អន្តរជាតិ
​បច្ចេកវិទ្យា
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន​ប្រឹងប្រែង​ក្តោប​ក្តាប់​លើ​បច្ចេកវិទ្យា Blockchain ប៉ុន្តែ​តើ​ពិភពលោក​នឹង​ទុកចិត្ត​បច្ចេកវិទ្យា​ចិន​ដែរឬទេ​?
17, Aug 2020 , 8:59 am        
រូបភាព
រូប​ឯកសារ៖ អ្នក​ចូលរួម​និយាយ​ទូរស័ព្ទ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល Delta ដែល​ជា​ព្រឹត្តិការណ៍​បង្កើត​ថ្មី​បែប​ឌីជីថល និង​បច្ចេកវិទ្យា blockchain នៅ​ក្នុង​ក្រុង​ Ta
រូប​ឯកសារ៖ អ្នក​ចូលរួម​និយាយ​ទូរស័ព្ទ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល Delta ដែល​ជា​ព្រឹត្តិការណ៍​បង្កើត​ថ្មី​បែប​ឌីជីថល និង​បច្ចេកវិទ្យា blockchain នៅ​ក្នុង​ក្រុង​ Ta'Qali ប្រទេស​ម៉ាល់ត៍ កាលពី​ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩។
ដោយ: VOA
 
​ទោះជា​មានការ​ប្រឆាំង​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចំពោះ​ម​ហិ​ច្ឆិ​តា​របស់​ចិន​ក្នុង​ការដឹកនាំ​ពិភពលោក​ដើម្បី​បង្កើត​បច្ចេកវិទ្យា​ទំនើប​ថ្មីៗ ដូចជា​បណ្តាញ 5G យ៉ាងណាក្តី ក៏​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅក្នុង​ខែសីហា​បានចាប់ផ្តើម​នូវ​កិច្ចប្រឹងប្រែង​ជា​សាកល​មួយ​ក្នុងការ​អភិវឌ្ឍ​បច្ចេកវិទ្យា blockchain ដែលជា​បណ្តាញ​ផ្ទុក​ទិន្នន័យ​មួយ​សម្រាប់​ចែកចាយ​ព័ត៌មាន ហើយ​អ្នកជំនាញ​និយាយថា អាច​នឹង​ធ្វើឱ្យ​ផ្លាស់ប្តូរ​ការធ្វើ​អាជីវកម្ម​នៅ​ជុំវិញ​ពិភពលោក​។​

 
​កាលពី​ថ្ងៃទី​១០ ខែសីហា ប្រទេស​ចិន​បានចាប់ផ្តើម​សម្ពោធ​បណ្តាញ blockchain របស់ខ្លួន​សម្រាប់​អន្តរជាតិ ដែល​ត្រូវបាន​គេ​ហៅថា បណ្តាញ​សេវាកម្ម Blockchain ឬ​ហៅ​កាត់​ថា BSN​។ បណ្តាញ​នេះ​ជា​មធ្យោបាយ​មួយ​សម្រាប់​អ្នកសរសេរ​កម្មវិធី​កុំព្យូទ័រ​ដើម្បី​អាច​ប្រើប្រាស់​បច្ចេកវិទ្យា blockchain តាមរយៈ​មជ្ឈមណ្ឌល​ទិន្នន័យ​នៅក្រៅ​ប្រទេស​របស់ BSN ដើម្បី​អនុញ្ញាតឱ្យ​ពួកគេ​អាចបង្កើត​កម្មវិធី​សម្រាប់​អាជីវកម្ម និង​ទីក្រុង​ដើរ​ដោយ​បច្ចេកវិទ្យា​ទំនើប​ឬ​ហៅថា «​ទីក្រុង​ឆ្លាត​វៃ​» (smart cities)​។ 
 
​ស្ថាប័ន​ឈ្មោះ «​សម្ព័ន្ធភាព BSN» បានប្រកាស​នៅក្នុង​សៀវភៅ​ស​កាលពី​ឆ្នាំមុន​ថា​៖ «​នៅពេលដែល​បណ្តាញ BSN មាន​វត្ត​មាននៅ​ជុំវិញ​ពិភពលោក វា​នឹង​ក្លាយជា​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​សាកល​តែមួយគត់​ដែល​បង្កើតឡើង​ដោយ​ប្រទេស​ចិន ដែល​ការចេញចូល​បណ្តាញ​នេះ​គឺ​ត្រូវបាន​គ្រប់គ្រង​ដោយ​ប្រទេស​ចិន​»​។​
 
​បច្ចេកវិទ្យា Blockchain គឺជា​បណ្តាញ​ទិន្នន័យ​ពង្រាយ​នៅ​ច្រើន​កន្លែង ដែលមាន​ការកត់ត្រា​ប្រកបដោយ​ទំនុកចិត្ត ដែល​ធ្វើឱ្យ​រូបិយប័ណ្ណ​ឌីជីថល​ដូចជា bitcoin និង​ផលិតផល​ប្រភេទ​ថ្មីៗ​ដូចជា​អត្តសញ្ញាណ​ឌីជីថល អាច​នឹង​ដំណើរការបាន​។ បច្ចេកវិទ្យា​នេះ​មាន​សក្តានុពល​ដើម្បី​បង្កើត​បណ្តាញ​ឌីជីថល​កាន់​តែមាន​តម្លាភាព និង​មាន​លក្ខណៈ​វិមជ្ឈការ​។ 
 
​លោក Bill Foster តំណាងរាស្ត្រ​អាមេរិក​ដែលមាន​សញ្ញាបត្រ​ថ្នាក់បណ្ឌិត​ផ្នែក​រូបវិទ្យា និង​ជា​មេដឹកនាំ​នៃ​ក្រុម​អ្នកតំណាងរាស្ត្រ​អាមេរិកាំង​មួយក្រុម​ដែល​សិក្សា​លើ​បច្ចេកវិទ្យា​ទំនើប​មួយ​នេះ​។ លោក​បាន​ហៅ​បច្ចេកវិទ្យា blockchain នេះ​ថា​ជា «​បច្ចេកវិទ្យា​ដែល​ដ៏​មាន​ឥទ្ធិពល ហើយនឹង​ផ្លាស់ប្តូរ​របៀប​យើង​ធ្វើ​អាជីវកម្ម​នៅក្នុង​ស្ទើរតែ​គ្រប់​វិស័យ​»​។​
 
​បច្ចេកវិទ្យា Blockchain អាចបង្កើត​ការកត់ត្រា​ដែល​កាន់​តែមាន​តម្លាភាព​ជាមួយនឹង​លេខ​កូដ​មានការ​អនុញ្ញាត​ដើម្បី​បង្កើត​បណ្តាញ​ទិន្នន័យ​ប្រកបដោយ​ទំនុកចិត្ត​។ ប៉ុន្តែ​ប្រព័ន្ធ blockchain របស់​ចិន​គឺជា​ប្រព័ន្ធ​មាន​លក្ខណៈ​មជ្ឈការ ដែល​គ្រប់គ្រង​ដោយ​សម្ព័ន្ធភាព BSN​។ សម្ព័ន្ធភាព​នេះ​គឺជា​បណ្តុំ​នៃ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋ ដែល​បង្កើត​បច្ចេកវិទ្យា​ឌីជីថល​របស់ខ្លួន និង​រក្សា​ការគ្រប់គ្រង​លើ​បណ្តាញ​ទិន្នន័យ​ទាំងនោះ​។​
 
​ប្រទេស​ចិន​សង្ឃឹមថា បណ្តាញ​គ្រប់គ្រង​មួយ​នេះ ដែល​ខ្លួន​និយាយថា នឹង​ផ្តល់​ការធ្វើ​អន្តរ​កម្ម​រវាង​កុំព្យូទ័រ​កាន់តែ​ប្រសើរ និង​មានតម្លៃ​ទាប​ជាង​បច្ចេកវិទ្យា​ប្រកួតប្រជែង​ផ្សេងទៀត នឹង​ក្លាយជា​ជម្រើស​ជាទី​ពេញចិត្ត​សម្រាប់​អាជីវកម្ម និង​រដ្ឋាភិបាល​នានា​ដែល​កំពុង​សាកល្បង​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​។​
 
​ដោយមាន​ការគាំទ្រ​ពី​រដ្ឋាភិបាល​ចិន បណ្តាញ BSN បាន​ក្លាយទៅជា​ប្រព័ន្ធ​អេកូឡូស៊ី blockchain ធំជាងគេ​បំផុត​នៅក្នុង​ពិភពលោក ដែល​ត្រូវបាន​គេ​រំពឹងថា នឹង​ដើរតួ​ជា​ឆ្អឹងខ្នង​សម្រាប់​ការភ្ជាប់​ទំនាក់ទំនង​ទៅវិញទៅមក​ដ៏​មហិមា​ទាំង​នៅក្នុង​ប្រទេស និង​ជុំវិញ​ពិភពលោក​។ បណ្តាញ​នេះ​មាន​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​នៅក្នុង​ទីក្រុង​ជាង​១០០​រួចទៅហើយ និង​ស្ថិតនៅក្នុង​ទ្វីប​ចំនួន​៦​។ បណ្តាញ​នេះ​សង្ឃឹមថា នឹងដាក់​ពង្រាយ​ទៅកាន់​ទីក្រុង​រហូតដល់​ជាង​២០០​បន្ថែមទៀត​នៅត្រឹម​ឆ្នាំនេះ​។​
 
​អាទិភាព​ថ្នាក់ជាតិ​របស់​ចិន​
 
​ដូច​ការពង្រីក​អំណាច​ប្រទេស​ក្នុង​កម្រិត​អន្តរជាតិ​យ៉ាង​ពុះកញ្ជ្រោល​ទៅលើ​បច្ចេកវិទ្យា​ទំនើប​ថ្មី​សំខាន់ៗ​ផ្សេងទៀត ដូចជា 5G និង​បញ្ញា​និម្មិត AI ដែរ ប្រទេស​ចិន​បានប្រកាសថា​បណ្តាញ blockchain ជា​បច្ចេកវិទ្យា​មាន​អាទិភាព​ថ្នាក់ជាតិ​នៅក្នុង​ឆ្នាំ​២០១៦​។ បច្ចេកវិទ្យា​នេះ​ត្រូវបាន​លើកឡើង​ពីរដង​នៅក្នុង​ផែនការ​សេដ្ឋកិច្ច​រយៈពេល​ប្រាំ​ឆ្នាំ​លើក​ទី​១៣​របស់​ក្រុមប្រឹក្សារដ្ឋ​ចិន ដែល​ត្រូវបាន​ចេញផ្សាយ​នៅក្នុង​ឆ្នាំ​នោះ​។​
 
​លោក Kevin Werbach សាស្ត្រាចារ្យ​នៅ​សាលា Wharton នៃ​សាកលវិទ្យាល័យ Pennsylvania បាន​ប្រាប់ VOA ថា​៖ «​ប្រទេស​ចិន​គឺជា​រដ្ឋាភិបាល​ថ្នាក់ជាតិ​ដ៏​ធំ​មួយ​ដែលមាន​ភាព​សកម្ម​បំផុត​នៅក្នុង​ពិភពលោក​ក្នុងការ​អភិវឌ្ឍ​បច្ចេកវិទ្យា blockchain​។ ប្រទេស​ចិន​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេសមួយ​ចំនួន​តូច​ដែល​ចាត់ទុក​បច្ចេកវិទ្យា blockchain ជា​បច្ចេកវិទ្យា​ទំនើប​ថ្មី​បែប​យុទ្ធសាស្ត្រ រួម​ជាមួយនឹង​បច្ចេកវិទ្យា​ផ្សេងៗ​ទៀត​ដូចជា បញ្ញា​និម្មិត និង​បណ្តាញ​ឥត​ខ្សែ 5G»​។​
 
​នៅពេលនេះ ប្រទេស​ចិន​មាន​គម្រោង​ប្រើប្រាស់​បច្ចេកវិទ្យា blockchain ជាង​៧០០​គម្រោង​ដែល​បាន​ចុះឈ្មោះ​តាំងពី​ឆ្នាំមុន​ជាមួយនឹង​រដ្ឋបាល​អ៊ីនធឺណិត​របស់​ប្រទេស​ចិន​។​
 
​បច្ចេកវិទ្យា blockchain ដែលមាន​ចរិតលក្ខណៈ​ចិន​
 
​បណ្តាញ BSN ត្រូវបាន​បង្កើតឡើង​កាល​នៅ​ដើមឆ្នាំ​២០២០​នេះ នៅពេល​ពិភពលោក​កំពុង​ប្រឈមមុខ​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​នយោបាយ សេដ្ឋកិច្ច និង​សង្គម​ដ៏​ស្មុគស្មាញ​ដែល​បង្កឡើង​ដោយ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​។ ជា​ផ្នែក​នៃ​យុទ្ធសាស្ត្រ​មេ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដើម្បី​ដឹកនាំ​ការផ្លាស់ប្តូរ​ផ្នែក​ឌីជីថល​នៃ​សេដ្ឋកិច្ចពិភពលោក ផែនការ​គឺ​ត្រូវបង្កើត​បណ្តាញ​មួយ​ដែលមាន​ប្រសិទ្ធភាព និង​តម្លៃ​ទាប ដើម្បី​ក្លាយជា​អ្នកផ្គត់ផ្គង់​ស្ទើរ​ផ្តាច់មុខ​នូវ​សេវា​ផ្ទុក​ទិន្នន័យ​កុំព្យូទ័រ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា blockchain​។​
 
​លោក Werbach ដែល​ធ្លាប់​បម្រើការ​ជា​អ្នក​ប្រឹក្សា​យោបល់​ឱ្យ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ CIA លើ​កម្មវិធី​បណ្តុះបណ្តាល​បច្ចេកវិទ្យា​បាន​និយាយថា​៖ «​ក្តីបារម្ភ​គឺថា ការផ្តោត​អារម្មណ៍​រប​ស់​អ្នកបង្កើត​កម្មវិធី​កុំព្យូទ័រ និង​អ្នកប្រើប្រាស់​នឹង​ផ្លាស់ប្តូរ​ទៅកាន់​កម្មវិធី​របស់​ចិន ហើយ​ចិន​នឹង​ជំរុញឱ្យមាន​ស្តង់ដារ​បច្ចេកទេស​ដើម្បី​ឆ្លុះបញ្ចាំង​ពី​ជំហរ​នៃ​គោលនយោបាយ​របស់ខ្លួន​»​។​
 
​លោក Werbach បាន​និយាយថា នេះ​ជា​មូលហេតុ​ដែល​វា​ជា​រឿង​សំខាន់​ចំពោះ​រដ្ឋាភិបាល​ចិន ដែល​ប្រព័ន្ធ​បច្ចេកវិទ្យា blockchain សាកល​នេះ​មាន​ភាពខុសគ្នា​ពី​គំរូ​ចំហ​ដែល​សង្កត់ធ្ងន់​លើ​វិមជ្ឈការ​។​
 
​លោក Werbach ដែល​បាន​សរសេរ​របាយការណ៍​យ៉ាងច្រើន​អំពី​បច្ចេកវិទ្យា​ទំនើប​ថ្មីៗ ដូចជា​blockchain បាន​អះអាងថា ផលប៉ះពាល់​ខាង​ភូមិសាស្ត្រ​នយោបាយ​នៃ​បច្ចេកវិទ្យា​នេះ​គឺ​អាស្រ័យ​លើ​ថា​តើ​អ្នកណា​ជា​អ្នកបង្កើត និង​អនុវត្ត​បច្ចេកវិទ្យា​នោះ​។ លោក Werbach បាន​សរសេរ​នៅក្នុង​អ៊ីមែល​មកកាន់ VOA ថា​៖ «​ប្រទេស​ចិន​ផ្តោតអារម្មណ៍​ជាង​លើ​បច្ចេកវិទ្យា blockchains ដែលមាន​ការអនុញ្ញាត​សម្រាប់​ការប្រើប្រាស់​សម្រាប់​សហគ្រាស និង​នៅលើ​កម្មវិធី​ចិន ដែលមាន​លទ្ធភាព​ក្នុងការ​ត្រួតពិនិត្យ និង​គោរព​តាម​ការទាមទារ​របស់​រដ្ឋាភិបាល​ចិន​»​។​
 
​សៀវភៅ​ស​ថ្មី​មួយ​ដែល​និពន្ធ​រួមគ្នា​ដោយ​ក្រុមហ៊ុន​អាមេរិក Amazon Web Services ក្រុមហ៊ុន IBM ក្រុមហ៊ុន Deloitte និង​អ្នកស្រាវជ្រាវ​ផ្សេងទៀត​បាន​អះអាង​នៅក្នុង​ខែឧសភា​ថា យោធា​អាមេរិក​កំពុង​ចាញ់​ប្រទេស​ចិន និង​រុស្ស៊ី នៅក្នុង​ការប្រកួតប្រជែង​ខាង​បច្ចេកវិទ្យា blockchain​។​
 
​លោក Werbach បាន​និយាយថា ប្រសិនបើ​អ្នកតាក់តែង​គោលនយោបាយ និង​ក្រុមហ៊ុន​អាមេរិកាំង​មិន​ប្រកួតប្រជែង​សម្រាប់​អាជីវកម្ម​បច្ចេកវិទ្យា blockchain នោះទេ «​បច្ចេកវិទ្យា blockchain ដែលមាន​ចរិតលក្ខណៈ​ចិន​នឹង​កាន់តែ​មាន​ភាព​ពេញនិយម​»​។​
 
​ផ្ទុយទៅវិញ អ្នកវិភាគ​មួយចំនួន​នៅតែ​មិន​ជឿថា ប្រទេស​ចិន​នឹង​ដឹកនាំ​ពិភពលោក​លើ​ផ្នែក​បច្ចេកវិទ្យា​នោះទេ​។ លោក Larry Wortzel សមាជិក​នៃ​គណៈកម្មការ​ពិនិត្យមើល​សន្តិសុខ និង​សេដ្ឋកិច្ច​អាមេរិក​-​ចិន​នៃ​សភាជាតិ​សហរដ្ឋអាមេរិក​បា​នស​រ​សេរ​នៅក្នុង​អ៊ីមែល​មកកាន់ VOA ថា ក្រុមហ៊ុន IBM និង​ក្រុមហ៊ុន​អាមេរិកាំង​ផ្សេងទៀត​មាន​បច្ចេកវិទ្យា​នេះ និង​ប្រើប្រាស់​វា​រួចហើយ​។ លោក​បណ្ឌិត Wortzel បាន​និយាយថា​៖ «​ខ្ញុំ​មិន​ជឿថា សហរដ្ឋអាមេរិក​កំពុង​ចាញ់​ក្នុងការ​ប្រកួតប្រជែង​លើ​បច្ចេកវិទ្យា Blockchain នោះទេ​»​។​
 
​នៅក្នុង​បញ្ជី «​ក្រុមហ៊ុន blockchain កំពូល​ចំនួន​៥០» ដែល​ចងក្រង​ដោយ​ទស្សនា​វ​ដ្តី Forbes កាលពី​ឆ្នាំមុន ក្រុមហ៊ុន Amazon របស់​អាមេរិក​ជាប់​ចំណាត់ថ្នាក់​លេខ​១ ហើយ​ក្រុមហ៊ុន Ant Financial ដែលជា​ផ្នែក​នៃ​មហា​ក្រុមហ៊ុន Alibaba របស់​ចិន​ជាប់​លេខ​២​។ ក្នុងចំណោម​ក្រុមហ៊ុន​កំពូល​ទាំង​៥ ក្រុមហ៊ុន​២​ជា​ក្រុមហ៊ុន​អាមេរិកាំង ២​ជា​ក្រុមហ៊ុន​ចិន និង​១​ជា​ក្រុមហ៊ុន​របស់​អង់គ្លេស​។​
 
​លោក Martin Chorzempa អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន Peterson សម្រាប់​សេដ្ឋកិច្ច​អន្តរជាតិ​បាន​ប្រាប់ VOA ថា ប្រាក់​ភាគច្រើន​ដែល​ចិន​កំពុង​ចំណាយ​នៅក្នុង​ពិភពលោក​នឹងត្រូវ​ខ្ជះខ្ជាយ​។ លោក​បាន​និយាយថា​៖ «​ដូច​យើង​បានឃើញ​ពី​ការប្រឆាំង​ជា​សាកល​នាពេល​ថ្មីៗ​ទៅលើ​ក្រុមហ៊ុន Huawei ជាពិសេស​នៅ​អូស្ត្រាលី និង​អឺរ៉ុប​នោះ ខ្ញុំ​មិន​យល់ថា វា​អាចទៅរួច​នោះទេ ដែលថា​ពិភពលោក​នឹង​ពឹង​ផ្អែកលើ​បច្ចេកវិទ្យា​ហេដ្ឋារចនាសម្ព័ន្ធ blockchain របស់​ចិន​នោះ​»៕​

© រក្សាសិទ្ធិដោយ thmeythmey.com