កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់​ស្បែកជើង​មាស​ប្រចាំ​លី​គ​កំពូល​ទាំង​៥​នៅ​អឺរ៉ុប រដូវ​កាល ២០១៩-២០
17, Aug 2020 , 10:59 pm        
រូបភាព
​យុទ្ធនាការ​ប្រកួត​លី​គ​កីឡាបាល់ទាត់​កំពូល​ទាំង​៥​នៅ​អឺរ៉ុប រួមមាន​អង់គ្លេស អេ​ស្ប៉ា​ញ អ៊ីតាលី អាល្លឺម៉ង់ និង​បារាំង​បានបញ្ចប់​ដោយ​ជោគជ័យ​ហើយ បើ​ទោះ​ជួប​បញ្ហា​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ COVID-19 ក៏ដោយ​។ ក្នុងនោះដែរ ជ័យលាភី​អ្នករក​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ (Golden Boot) ប្រចាំ​លី​គ​នីមួយៗ ក៏​រកឃើញ​ហើយ​ដែរ ក្នុងនោះ Ciro Immobile ខ្សែប្រយុទ្ធ Lazio នៃ​ក្របខណ្ឌ​អ៊ីតាលី Serie A សម្រេច​ទី​បាន​ច្រើនជាងគេ​ទាំងអស់​រហូតដល់​ចំនួន ៣៦​គ្រាប់​។​


Ciro Immobile ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ីតាលី បាន​ជួយ​ក្រុម Lazio បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​ទី​៤​ក្នុង​តារាង Serie A ដោយ​ទទួលបាន​កៅអី Champions League រដូវ​កាល​ក្រោយ​។ មិន​ត្រឹមតែ​ជួយ​ក្រុម​បាន​កៅអី​អឺរ៉ុប​នោះទេ ខ្សែប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​រូបនេះ ថែមទាំង​អាច​ឈ្នះ​ពានរង្វាន់​ស្បែកជើង​មាស Golden Boot រដូវ​កាល ២០១៩-២០ ផង តាមរយៈ​ការ​ស៊ុត​បញ្ចូល​ទី​សរុប ៣៦​គ្រាប់ ដោយ​នាំមុខ​គូប្រជែង Cristiano Ronaldo ដែល​រក​គ្រាប់​ឲ្យ Juventus បាន​៣១​គ្រាប់​។​
  
 
Robert Lewandowski ក៏បាន​ក្លាយជា​ម្ចាស់​ពាន Golden Boot ប្រចាំ Bundeliga របស់​អាល្លឺម៉ង់​ផងដែរ ក្រោយ​រកបាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ឲ្យ Bayern Munich ចំនួន​៣៤​គ្រាប់ លើស Timo Werner ខ្សែប្រយុទ្ធ​ក្រុម Leipzig ដែល​រកបាន​២៨​គ្រាប់​។ 
 
​យ៉ាង​ក៏ដោយ​ខ្សែប្រយុទ្ធ និង​ជា​ប្រធាន​ក្រុម​ជម្រើសជាតិ​ប៉ូឡូញ​វ័យ​៣១​ឆ្នាំ​រូបនេះ កំពុង​នាំមុខគេ​ក្នុង​ការរក​គ្រាប់​បាល់​នៅ​ក្របខណ្ឌ Champions League ចំនួន​១៣​គ្រាប់ ក្រោយ​ជួយ​ក្រុម Bayern Munich បន្តទៅ​កាន់​វគ្គ​៨​ក្រុម​ចុងក្រោយ​។​
 
​ចំណែក Lionel Messi បើ​ទោះ​មិនអាច​ជួយ Barcelona ដណ្តើម​យកពាន La Liga របស់​អេ​ស្ប៉ា​ញ​រដូវ​កាល​នេះ​បាន​ក្តី ប៉ុន្តែ​រូបគេ​នៅតែ​ឈាន​មុនគេ​ក្នុង​ការរក​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ដដែល​។ ខ្សែប្រយុទ្ធ​អន្តរជាតិ​អា​ហ្ស​ង់​ទីន វ័យ​៣៣​ឆ្នាំ​រូបនេះ​រក​គ្រាប់​បាន​២៥​គ្រាប់ នាំមុខ Karim Benzema ខ្សែប្រយុទ្ធ Real Madrid ដែល​រកបាន​២១​គ្រាប់​។ Messi នៅមាន​ភារកិច្ច​ជាមួយ​ក្រុម​រហ្សនាម​ក្នុង​ក្របខណ្ឌ​កំពូល​អឺរ៉ុប ដោយ​ត្រូវ​តតាំង​ជាមួយ​ក្រុម Bayern Munich នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​។​
  
 
​សម្រាប់​នៅ​លី​គ​កំពូល Premier League វិញ ខ្សែប្រយុទ្ធ Jamie Vardy បានទទួល​ពាន Golden Boot ជា​លើកដំបូង​ក្នុង​អាជីព ក្រោយ​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ គឺ​ចំនួន​២៣​គ្រាប់​។​
​នេះ​ជាការ​ឈ្នះ​ស្បែកជើង​មាស​ជា​កំណត់ត្រា​សម្រាប់​ខ្សែប្រយុទ្ធ​ដែលមាន​វ័យ​ចំណាស់ និង​ជា​លើកដំបូង​ក្នុង​អាជីព​របស់ Vardy​។ ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស និង​ក្លិប Leicester City វ័យ​៣៣​ឆ្នាំ​រូបនេះ​រកបាន​គ្រាប់​នាំមុខ Pierre-Emerick Aubameyang ខ្សែប្រយុទ្ធ Arsenal ដែល​រកបាន​២២​គ្រាប់ ស្មើគ្នា​ជាមួយ Danny Ings របស់ Southampton​។ Raheem Sterling ខ្សែប្រយុទ្ធ Man City ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៤ ដោយ​រកបាន​២០​គ្រាប់ តាម​ពីក្រោយ​ដោយ Mohamed Salah របស់ Liverpool ដែល​ស៊ុត​បញ្ចូល​ទី​បាន​១៩​គ្រាប់​។​
 
​ដោយឡែក នៅ​ក្របខណ្ឌ​កំពូល​បារាំង LIGUE 1 ឯណោះ​វិញ បើ​ទោះ​លី​គ​ត្រូវ​បញ្ចប់​នៅ​ពាក់​កណ្តាលផ្លូវ​ក្តី ប៉ុន្តែ​ជើងឯក​ត្រូវ​ផ្តល់​ឲ្យ​ក្រុម Paris Saint-Germain ដែលមាន​ពិន្ទុ​នាំមុខគេ​។ មិន​ត្រឹម​ប៉ុណ្ណោះ​ពាន​សម្រាប់​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ក៏ត្រូវ​ប្រកាស​ផងដែរ ដោយ​ខ្សែប្រយុទ្ធ Kylian Mbappé ជា​អ្នកទទួលបាន បើ​ទោះ​ខ្សែប្រយុទ្ធ​វ័យក្មេង​រូបនេះ មាន​គ្រាប់​ស៊ុត​សរុប​១៨​គ្រាប់​ស្មើ​ជាមួយ Wissam Ben Yedder ខ្សែប្រយុទ្ធ​ក្រុម AS Monaco ក៏ដោយ​។​
 
​ក្នុងចំណោម​លី​គ​កំពូល​ទាំង​៥​នៅ​អឺរ៉ុប កីឡាករ Ciro Immobile ខ្សែប្រយុទ្ធ​ក្រុម Lazio នៃ​ក្របខណ្ឌ​កំពូល​អ៊ីតាលី serie A ជា​អ្នកសម្រេច​ទី​បាន​ច្រើនជាងគេ​រហូតដល់​៣៦​គ្រាប់​នៅ​រដូវ​កាល ២០១៩/២០ នេះ ដោយ​នាំមុខ Lewandowski (៣៤​គ្រាប់​), Messi (២៥​គ្រាប់​), Vardy (២៣​គ្រាប់​) និង Mbappé (១៨​គ្រាប់​)៕
 
 

 

Tag:
 Golden Boot
  Ciro Immobile
© រក្សាសិទ្ធិដោយ thmeythmey.com