សង្គមអន្តរជាតិ​
អន្តរជាតិ
ម្ចាស់​សារមន្ទីរ ចេញ​បកស្រាយ​ថា តុក្កតា​ខ្មោច Annabelle អត់​បាត់​ទៅណា​ទេ​
16, Aug 2020 , 8:30 pm        
រូបភាព
ដោយ: ធីតា
​ពាក្យ​ច​ចាម​អារាម​ពាក់ព័ន្ធ​ដំណឹង​បាត់​ខ្លួន​នៃ​តុក្កតា​វិញ្ញាណ​សណ្ឋិត អាណា​ប៉ែល (Ananabelle) បាន​ផ្ទុះឡើង​កាលពី​ថ្ងៃទី​១៤ ខែសីហា ក្រោយ​អ្នកប្រើប្រាស់​អ៊ី​ន​ធឺ​ណែ​តម្នាក់​បាន​ផ្លាស់ប្តូរ​ទំព័រ Wikipedia របស់​តុក្កតា​ខ្មោច​នេះ ដោយ​អះអាងថា នាង​បានគេច​ខ្លួន​ពី​សារមន្ទីរ​។ យ៉ាងណា ២​ថ្ងៃ​ក្រោយមក ម្ចាស់​សារមន្ទីរ​ដែល​ដាក់​តុក្កតា​នេះ បាន​ចេញមុខ​បកស្រាយ​ថា នេះ​គឺជា​បោកប្រាស់​។

 
​លោក Tony Speara ដែល​ម្ចាស់​សារមន្ទីរ និង​ជា​អ្នក​មើលថែ​តុក្កតា Annabelle បាន​បង្ហោះ​វីដេអូ​បកស្រាយ​មួយ​នៅលើ​បណ្ដេញ YouTube នៅ​ថ្ងៃទី​១៥ ខែសីហា ដោយបាន​បង្ហាញ​តុក្កតា​នោះ​នៅ​ពីក្រោយ​ខ្នង​លោក ដែល​នាង​ត្រូវ​បានដាក់​ក្នុង​ទូកញ្ចក់​មួយ​។​
 
«​ខ្ញុំ​នៅទីនេះ ក្នុង​សារមន្ទីរ ព្រោះតែ​ពាក្យ​ច​ចាម​អារាម​ថា Annabelle បានគេច​ខ្លួន​»​។ លោក Spera ដែលជា​កូនប្រសារ​របស់​ប្ដី​ប្រពន្ធ​ចាប់​ខ្មោច​ដ៏​ល្បីល្បាញ Edward និង Lorraine Warren និយាយ​ដូច្នេះ ដោយ​បន្តទៀតថា​៖«[…] តុក្កតា Annabelle អត់​បានគេច​ខ្លួន​នោះទេ​។ នាង​អត់​បាន​ទៅ​ដើរលេង ឬ​ទៅ​ជួប​មិត្ត​ប្រុស​នាង​ឡើយ​»​។​
 
​ក្នុង​វីដេអូ​រយៈពេល​១៖៤៨​នាទី​នេះ លោក Spera បញ្ជាក់ទៀតថា សារមន្ទីរ​ផ្លូវ​ងងឹត (Occult) របស់​ប្ដី​ប្រពន្ធ Warrens ក្នុង​រដ្ឋ Connecticut សហរដ្ឋអាមេរិក មាន​ប្រព័ន្ធ​សន្តិសុខ​ខ្ពស់​ណាស់​។ លោក​ធានាថា​៖«​ប្រសិនបើ​នាង (Annabelle) បាន​ចាក​ចេញពី​សារមន្ទីរ​មែន​នោះ ខ្ញុំ​ច្បាស់​ជា​ដឹង​ភ្លាមៗ​ថា មានរឿង​អ្វី​កើតឡើង ឬ​មាន​អ្នកណា​លួច​ចូល​។ យើង​មាន​ប្រព័ន្ធ​ប្រកាសអាសន្ន​ល្អ នៅទីនេះ ហើយ​ប៉ូលិស​ក៏​ត្រៀមខ្លួន​ជានិច្ច​សម្រាប់​ឆ្លើយតប​ផងដែរ​»​។​
 
​ជា​ចុងក្រោយ ម្ចាស់​សារមន្ទីរ​ផ្លូវ​ងងឹត​រូបនេះ និយាយថា លោក​ចង់​ឲ្យ​គ្រប់គ្នា​បិទ​បញ្ចប់​ពាក្យ​ច​ចាម​អារាម​នេះ ហើយ​លោក​អរគុណ​សម្រាប់​ក្តីកង្វល់​របស​អ្នកលេង​អ៊ី​ន​ធឺ​ណែ​ត​គ្រប់គ្នា​។ លោក​ថែមទាំង​និយាយ​លេងសើច​ថា​៖«​ប្រសិនបើ​នាង Annabelle ចាក​ចេញពី​សារមន្ទីរ​មែន​នោះ នាង​គ្មាន​អ្នកណា​លេង​ជាមួយ​ទេ​»​។​
 
​រឿងរ៉ាវ​របស់​តុក្កតា​វិញ្ញាណ​សណ្ឋិត Annabelle ត្រូវបាន​គេ​យកទៅ​ធ្វើជា​សាច់រឿង​ក្នុង​ស្រ​ឡាយ​ភាពយន្ត​រន្ធត់ «The Conjuring»​។ ភាពយន្ត​និយាយ​ពី​តុក្កតា​នេះ មាន​បី​រឿង ដូចជា Annabelle (២០១៤), Annabelle Creation (២០១៧) និង Annabelle Comes Home (២០១៩) ។ តុក្កតា​ខ្មោច​នេះ ក៏មាន​វត្តមាន​ក្នុង​ភាពយន្ត​ចំណងជើង​ផ្សេងទៀត​ក្នុង​ស្រ​ឡាយ​រឿង The Conjuring ផងដែរ​៕ 
 
​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com