COVID-19
ជាតិ
សង្គមជាតិ
ក្រសួងទេសចរណ៍​បង្កើត​សេចក្តីព្រាង​«​ផែនទី​ចង្អុល​ផ្លូវ​» ដើម្បី​ស្តារ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្រោយ​វិបត្តិ​កូ​វីដ​-១៩
17, Aug 2020 , 9:59 pm        
រូបភាព
លោកថោង​ ខុន​ ក្នុងកិច្ចប្រជុំរវាងក្រសួងទេសចរណ៍​ និងគណ:កម្មការទី៧នៃរដ្ឋសភា​ កាលពីថ្ងៃទី៣​ សីហា​ ឆ្នាំ២០២០
លោកថោង​ ខុន​ ក្នុងកិច្ចប្រជុំរវាងក្រសួងទេសចរណ៍​ និងគណ:កម្មការទី៧នៃរដ្ឋសភា​ កាលពីថ្ងៃទី៣​ សីហា​ ឆ្នាំ២០២០
​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ បានរៀបចំ​សេចក្តីព្រាង​«​ផែនទី​ចង្អុល​ផ្លូវ​/Roadmap» ដើម្បី​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្រោយ​វិបត្តិ​កូ​វីដ​-១៩(Post- COVID-19)​។ នេះ​ជាការ​លើកឡើង​របស់លោក ថោង ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដោយ​បញ្ជាក់ថា សេចក្តីព្រាង​«​ផែនទី​ចង្អុល​ផ្លូវ​»​នេះ នឹង​អនុវត្ត​បន្ត​ក្នុងដំណាក់កាល​New Normal នៅ​ចុងឆ្នាំ​២០២០ ឬ​ដើមឆ្នាំ​២០២១​។

​បើតាម​ប្រសាសន៍​របស់លោក ថោង ខុន ក្នុង​កិច្ចប្រជុំ​រវាង​ក្រសួងទេសចរណ៍ និង​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា កាលពី​ព្រឹក​ថ្ងៃទី​១៣​សីហា សេចក្តីព្រាង​«​ផែនទី​ចង្អុល​ផ្លូវ​»​នេះ គ្រោង​នឹង​រៀបចំ​ដាក់ចេញ​ជា​ផែនការ​សកម្មភាព និង​ការងារ​សកម្មភាព​រប​ស់​តួអង្គ​សំខាន់ៗ​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា ដើម្បី​ក្តាប់​យកមក​វិញ​នូវ​ចំនួន​ភ្ញៀវទេសចរ ៧​លាន​នាក់ ក្នុង​ឆ្នាំ​២០២៥​។​
 
​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​រូបនេះ បាន​រៀបរាប់ថា​សេចក្តីព្រាង​«​ផែនទី​ចង្អុល​ផ្លូវ​»​នេះ គឺ​ផ្តោតលើ​គោលដៅ​យុទ្ធសាស្ត្រ​ចំនួន​៣  និង​បែក​ចែកជា​៣​ដំណាក់កាល​សំខាន់ៗ ដោយ ក្នុងនោះ​មាន យុទ្ធសាស្ត្រ​ទី​១៖ ជំនួយ​ផ្នែក​សេដ្ឋកិច្ច​ចំពោះ​វិស័យ​ឯកជន និង​ការងារ​(​ពិសេស​ជួយ​ដល់​សហគ្រាស​ធន់​តូច​និង​មធ្យម​[SME] និង​ការដាក់ចេញ​នូវ​Stimulus Package)​។ យុទ្ធសាស្ត្រ​ទី​២៖  ជា​យុទ្ធសាស្ត្រ​ទីផ្សារ​អទិភាព​តាម​ដំណាក់កាល ដោយ​ត្រូវ​បង្កើន​ភាពជឿ​ទុកចិត្ត និង​ភាពជឿជាក់​, កំណត់​តម្លៃ​សមរម្យ ដែល​ត្រូវ​នឹង​ធនធាន លទ្ធភាព​ដែល​ភ្ញៀវទេសចរ​មាននៅ​ក្នុង​ដំណាក់​ថ្មី ពិសេស​ការសម្រួល​ដល់​ការធ្វើដំណើរ និង​យុទ្ធសាស្ត្រ​ទី​៣៖ គឺ​ការរៀបចំ​អភិបាលកិច្ច​ទេសចរណ៍​កម្ពុជា​ឡើងវិញ​។​
 
​ដោយឡែក ដំណាក់​ទាំង​៣​នៃ​កា​ររ​អនុវត្ត​ផែនទី​ចង្អុល​ផ្លូវ​នោះ​មាន ដំណាក់​ទី​១៖ ការគ្រប់គ្រង​វិបត្តិ​ក្នុងដំណាក់កាល​New Normal និង​ការរៀបចំ​ផែនការ​សម្រាប់​ស្តារ​វិស័យ​ទេសចរណ៍​ឡើងវិញ​(​ឆ្នាំ​២០២០ ដល់​ឆមាស​ទី​១​ឆ្នាំ​២០២១) ដោយ​ក្រសួងទេសចរណ៍​ផ្តោត​សំខាន់​លើ​ការជំរុញ​ទេសចរណ៍​ក្នុងស្រុក ដោយ​អនុវត្ត​វិធានការ​សុវត្ថិភាព​ឱ្យបាន​ខ្ជាប់ខ្ជួន និង​រៀបចំ អនុវត្ត​របៀង​ទេសចរណ៍​សុវត្ថិភាព​។ នេះ​បើតាម​លោក ថោង ខុន ដោយ​លោក​បាន​បន្តថា ដំណាក់​ទី​២ គឺជា​ការជំរុញ និង​ស្តារឡើងវិញ​នៃ​វិស័យ​ទេសចរណ៍​ក្រោយ​វិបត្តិ​កូ​វីដ​-១៩ (​នៅ​ឆមាស​ទី​២​ឆ្នាំ​២០២១​ដល់​២០២៣)​។​
 
​លោក ថោង ខុន មានប្រសាសន៍​ដូច្នេះ​៖«​ទោះជា​រកឃើញ​រ៉ា​ក់​សាំង​[​ការពារ​កូ​វីដ​-១៩]​ក៏ដោយ យើង​ក៏ត្រូវ​បន្ត​ពិនិត្យ និង​ពិគ្រោះ​យោបល់​ជាមួយ​ក្រសួងសុខាភិបាល​ជានិច្ច​។ ដោយ​រំលឹក​ភ្ញៀវទេសចរ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងអំឡុងពេល​ធ្វើដំណើរ​កម្សាន្ត  និង​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​»​។  បើ​ប្រសាសន៍​របស់​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​រូបនេះ ក្រសួងទេសចរណ៍​នឹង​ពិនិត្យ​លទ្ធភាព​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​នានា ដែល​បាន​គ្រោងទុក​ក្នុង​ផែនការ​កាលពីដើមឆ្នាំ​២០២០ ដូចជា​៖ ព្រឹត្តិការណ៍​កីឡា​ម៉ារ៉ាតុន​, អង្គរ​សង្ក្រាន្ត និង​ព្រឹត្តិការណ៍​Mozart...​ជាដើម​។ 
 
​លោក​បាន​បន្តថា លើសពីនេះ​នៅ​ឆ្នាំ​២០២២ ក្រសួង​នឹង​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ASEAN Summit, ការរៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​(ATF), ការរៀបចំ​សន្និបាត​ក្លឹប​ឆ្នេរ​ដែល​ស្អាត​ជាងគេ​បំផុត​លើ​សកលលោក និង​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​កង់​តំបន់ឆ្នេរ ជាដើម​។ ពិសេស​ជាងនេះទៅទៀត នៅ​ឆ្នាំ​២០២៣ ដែល​ឆ្នាំ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២(The 32th SEA Game)​នោះ ក្រសួងទេសចរណ៍ បាន​ត្រៀម​រៀបចំ​គោលដៅ​ទេសចរណ៍​ផ្ទះ​ទី​២(Second Home) តាមរយៈ​ការបង្កើត​តំបន់​ទេសចរណ៍​ពិសិដ្ឋ ត្រៀម​ទទួល​ប្រភេទ​ភ្ញៀវ​តេស​ចរ​ពិសេស​(Green Travel Bubble)​។ 
 
​រីឯ​ដំណាក់​ទី​៣​វិញ គឺជា​ការរៀបចំ​ឆ្ពោះទៅ​អនាគត​ថ្មី​(​ឆ្នាំ​២០២៤-២០២៥)​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា ដោយ​សំដៅ​ការ​ទាញ​ផលប្រយោជន៍​ពី​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា​ឱ្យបាន​ច្រើន​បំផុត ប្រកបដោយ​និរន្តរភាព និង​ការទទួលខុសត្រូវ ឱ្យបាន​លើស​មុន​មាន​វិបត្តិ​កូ​វីដ​-១៩​។ «​ជារួម វិស័យ​ទេសចរណ៍​កម្ពុជា នឹង​ផ្តោតលើ​ការបង្កើន​ភាពជឿ​ទុកចិត្ត និង​ភាពជឿជាក់ របស់​ភ្ញៀវទេសចរ​ឡើងវិញ ដោយ​ផ្សារភ្ជាប់​នឹង​ការរក្សា​ភាព​ធន់​ដល់​មូលដ្ឋាន​អាជីវកម្ម​ទេស​រណ៍​កម្ពុជា​»​។ នេះ​ជាការ​អះអាង​របស់លោក ថោង ខុន​។ 
 
​របាយការណ៍​ក្រសួងទេសចរណ៍ បាន​បង្ហាញថា ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២០ កម្ពុ​ជាមាន​ភ្ញៀវទេសចរ​អន្តរជាតិ ត្រឹម​១,១៨​លាន​នាក់ ប៉ុណ្ណោះ​។ ចំនួន​នេះ​គឺ​បាន​ធ្លាក់ចុះ​៦៤,៦​ភាគរយ បើ​ធៀប​ម​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៩​។  ការ​ធា្ល​ក់​ចុះ​នៃ​ចំនួន​ភ្ញៀវទេសចរ​នេះ​ដោយសារតែ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ បានធ្វើឱ្យ​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​បិទទ្វារ​អស់​ជាង ៣​ពាន់​ទីតាំង និង​មនុស្ស​ដែល​ធ្វើ​ការងារ​ផ្ទាល់​ក្នុង​វិស័យនេះ បាត់បង់​ការងារ​ចំនួន​៥​ម៉ឺន​នាក់ ដោយ​គិត​ត្រឹមតែ​ដើមខែ​សីហា​នេះ ប៉ុណ្ណោះ​៕ 
 

Tag:
 COVID-19
  លោក ថោង ខុន​
© រក្សាសិទ្ធិដោយ thmeythmey.com