ជាតិ
សង្គមជាតិ
សម្ដេច ហ៊ុន សែន ស្នើឱ្យUN ពន្យាពេលផ្លាស់ប្ដូរវេនកងទ័ពមួកខៀវកម្ពុជា ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩
16, Aug 2020 , 9:25 am        
រូបភាព
ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ទៅ​អង្គការសហប្រជាជាតិ​ឱ្យ​ពន្យា​ពេល​ផ្លាស់ប្ដូរ​វេន​កងកម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា ដើម្បី​កាត់បន្ថយ​ការឆ្លង​រីក​រាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ សម្ដេច ថ្លែង​បែបនេះ​នៅក្នុង​ពិធី​សម្ពោធ​សួន​«​ទឹក​ហ្គា​ឌិន​ស៊ិ​ធី​» ស្ថិតនៅ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៦ សីហា​នេះ​។​



​សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា កងទ័ព​មួក​ខៀវ​របស់​កម្ពុជា ជាង​៤០០​នាក់ នឹងត្រូវ​ដល់ពេល​ផ្លាស់ប្ដូរ​វេន​គ្នា​នៅពេល​ខាងមុខនេះ ដូច្នេះ​វា​អាចជា​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​។ សម្ដេច ហ៊ុន សែន ដែល​មើលឃើញ​ពី​ហានិភ័យ​នេះ បានស្នើ​ទៅ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក Antonio Guterres ពិចារណា​ពន្យា​ពេល​ផ្លាស់ប្ដូរ​វេន​កងទ័ព​មួក​ខៀវ​កម្ពុជា ក៏ដូចជា​កងទ័ព​នៃ​ប្រទេស​ដទៃទៀត ដោយ​ឱ្យ​ពួកគេ​បន្តការងារ​នៅ​ប្រទេស​នីមួយៗ មួយរយៈ​ពេលនា​កំឡុងពេល​វិបត្តិ​កូ​វីដ​-១៩​នេះ​។​
 
​នាយករដ្ឋមន្ត្រី​កម្ពុជា បានលើកឡើង​ដូច្នេះ​ថា​៖«​ខ្ញុំ​មិន​ស្នើសុំទុកកងទ័ព​យើង​ម៉ាអាយុនៅ​ទីនោះទេ ហើយបន្តដល់​រាប់​ឆ្នាំនៅទីនោះ​ តែ​យើង​ស្នើ​សុំរក្សាកងទ័ពយើង​រស់នៅ​ទីនោះ​មួយរយៈកាល ដើម្បី​កាត់បន្ថយនូវ​ការឆ្លង(​ជំងឺ​កូ​វីដ​-១៩) នាំចូលពីប្រទេសក្រៅ ហើយមកចម្លងមកប្រទេសរបស់យើង»​។​
 
​សម្ដេច ក៏​សុំឱ្យ​គ្រួសារ​កងទ័ព​មួក​ខៀវ ក៏ដូចជា​កងកម្លាំង​ដែល​ត្រៀម​ចេញទៅ​រក្សា​សន្តិភាព​នៅ​គោលដៅ​នីមួយៗ ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ មានការ​យោគយល់​ផងដែរ​។​
 
​កាលពី​ថ្ងៃទី​២៩ ខែឧសភា កង​រក្សា​សន្តិភាព​មួក​ខៀវ​កម្ពុជា ដែលមាន​តួនាទី​ឧ​ត្ត​ម​សេនីយ៍​ទោ​ម្នាក់​ឈ្មោះ ស សា​វី វ័យ​៦៣​ឆ្នាំ បាន​បាត់​បង់ជីវិត ដោយសារ​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​ម៉ាលី ។​លោក ស សា​វី បាន​ទៅ​បំពេញបេសកកម្ម នៅ​ប្រទេស​ម៉ាលី ២​លើក​រួចមកហើយ គឺ​នៅក្នុង​២០១៦ និង​នៅ​ឆ្នាំ​២០១៩​។ ក្រៅពី​លោក ស សា​វី ក៏មាន​កងទ័ព​មួក​ខៀវ​កម្ពុជា​៦​នាក់​ទៀត ឆ្លង​ជំងឺ​កូ​វីដ​-១៩​ដែរ ប៉ុន្តែ​ពួកគេ​បានជា​សះស្បើយ​វិញ​។​
 
​បច្ចុប្បន្ន​កងកម្លាំងរ​ក្សា​សន្តិភាព​កម្ពុជា ជាង​៨០០​នាក់ កំពុង​បំពេញ​បេសកម្ម​នៅ​ប្រទេស​ចំនួន​៨​គឺ ស៊ូដង់ ស៊ូដង់​ខាងត្បូង លី​បង់ ស៊ី​ប ស៊ី​រី ឆាដ ម៉ាលី និង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​។ សូមបញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​២០០៦ មក កម្ពុជា បាន​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​ជាង​៦​ពាន់​នាក់​ហើយ ទៅ​បំពេញបេសកកម្ម​ក្នុងប្រទេស​ទាំង​៨​នេះ ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​៕

Tag:
 ហ៊ុន សែន
  កងទ័ពមួកខៀវ
© រក្សាសិទ្ធិដោយ thmeythmey.com