អន្តរជាតិ
បច្ចេកវិទ្យា
× តើក្នុងមួយថ្ងៃលោកអ្នកគួរដើរប៉ុន្មានជំហានដើម្បីរក្សាសុខភាព រាងកាយឱ្យនៅបានល្អ? តើការអនុវត្តការដើរតាមរយៈកម្មវិធីទូរសព្ទដៃឬតាមនាឡិកាអេឡិចត្រូនិចទាំងនោះពិតជាសំខាន់ដែរឬទេ? ការសិក្សាអំពីសុខភាពមនុស្សជាច្រើនបាននិយាយថា រាងកាយដែលសកម្មគឺជារាងកាយដែលមាំមួន និងមិនងាយរងគ្រោះជាមួយនឹងជំងឺផ្សេងៗ។ តើការហាត់ប្រាណក្នុងកម្រិតត្រឹមណាទើបល្អសម្រាប់សុខភាព?
ដោយបកស្រាយចេញពីគេហទំព័ររបស់ទូរទស្សន៍ Channel News Asia បានឲ្យដឹងថា ការណែនាំជាផ្លូវការមួយរបស់សហរដ្ឋអាមេរិក ជាមួយនឹងប្រទេសដទៃទៀតបានសំណូមពរឲ្យប្រជាពលរដ្ឋជាពិសេសមនុស្សពេញវ័យធ្វើលំហាត់ប្រាណស្រាលៗឲ្យបានយ៉ាងហោចណាស់១៥០នាទីក្នុងមួយសប្តាហ៍ ដូចជាការដើរនៅតាមសួនច្បារជាដើម។
វេជ្ជបណ្ឌិត I-MinLee នៅឯសកលវិទ្យាល័យ Harvard បានឱ្យដឹងថាក្រោយពីការសិក្សាទៅលើស្ត្រីវ័យចំណាស់ៗ ក្នុងវ័យរង្វង់៧០ឆ្នាំស្ត្រីដែលមានភាពសកម្មតិចជាងគេពោលគឺប្រមាណតែ២៧០០ជំហានក្នុងមួយថ្ងៃអាចងាយរងគ្រោះជាមួយនឹងភាពចុះខ្សោយនៃរាងកាយជៀសជាងស្ត្រីដែលបានធ្វើដំណើរសកម្ម៧៥០០ជំហានក្នុងមួយថ្ងៃដូចគ្នា។
ជារួមស្ត្រីវ័យចំណាស់ គួរបោះជំហានប្រមាណ៤៥០០ជំហានក្នុងរយៈពេល២៤ម៉ោងដើម្បីរក្សាអាយុនិងសុខភាពនៅឲ្យបានយូរជាមុន។ សកម្មភាពនៃការដើរមិនសូវជាពាក់ព័ន្ធជាមួយនឹងកម្លាំងដែលអ្នកប្រឹងដាក់វាចូលនោះទេ។ ការដើរបែបសាមញ្ញធម្មតា ជាមួយនឹងការដើរបែបប្រើកម្លាំងបង្ខំភាពច្រើនបង្ហាញលទ្ធផលស្រដៀងគ្នា។
គួរឲ្យបញ្ចាក់ផងដែរថា ការសិក្សាមួយនេះសង្កត់ធ្ងន់ជាមួយនឹងការធ្វើលំហាត់ប្រាណដោយការដើរ ជាមួយនឹងការពិនិត្យមើលភាពកើនឡើងនៃអាយុ ជាមួយនឹងមនុស្សស្ត្រីវ័យចំណាស់។ វេជ្ជបណ្ឌិត Lee បាននិយាយថា យើងមិនអាចយកទិន្នន័យនេះទៅប្រៀបធៀបជាមួយនឹងបុរស ឬមនុស្សវ័យក្មេងនោះទេ។ វាត្រូវការទិន្នន័យពិសេសៗជាច្រើនទៀតដើម្បីឆ្លើយនឹងសំណួរខាងលើ។ ប៉ុន្តែសម្រាប់ពេលនេះ យើងអាចដឹងខ្លះៗបានថា ជំហានអាចជាសកម្មភាពដ៏ល្អសម្រាប់ម្តាយ ឬជីដូនរបស់លោកអ្នកបាន៕
© រក្សាសិទ្ធិដោយ thmeythmey.com