ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
​លោក ចាន់​វីរៈ ចង់​ធ្វើ​ឲ្យ​ទីតាំង​ចិញ្ចឹម​ចៀម​របស់ខ្លួន​ក្លាយជា​កសិដ្ឋាន​ក​សិ​ទេសចរណ៍​
17, Aug 2020 , 11:30 pm        
រូបភាព
ដោយ:
 កម្ពុជា​មិនទាន់មាន​អ្នក​ចិញ្ចឹមសត្វ​ចៀម​ច្រើន​នៅឡើយ​ទេ ដោយសារ ចៀម ជា​ប្រភេទ​សត្វ​រើស​អាកាសធាតុ និង​ពិបាក​ថែទាំ​។ ដោយឡែក​យុវជន ប៊ុន ចាន់​វីរៈ អាយុ ២៥​ឆ្នាំ យល់ថា​ការចិញ្ចឹម​ចៀម​មិនមាន​ការលំបាក ហើយ​កម្ពុជា​ក៏​អាច​ចិញ្ចឹម​បាន​។ លោក ចាន់​វីរៈ សម្រេចចិត្ត​ចាប់ផ្ដើម​ចិញ្ចឹម​ចៀម ក្នុង​គោលបំណង​ច្នៃ​ជា​កសិដ្ឋាន​ក​សិ​ទេសចរណ៍ មាន​បន្លែ និង​ចិញ្ចឹមសត្វ នៅក្នុង​កសិដ្ឋាន​របស់​លោក​ក្នុង​ខេត្តកំពង់ឆ្នាំង​។

 
«​ចាប់ផ្ដើម​ចិញ្ចឹម​ចៀម​កាលពី​ឆ្នាំ​២០១៧ ត្រឹម​មេ ១០ ក្បាល និង​ឈ្មោល ១ ក្បាល ហើយ​មូលហេតុ​សម្រេចចិត្ត​ចិញ្ចឹម​ចៀម ព្រោះ​មានបំណង​បង្កើត​កន្លែង​ក​សិ​ទេសចរណ៍​»​។ នេះ​ជាការ​អះអាង​របស់លោក ចាន់​វីរៈ ដែលមាន​ស្រុកកំណើត​នៅ​ស្រុក​ទឹកផុស ដោយ​បន្តថា គោលដៅ​របស់ខ្លួន​លោក កំពុង​ជោគជ័យ​ជាមួយ​ការ​ចិញ្ចឹមសត្វ​ចៀម​លក់​សាច់​។ បច្ចុប្បន្ន​មាន​សត្វ​ចៀម​ប្រមាណ ១០០​ក្បាល​ក្នុង​កសិដ្ឋាន​របស់លោក និង​កំពុង​រៀបចំ​ប្រព័ន្ធ​ទឹក​ស្រោចស្រព​ដើម្បី​ដាំ​បន្លែ​ជា​គោលដៅ​ប្រែក្លាយជា​តំបន់​ក​សិ​ទេសចរណ៍​។ 
 
 
​ទោះបី មិនមាន​ជំនាញ​កសិកម្ម​ក៏ពិតមែន តែ​យុវជន​រូបនេះ​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ស្រាវជ្រាវ​ពី​វិធីសាស្ត្រ​ចិញ្ចឹមសត្វ​ច្រៀ​ម​ពី​បណ្ដាញ​សង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ លោក ធ្លាប់​ជួប​បញ្ហា​មួយចំនួន ដោយ​មិនទាន់​ស្គាល់​ច្បាស់​ពី​ការចិញ្ចឹម​ចៀម និង​ធ្វើ​ឲ្យ​សត្វ​ចៀម​របស់លោក​ងាប់​។ 
  
យុវជន ប៊ុន ចាន់វីរៈ ‬

​លោក ចាន់​វីរៈ បញ្ជាក់ថា បច្ចុប្បន្ន​គម្រោង​កសិដ្ឋាន​ទេសចរណ៍​របស់លោក​មិនទាន់​ចេញ​ជា​រូបរាង​នោះទេ ប៉ុន្តែ​កំពុង​ជោគជ័យ​ក្នុងការ​ចិញ្ចឹម​ចៀម​សាច់​។ ដោយសារ​ទីផ្សារ​ចៀម​ទូលាយ ការ​ផ្ដ​ត់​ផ្គង់​សាច់​ចៀម​ពី​កសិដ្ឋាន លោក​នៅ​មិនទាន់​គ្រប់​តាម​តម្រូវការ​នោះ ជាហេតុ​លោក​បដិសេដ​ចំពោះ​ការផ្គត់ផ្គង់​សាច់​ចៀម ១ ក្បាល​ក្នុង​មួយថ្ងៃ​ពី​ភោជនីយដ្ឋាន​នានា​។ សម្រាប់​ទីផ្សារ​សាច់​ចៀម​ក្នុង​កសិដ្ឋាន​របស់លោក​អាច​លក់បាន​តម្លៃ ៧ ដុល្លារ​ក្នុង ១​គីឡូ (​ចៀម​ឈ្មោល​) និង​តម្លៃ ៣០០ ដុល្លារ​ក្នុង ១ ក្បាល​សម្រាប់​មេ​ចៀម​ពូជ​។ 
 
​លោក​បន្តថា មិន​ខុសគ្នា​ប៉ុន្មាន​ពី​ការចិញ្ចឹម​គោ​នោះទេ ប៉ុន្តែ​រយៈពេល​ការចិញ្ចឹម​ចៀម​ឆាប់​ទទួលផល​ជាង​ត្រឹម ៦​ខែ ទៅ ៨​ខែ​នឹង​អាច​លក់បាន​។ សម្រាប់​កសិករ​ដែលមាន​បំណង​ចង់​ចិញ្ចឹម​ចៀម​ទាមទារ​ត្រូវ​ស្គាល់​សត្វ​ចៀម​ឲ្យ​បាន​ច្បាស់ មាន​ទីវាល​ទូលាយ​សម្រាប់​ចិញ្ចឹម ចេះ​ពី​បច្ចេកទេស​ចិញ្ចឹម និង​តម្រូវ​ធនធាន​តាម​ទំហំ​នៃ​ការចិញ្ចឹម​ផងដែរ​៕



 

Tag:
 ​ការចិញ្ចឹម​ចៀម​
 ​ កំពង់ឆ្នាំង​
© រក្សាសិទ្ធិដោយ thmeythmey.com