ជាតិ
ថ្ងៃទីមួយ៖ ២៣ម៉ឺននាក់ដើរកម្សាន្តតាមខេត្ត ដោយទៅកំពត និងសៀមរាបច្រើនជាងគេ
× ថ្ងៃទី១៧ ខែសីហា ដែលជាថ្ងៃឈប់សម្រាកដំបូងជំនួសឲ្យពិធីចូលឆ្នាំថ្មី មានភ្ញៀវទេសចរនិងពលរដ្ឋខ្មែរ ជាង២៣ម៉ឺននាក់បានទៅលេងកម្សាន្តនៅតាមបណ្តាខេត្ត ក្នុងនោះ ជាង៣ម៉ឺនទៅកាន់ខេត្តកំពត ជាង២៨ ០០០នាក់ទៅសៀមរាប បន្ទាប់មកមានខេត្តព្រះសីហនុ និងកែប ដែលមានជាង១៨ ០០០នាក់រៀងៗខ្លួន។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
បន្ទាប់ពីខេត្តកំពត សៀមរាប ព្រះសីហនុ និងកែប ខេត្តដទៃទៀតដែលទទួលបានភ្ញៀវទេសចរ ទៅកម្សាន្តដ៏គួរឲ្យកត់សម្គាល់នោះ មានដូចជា ខេត្តបាត់ដំបង និងរាជធានីមានភ្ញៀវទេសចរជាង១ ៤០០០នាក់ដូចគ្នា,ខេត្តព្រះវិហារមានជាង១ម៉ឺននាក់ ខេត្តមណ្ឌលគិរីមានជិត៩ពាន់នាក់ និងខេត្តរតនគិរីមានជាង៨ពាន់នាក់។
បើតាមការសង្កេតរបស់ក្រសួងទេសចរណ៍ នៅតាមតំបន់នីមួយៗគឺមានការយកចិត្តទុកដាក់លើការស្កេនកម្តៅ បាញ់អាល់កុល កត់ឈ្មោះភ្ញៀវ និងការជំរុញឲ្យភ្ញៀវទេសចរពាក់ម៉ាស់ ឬក្រមាឲ្យបានជាប់ជាប្រចាំ ហើយរមណីយដ្ឋានខ្លះដែលជារមណីយដ្ឋានសំខាន់ក្នុងខេត្តបានដាក់រថយន្តពេទ្យប្រចាំការ ដើម្បីត្រៀមជួយសង្គ្រោះជាយថាហេតុ។
ពលរដ្ឋដែលកម្សាន្តលេងនៅតាមតំបន់ទេសចរណ៍ទាំងនោះគឺមានការយល់ដឹងពីអំពីការពារតាមគោលការណ៍របស់ក្រសួងសុខាភិបាល។ នេះបើតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍។
ទោះបីជាយ៉ាងណាក៏ដោយ ការរក្សាគម្លាតសុវត្ថិភាពនៅមិនទាន់អនុវត្តបានពេញលេញនៅឡើយទេ ជាពិសេសការអង្គុយទទួលទានអាហារជុំគ្នាច្រើនជាក្រុម ក្រុមគ្រួសារ ហើយរមណីយដ្ឋានខ្លះមានសភាពហួសចំណុះផ្ទុកធម្មតា ដោយសារភ្ញៀវទេសចរមកលេងច្រើនក្នុងពេលតែមួយ។ នេះបើតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍ដែលពង្រឹងការណែនាំឲ្យម្ចាស់រមណីយដ្ឋាននីមួយៗពង្រឹងការអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល៕
© រក្សាសិទ្ធិដោយ thmeythmey.com