ជាតិ
សិល្បះ
អ្នកស្រាវជ្រាវ​ថា ការ​កាឡៃ​បទ​មរតក​ដើម ស្មើនឹង​ការប្រមាថ​ម្ចាស់​ស្នាដៃ​
16, Aug 2020 , 5:40 pm        
រូបភាព
រាប់ពីឆ្វេង ទី១ លោក សេង តារា អ្នកស្រាវជ្រាវប្រវត្តកវី និងប្រវត្តិបទចម្រៀងមរតកដើម  ទី២ កវីជំនាន់សង្គមរាស្ត្រនិយម ឯល ប៊ុនណា ម្ចាស់បទ “អូនកូនលោកណា”  រូបទី៣ គ្រូភ្លេង និងជាតន្ត្រីករតាំងពីជំនាន់សង្គមរាស្ត្រនិយម ស្វាយ សរ។
រាប់ពីឆ្វេង ទី១ លោក សេង តារា អ្នកស្រាវជ្រាវប្រវត្តកវី និងប្រវត្តិបទចម្រៀងមរតកដើម ទី២ កវីជំនាន់សង្គមរាស្ត្រនិយម ឯល ប៊ុនណា ម្ចាស់បទ “អូនកូនលោកណា” រូបទី៣ គ្រូភ្លេង និងជាតន្ត្រីករតាំងពីជំនាន់សង្គមរាស្ត្រនិយម ស្វាយ សរ។
​ភ្នំពេញ​៖ ម្ចាស់​ស្នាដៃ​បទ​ចម្រៀង​មរតក​ដើម ដែល​ត្រូវបាន​គេ​យក​ស្នាដៃ​របស់ខ្លួន​ទៅ​កាឡៃ ឱ្យ​ប្រាស់ចាក​ពី​ទម្រង់​ដើម ដោយ​មិនបាន​សុំ​ការអនុញ្ញាត បាន​លើកឡើងថា ការធ្វើ​បែប​នោះ​ប្រៀបបាន​នឹង​ការបំពាន​ញើស​ឈាម និង​គំនិត​បញ្ញា​ដែល​ខ្លួន​ខំប្រឹងប្រែង​បង្កើតឡើង​។ ចំណែក​អ្នកស្រាវជ្រាវ​ទម្រង់​សិល្បៈ​ចម្រៀង​ពី​ដើម ក៏បាន​លើកឡើង​ដែរ​ថា ការ​កាឡៃ​បទ​ចម្រៀង​មរតក​ដើម ដោយ​យកទៅ​បញ្ចូល​ចង្វាក់​រ៉េ​ប ឬ​កាឡៃ​បទ​ភ្លេង និង​ទំនុកច្រៀង​ជាដើម​នោះ គឺ​ស្មើនឹង​ការប្រមាថ​ម្ចាស់​ស្នាដៃ​។​



​លោក  ឯល ប៊ុន​ណា គឺជា​កវី ជា​អ្នកនិពន្ធ​បទ​ភ្លេង និង​ជា​តន្ត្រីករ​ខ្លុយ​ដែក តាំងពី​ជំនាន់​សង្គមរាស្ត្រនិយម​។ បទ​ចម្រៀង​មួយ​បទ ក្នុង​ចំ​ណោ​ចប​ទ​ចម្រៀង​ជាច្រើន​របស់លោក ដែល​ត្រូវបាន​គេ​យកទៅ​កាឡៃ និង​ច្រៀង​ឡើងវិញ ដើម្បី​ទាញយក​ប្រយោជន៍​ផល​លាភ​នានា ដោយ​មិនបាន​សុំ​ការអនុញ្ញាត​នោះ មាន​ចំណងជើង​ថា  "​អូន​កូនលោក​ណា​” ដែល​គេ​តែង​និយម​ហៅ​ចំណងជើង​ខុស​ថា “​ម៉ៅ​អើយ​ស្រី​ម៉ៅ​”​។​
 
​បេះដូង​ជា​អ្នកនិពន្ធ លោក ឯល ប៊ុន​ណា ពិតជា​មានការ​អាក់អន់​ស្រពន់ចិត្ត​ខ្លាំង នៅពេលដែល​ក្មេងជំនាន់ក្រោយ ហាក់​បង្ហាញឱ្យឃើញ​ពី​ភាពអនាធិបតេយ្យ មិន​គោរព​ច្បាប់ទម្លាប់ ពាក់ព័ន្ធ​នឹង​កម្មសិទ្ធិបញ្ញា​។ បើទោះបីជា​យកទៅ​ច្រៀង​ឡើងវិញ ឬ​យកទៅ​កាឡៃ​ក៏ដោយ ក៏​កវី​ជើងចាស់ ឯល ប៊ុន​ណា ត្រូវ​ការឱ្យ​ជន​ទាំងនោះ​មកសុំ​ការអនុញ្ញាត​ពី​លោក ដែលជា​ម្ចាស់​ស្នាដៃ​ដែរ​។ លោក​បន្ថែមថា ការយក​បទ​ចម្រៀង​មរតក​ដើម​ទាំងឡាយ ទៅ​ច្រៀង​ឬ​កាឡៃ​ដើម្បី​ទាញយក​ប្រយោជន៍ ប្រៀបបាន​នឹង​ការបំពាន​ញើស​ឈាម និង​គំនិត​បញ្ញា​ដែល​ខ្លួន​ខំប្រឹងប្រែង​បង្កើតឡើង​។​
 
​មិនមែន​គោរព​តែ​ស្នាដៃ​របស់លោក ប៉ុន្តែ​គ្រប់​ស្នាដៃ​មរតក​ដើម​ទាំងអស់ ទោះ​ម្ចាស់​ស្នាដៃ​នោះ​នៅរស់ ឬក៏​ស្លាប់​ទៅហើយ​ក៏ដោយចុះ ក៏​លោក ឯល ប៊ុន​ណា ចង់ឱ្យ​ក្មេងជំនាន់ក្រោយ ឱ្យ​តម្លៃ​និង​ថែរក្សា​ស្នាដៃ​ទាំង​នោះដែរ​។ មិន​បន្ទោស​ខ្លាំងៗ​ទៅ​អ្នក​លួច​ស្នាដៃ ឪពុក​របស់​តារាចម្រៀង ណាំ ប៊ុណ្ណា​រ័ត្ន រូបនេះ លើកឡើងថា​បុគ្គល​ខ្លះ អាច​មិនបាន​ដឹងថា​ស្នាដៃ​ទាំងនោះ​ជា​របស់​អ្នកណា​។ ប៉ុន្តែ​ម្ចាស់​បទ “​កុលា​ព្រែកលាប​” រូបនេះ មិន​ពេញចិត្ត​ខ្លាំង ចំពោះ​បុគ្គល​ដែល​នៅតែ​ប្រមាថ​ច្បាប់​។ 
 
​លោក ឯល ប៊ុន​ណា ពន្យល់​បន្ថែម​៖«​បទ​របស់ខ្ញុំ​តែម្ដង​ហ្នឹង គេ​យកទៅ​ច្រៀង ហើយ​គេ​ដាក់​រ៉េ​ប​ដាក់​អីហ្នឹង​។ ខ្ញុំ​បាន​ជួប​ម្ចាស់​អ្នក​ដែល​ច្រៀង​ហ្នឹងហើយ គេ​បាន​សុំទោស ហើយ​អ្នកខ្លះ​ដែល​មិន​ស្គាល់​ហ្នឹង ក៏​មិនដឹងថា​ធ្វើ​យ៉ាងម៉េច​ទេ យើង​មិនដឹង​ទៅប្ដឹង​តាមរយៈ​ណា​ទេ​។ វា​ពិបាក​ណាស់​ឥឡូវនេះ គេ​មិន​គោរព​ច្បាប់​។ 
 
​អារម្មណ៍​របស់ខ្ញុំ​មិន​ខុសពី​អារម្មណ៍​របស់​អ្នកនិពន្ធ​ផ្សេងៗ​ទេ អ្វីដែល​យើង​ខំ​ដាំ​ខំ​ដុះ ហើយ​គេ​យកទៅ បាន​ផល​ទៅលើ​គេ អារម្មណ៍​ខ្ញុំ​មិន​សប្បាយចិត្ត​ទេ ខ្ញុំ​តូចចិត្ត​។ ចាស់​បុរាណ​ថា អ្នក​ដាំ​បានតែ​ដាំ អ្នក​បេះ​ចាំតែ​ទទួលផល អាហ្នឹង​វា​មិន​សមស្រប​។ បើជា​លក្ខណៈ​របស់​មនុស្ស​វា​មិន​សមស្រប គឺថា​នេះ​បំពាន​ទៅលើ​កម្មសិទ្ធិ ទៅលើ​ញើស​ឈាម គំនិត​បញ្ញា​របស់គេ ដែល​គេ​ខំ​គិត​មក​។ មុន​បានចេញ​ជា​ចម្រៀង​មួយ មិនមែន​ចេះតែ​សរសេរ​បាន​ឯណា គឺ​ត្រូវមាន​ការគិតគូរ​ឱ្យបាន​វែងឆ្ងាយ​»​។​
 
​សូម​អញ្ជើញ​ស្ដាប់​ការបញ្ជាក់​បន្ថែម​ពី​ម្ចាស់​បទ “​បង​ស្រែកច្រៀង​ម្ដេច​នាង​យំ​”៖





​ចំណែក​លោក ស្វាយ សរ ដែលជា​កវី ជា​អ្នកនិពន្ធ​បទ​ភ្លេង និង​ជា​តន្ត្រីករ​ផង​នោះ ក៏​សម្ដែង​ការមិន​ពេញចិត្ត​ចំពោះ​ការ​កាឡៃ​បទ​ចម្រៀង​មរតក​ដើម​ដែរ​។ ម្ចាស់​បទ “​តើ​បងខុស​អ្វី​បាន​ស្រី​សុំ​លែង​” រូបនេះ ថា​ក្មេងជំនាន់ក្រោយ គួរតែ​និពន្ធ​បទ​ចម្រៀង​ដោយ​ខ្លួនឯង ដោយ​មិនត្រូវ​កាឡៃ​បទ​ចម្រៀង​មរតក​ដើមឡើយ​។ គ្រូបង្រៀន​តន្ត្រីសម័យ ដែលមាន​ជន្មាយុ​៨៥​ឆ្នាំ ស្វាយ សរ ចាត់ទុក​ការ​កាឡៃ​បទ​មរតក​ដើម ស្មើនឹង​ការរំលាយ​វត្ថុធាតុដើម​របស់​អ្នកនិពន្ធ​ជំនាន់​មុខ ដែល​លោក​ខំ​សម្រិតសម្រាំង​។  
 
«​ទំពាំង​ស្នង​ឫស្សី​ហើយ ប៉ុន្តែ​បើ​ស្នង​ខុស ក៏​គេ​អាច​ដក​ចោល​ដែរ​។ បើ​យើង​មិន​ចង់​តែង​ខ្លួនឯង កុំឱ្យ​មក​យក​របស់គេ​ទៅ​។ កុំ​រំលាយ​វត្ថុធាតុដើម កុំ​រំលាយ​អង្គរវត្ត​របស់គេ​។ បើតាម​បេះដូង​របស់ខ្ញុំ ខ្ញុំ​គិតថា​មិនត្រូវ​។ សព្វថ្ងៃ​ខ្ញុំ​បង្រៀន​ភ្លេង កូនសិស្ស​វៃ​ស្គរ​ខុសពី​របៀប​គេ​ពី​ដើម ក៏​ខ្ញុំ​កែ​កូនសិស្ស​ដែរ ហើយ​កូនសិស្ស​របស់ខ្ញុំ​វា​ទិតៀន​ថា ឃើញ​គេ​វៃ​អ៊ីចឹង​គ្រប់គ្នា​។ ខ្ញុំ​ថាបើ​គេ​វៃ​គ្រប់គ្នា ឯង​ទៅ​វៃ​ក្នុង​ក្រុម​របស់​ឯង​ទៅ ឯង​កុំ​មកឱ្យ​ខ្ញុំ​បង្រៀន​។ 
 
​មានន័យថា​យើង​ទៅ​កែ​បទ​គេ​បុរាណ​យ៉ាងម៉េច យើង​ធ្វើ​បទ​ខ្លួន​យើង យើង​តែង​ចង្វាក់​ខ្លួន​យើង ដាក់ឈ្មោះ​របស់​យើង​តែម្ដងទៅ យើង​ទទួលខុសត្រូវ​អ៊ីចឹង​តែម្ដង​។ ខ្ញុំ​ធ្លាប់​នៅ​ប្រទេស​ជប៉ុន គេ​មិន​យក​បទ​ចាស់ៗ​មក​ដាក់បញ្ចូល​រ៉េ​ប​ទេ គឺ​គេ​បង្កើត​បទ​ថ្មីៗ​តែម្ដង​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក ស្វាយ សរ​។​
 
​សូម​អញ្ជើញ​ស្ដាប់​ប្រសាសន៍​របស់លោក​បន្ថែម​៖





​ចំណែក​លោក សេង តារា ជា​អ្នកស្រាវជ្រាវ​ប្រវត្តិ​បទ​ចម្រៀង និង​ប្រវត្តិ​កវី​ជំនាន់​សង្គមរាស្ត្រនិយម ក៏មាន​ការយល់ឃើញ​មិន​ខុសពី​កវី​ជើងចាស់​ទាំងពីរ​ខាងលើ​ដែរ​។ ក្នុងនាម​ជា​អ្នកស្រាវជ្រាវ​មួយរូប លោក សេង តារា ប្រកាន់​ជំហ​ថា​ខ្លួន​មិនមែនជា​អ្នក​អភិរក្ស​ជ្រុល​ឡើយ ប៉ុន្តែ​ការ​កាឡៃ​បទ​ចម្រៀង​ដែល​វា​ជ្រុល​ហួសហេតុ​ពេក ដូចជា​យកទៅ​កែ​ភ្លេង កែ​ទំនុកច្រៀង និង​បញ្ចូល​រ៉េ​ប​បន្ថែម លោក​ថា​វា​ជា​រឿង​មិនអាច​ទទួលយកបាន​។ ទោះជា​យ៉ាងណា លោក សេង តារា ថា​ប្រសិនបើ​គេ​គ្រាន់តែ បន្ថែម​ភ្លេង​បន្តិចបន្តួច​ទៅលើ​ភ្លេង​ចាស់​ដែល​មិនសូវ​ឮ នោះ​មិនជា​បញ្ហា​អ្វី​ឡើយ​។ 
 
​លោក​ពន្យល់​ដូច្នេះ​៖«​បើ​យើង​និយាយ​ពី​ផ្លូវច្បាប់​គឺ​វា​ខុស​បាត់ទៅហើយ ព្រោះ​បាន​រំលោភ​ទៅលើ​កម្មសិទ្ធិបញ្ញា របស់​អ្នកនិពន្ធ​ពី​ដើម​។ ទី​២ ខុស​ក្រមសីលធម៌​ក្នុងនាម​ខ្លួន​ជាម​នុស្ស ដ្បិតតែ​អ្នកខ្លះ​គេ​យកពាក្យ​ថា អភិរក្ស​អមដោយ​ការអភិវឌ្ឍ ប៉ុន្តែ​មិនមែន​របស់​គ្រប់យ៉ាង​សុទ្ធតែ​យកមក​អភិវឌ្ឍន៍​លើ​របស់​ចាស់​បានទេ​។ ឧទាហរណ៍​ដូចជា​ប្រាសាទអង្គរវត្ត​អ៊ីចឹង បើ​គេ​ចង់​សង់​ខុន​ដូ នៅ​កណ្ដាល​បរិវេណ​ប្រាសាទអង្គរវត្ត ហើយ​ប្រើពាក្យ​ថា អភិរក្ស​អមដោយ​ការអភិវឌ្ឍ តើ​វា​សមរម្យ​ដែរ​ឬ​អត់​? វា​ខុស​បាត់ទៅហើយ​។ 
 
​ដូចជា​ចម្រៀង​ពី​ដើម​គាត់​ខំ​ស្ល​ឆ្ងាញ់​រួចទៅហើយ ដល់ពេល​យើង​យកមក​កែ​អ៊ីចឹង វា​ធ្វើឱ្យ​បាត់បង់​តម្លៃ​ស្នាដៃ​របស់​សិល្បករ កវីនិពន្ធ និង​តន្ត្រីករ​ជើងចាស់​។ ពិសេស​អ្នក​ដែល​ឈឺចាប់​ជាងគេ គឺ​គ្រួសារ​របស់​ពួកគាត់ ដូចជា​ប្រពន្ធ​របស់លោក ស៊ីន ស៊ី​សាមុត គាត់​នៅរស់ ស្នាដៃ​របស់​ប្ដី​គាត់ ដែល​គាត់​ខំ​តែង​និពន្ធ ខំ​ច្រៀង​យ៉ាង​ពីរោះ គឺ​គេ​យក​កេរ​មរតក​របស់​ប្ដី​គាត់​។ 
​ហើយ​កូន​គាត់ ឃើញ​គេ​យក​ស្នាដៃ​របស់​ឪពុក​របស់គាត់​ទៅធ្វើ​បែបនេះ ឈឺចាប់​ណាស់ណា​។ បើ​យើង​និយាយ​ពី​បញ្ហា​សីលធម៌ គឺជា​ការប្រមាថ​ដល់​ព្រលឹង​សិល្បករ កវីនិពន្ធ​។ ជួនកាល​គេ​ថា​យើង​អភិរក្ស​ជ្រុល តែ​បើសិនជា​គាត់​ជា​ម្ចាស់​ស្នាដៃ គាត់​ជា​កូន​របស់​គ្រួសារ​នោះ ទើប​គាត់​ដឹង​ពី​អារម្មណ៍​។ ហើយ​គាត់​មិនអាច​ធ្វើ​អ្វី​កើត តើ​គាត់​គិត​យ៉ាងម៉េច​?
 
​សូម​អញ្ជើញ​ស្ដាប់​ការលើកឡើង​របស់លោក សេង តារា​៖





​កន្លងមក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ តាមរយៈ​នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល បាន​ជំរុញ​ឱ្យ​បុគ្គល​គ្រប់រូប ដែលមាន​បំណង​យក​ចម្រៀង​មរតក​ដើម​ទៅ​ច្រៀង​ឡើងវិញ​(Cover) ឬ​យកទៅ​ក្នុង​បំណង​ផ្សេងៗ ត្រូវ​ទៅសុំ​ច្បាប់​អនុញ្ញាត​ពី​ក្រសួងសាមី ក្នុងករណី​បទ​ចម្រៀង​ទាំងនោះ​ពុំមាន​មរតកសាសន៍​។ ប៉ុន្តែ​បើ​ចម្រៀង​នោះ មាន​មរតកសាសន៍ បុគ្គល​ទាំងនោះ​ត្រូវតែ​ទៅសុំ​ការអនុញ្ញាត​ពី​ម្ចាស់​កម្មសិទ្ធិ បើ​ពុំ​ដូច​នោះទេ ពួកគេ​នឹង​ប្រឈម​ផ្លូវច្បាប់​៕
 
 

Tag:
 ចម្រៀង​
 ​ សិល្បៈ​
 ​ មរតក​
 ​ ស្នាដៃ​
 ​ កម្មសិទ្ធិបញ្ញា​
 
© រក្សាសិទ្ធិដោយ thmeythmey.com