិបុលភាព​រួម​»​នេះ គឺ​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ នឹង​ពិនិត្យឡើងវិញ​នូវ​វឌ្ឍនភាព​ដែល​សម្រេចបាន​ស្របតាម​ទិសដៅ​នៃ​សេចក្ដីថ្លែងការណ៍​សាន់​យ៉ា​ឆ្នាំ​២០១៦ ,​សេចក្ដីថ្លែងការណ៍​ទីក្រុង​ភ្នំពេញ​ឆ្នាំ​២០១៨ និង​ផែនការ​សកម្មភាព​សម្រាប់​រយៈពេល​៥​ឆ្នាំ ស្តីពី​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង (២០១៨-២០២២) រួមទាំង​ការកំណត់​ទិសដៅ​អនាគត​សម្រាប់​ការពង្រីក​វិស័យ​នៃ​កិច្ចសហប្រតិបត្តិការ និង​ជំរុញ​បន្ថែម​នូវ​ទំនុកចិត្ត​ទៅវិញទៅមក ក៏ដូចជា​ពង្រឹង​ភាពជា​ដៃគូ​ក្នុងចំណោម​បណ្តា​ប្រទេស​មេគង្គ​-​ឡាន​ឆាង​។ 
 
​បើតាម​ក្រសួងការបរទេស​កម្ពុជា ថ្នាក់ដឹកនាំ​ទាំងអស់ ក៏​នឹង​ផ្តោត​ការយកចិត្តទុកដាក់​លើ​កិច្ចខិតខំ​ប្រឹងប្រែង​រួម​របស់​បណ្តា​ប្រទេស​មេគង្គ​-​ឡាន​ឆាង ក្នុងការ​ដោះស្រាយ​ជំងឺ​រាតត្បាត​ជាស​កល​កូ​វីដ​-១៩ និង​ការលើកកម្ពស់​ការស្តារ​សេដ្ឋកិច្ច​-​សង្គម​ក្រោយ​ជំងឺ​កូ​វីដ​-១៩​។​
 
«​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង​លើក​ទី​៣​នេះ នឹង​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​សន្តិភាព​ប្រកបដោយ​និរន្ត​ភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​យូរអង្វែង​នៅ​តំបន់​មេគង្គ​-​ឡាន​ឆាង ក៏ដូចជា ការលើកកម្ពស់​សន្តិ​សហ​វិជ្ជមាន ក្នុងចំណោម​បណ្តា​ប្រទេស​មេគង្គ​-​ឡាន​ឆាង​»​។ នេះ​បើតាម​ក្រសួងការបរទេស​៕
 
 
 
 

Tag:
 ហ៊ុន សែន
  មេគង្គ​-​ឡាន​ឆាង
© រក្សាសិទ្ធិដោយ thmeythmey.com