ជាតិ
ពីនេះ ពីនោះ
ធ្លាប់សរសេរតែ «ត្បិតត្បៀត» តាមពិត «ក្បិតក្បៀត» ទៅវិញទេដែលជាពាក្យត្រូវ
× ចាយវាយបែបសន្សំសំចៃ (ឬសំច័យ) មិនកញ្ជះកញ្ជាយ ជាន័យរបស់ពាក្យ «ក្បិតក្បៀត» ខណៈជាទូទៅ យើងនាំគ្នាសរសេរថា «ត្បិតត្បៀត»។ អ្វីដែលគួរឲ្យកត់សម្គាល់បន្ថែមនោះ វចនានុក្រមសម្តេចព្រះសង្ឃ ជួន ណាត ថែមទាំងហាមប្រើពាក្យ «ត្បិតត្បៀត» ផងដែរ ព្រោះវាពុំមែនជាពាក្យមានន័យគួរប្រើនោះទេ។
កិរិយាសព្ទ «ក្បិត» មានន័យថា បិទ ឬ សង្កត់ដោយដៃឲ្យរាបឲ្យរបប។ ក្បិតសក់, ក្បិតសំពត់ (ហៅ ក្បេត ក៏បាន។ រីឯ «ក្បៀត» មិនមានការពន្យល់ក្នុងវចនានុក្រមឡើយ។ «ក្បិតក្បៀត» ជាកិរិយាវិសេសន៍ ដែលមានន័យថា សំច័យ, សំចែសំច័យ, មិនកញ្ជះកញ្ជាយ។ ត្រូវខំក្បិតក្បៀតប្រាក់កាស កុំចាយវាយកញ្ជះកញ្ជាយពេក ។ កុំប្រើពាក្យថា ត្បិតត្បៀត ព្រោះពុំមែនជាពាក្យមានន័យគួរប្រើទេ ។
ក្នុងវចនានុក្រម «ត្បិតត្បៀត» មិនមានន័យឡើយ ប៉ុន្តែបើសរសេរបំបែកគ្នា «ត្បិត» ដែលជាបរិវារសព្ទ អាចសរសេរបានថា «ដ្បិត»។ ពាក្យបរិវារនេះសម្រាប់និយាយផ្សំនឹងពាក្យ រឹត : រឹតត្បិត គឺប្រិតខ្លាំង, ក្បិតក្បៀតពេក, កុំបណ្ដែតបណ្ដោយពេក ត្រូវរឹតត្បិតបន្តិចទៅ; ត្រូវចាយប្រាក់រឹតត្បិតបន្តិច កុំកញ្ជះកញ្ជាយពេក ។ រីឯពាក្យ «ត្បៀត» ជាកិរិយាសព្ទដែលមានន័យថា «កៀបនឹងក្លៀក ឬកៀបនឹងតម្បៀត, នឹងម្រាមដៃ ។ ប្រជ្រៀតគាបគ្នា៕
© រក្សាសិទ្ធិដោយ thmeythmey.com