អន្តរជាតិ
តើ Rafale របស់​ឥណ្ឌា និង J-20 របស់​ចិន មួយណា​ខ្លាំង​ជាង​?
18, Aug 2020 , 9:59 pm        
រូបភាព
 យន្តហោះចម្បាំង Rafale របស់បារាំង (ខាងលើ) និងយន្តហោះចម្បាំង Chengdu J-20 របស់ចិន។
យន្តហោះចម្បាំង Rafale របស់បារាំង (ខាងលើ) និងយន្តហោះចម្បាំង Chengdu J-20 របស់ចិន។
​ឥណ្ឌា បាន​កម្មង់​ទិញ Rafale របស់​បារាំង​ចំនួន ៣៦​គ្រឿង តាំងពី​ឆ្នាំ​២០១៦​មក​ម្លេះ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៩,៤​ពាន់​លាន​ដុល្លារ​។ យន្តហោះ Rafale ៥​គ្រឿង​ដំបូង បាន​ហោះ​មកដល់​ទឹកដី​ឥណ្ឌា​ហើយ ខណៈ​ការប្រគល់​ទំនិញ នឹង​បញ្ចប់​នៅត្រឹម​ឆ្នាំ​២០២២​។ ខុសពី​ឥណ្ឌា ចិន មាន​យន្តហោះ​ចម្បាំង​ផលិត​ក្នុងស្រុក​ស្រាប់ និង​មាន​ជាច្រើន​ប្រភេទ បន្ថែម​ពី​យន្តហោះ​នាំចូល​។ យន្តហោះ J-20 ត្រូវបាន​គេ​មើលឃើញថា មាន​សមត្ថភាព​ស្រដៀង​នឹង Rafale របស់​បារាំង​។  តើ​យន្តហោះ​ចម្បាំង​ប្រភេទ​ទាំងពីរ​នេះ មាន​លក្ខណៈ​ដូចគ្នា និង​ខុសគ្នា​ត្រង់ចំណុច​ណាខ្លះ​?


​យន្តហោះ Rafale 
Rafale គឺជា​យន្តហោះ​ចម្បាំង ដែល​ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន​បារាំង Dassault Aviation​។ យន្តហោះ​ចម្បាំង​នេះ ត្រូវបាន​គេ​ផលិតឡើង​មាន​ចំនួន ៣​ប្រភេទ ក្នុងនោះ​មានដូចជា Rafale C គឺជា​ប្រភេទ​យន្តហោះ ដែលមាន​កៅអី​អ្នកបើក​ចំនួន ១​នាក់​, Rafale B គឺ​យន្តហោះ ដែលមាន​កៅអី​ចំនួន​២ និង Rafale M គឺជា​យន្តហោះ​សម្រាប់​ប្រើប្រាស់​ជាមួយ​នាវា​ដឹក​យន្តហោះ​។ Rafale ត្រូវបាន​បំពាក់ ដោយ​ម៉ាស៊ីន​ពីរ ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​ដំណើរការ​យន្តហោះ​ខ្លាំង និង​មាន​ល្បឿន​លឿន​។ ពាក់ព័ន្ធ​នឹង​ប្រភេទ រដ្ឋាភិបាល​ឥណ្ឌា មិនបាន​បញ្ជាក់​ទេ ថា​តើ​ខ្លួន​បាន​ទិញ​ប្រភេទ​ណាមួយ​ពី​បារាំង​។ 
 
​តាម​ការបញ្ជាក់​របស់​ក្រុមហ៊ុន Dassault Aviation យន្តហោះ​ជំនាន់​ថ្មី​នេះ អាច​បំពាក់​មី​ស៊ី​លបាញ់​លើ​អាកាស មី​ស៊ី​លបាញ់​ទៅ​ដី និង​មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង​។ យន្តហោះ​ចម្បាំង​ប្រភេទ​នេះ ក៏​អាច​បំពាក់​កាំភ្លើង​ទំហំ ៣០​មី​លី​ម៉ែត្រ​បានដែរ​។ ជាពិសេស យន្តហោះ​មួយ​នេះ ក៏​អាច​បំពាក់​មី​ស៊ី​ល​បាន​ចំនួន ៦​គ្រាប់ ដោយ​អាច​បាញ់​បាន​ក្នុងពេល​ជាមួយគ្នា​។ Rafale អាច​បាញ់​មី​ស៊ី​ល​នៅលើ​អាកាស បាន​ចម្ងាយ​រហូតដល់ ១៥០​គីឡូម៉ែត្រ និង​បាញ់​ទៅ​ដី​បាន​រហូតដល់ ៣០០​គីឡូម៉ែត្រ​។ វា​ក៏​អាច​ប្រើ​ជា​យន្តហោះ​ស៊ើបការណ៍ និង​អាច​វាយប្រហារ​សត្រូវ ពេល​ហោះ​ក្នុង​រយៈកម្ពស់​ទាប​បាន​ផងដែរ​។ 
 

យន្តហោះ​ចម្បាំង Rafale របស់​បារាំង​។ រូបភាព​៖ AFP

​បន្ថែម​ពីលើ​នេះ Rafale អាច​ហោះហើរ​បាន​គ្រប់​កាលៈទេសៈ ពោលគឺ​មិន​ថា​មាន​អាកាសធាតុ​អាក្រក់​យ៉ាងណាក៏ដោយ​។ ម្យ៉ាងវិញទៀត វា​អាច​ហោះហើរ​បាន​យ៉ាង​ល្អ​, មាន​រ៉ា​ដា និង​ប្រព័ន្ធ​គ្រឿង​ម៉ាស៊ីន​ដ៏​ល្អ​មួយ បើ​ធៀប​នឹង​យន្តហោះ​ចម្បាំង​ផ្សេងទៀត​។ កន្លងមក កងទ័ព​បារាំង បាន​ប្រតិបត្តិការ​យន្តហោះ​ប្រភេទ​នេះ អា​ហ្វ​ហ្កា​នី​ស្ថាន លី​ប៊ី ម៉ាលី អ៊ីរ៉ាក់​ជាដើម​។ 
Rafale អាច​ហោះ​បាន​ចម្ងាយ ៣៧០០​គីឡូម៉ែត្រ​, ហោះ​បាន​កម្ពស់​ជាង ១៥​គីឡូម៉ែត្រ និង​អាច​ផ្ទុក​ទម្ងន់ ២៤៥០០​គីឡូក្រាម​។ ចំណែក​ល្បឿន​វិញ Rafale អាច​ហោះ​បាន ២២២២​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​
 
​យន្តហោះ​ចម្បាំង Chengdu J-20
Chengdu J-20 គឺជា​យន្តហោះ​ចម្បាំង​របស់​ចិន ដែល​ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន Chengdu Aerospace Corporation​។ មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង Rafale របស់​បារាំង​ដែរ J-20 របស់​ចិន បំពាក់​ដោយ​ម៉ាស៊ីន​ពីរ ដែលមាន​កម្លាំង​ខ្លាំង អាច​ហោះហើរ​បាន​គ្រប់​អាកាសធាតុ និង​អាច​យកការណ៍​បាន​។ ប៉ុន្តែ​យន្តហោះ​ចម្បាំង​ប្រភេទ​នេះ គឺ​ស្ថិតនៅក្នុង​ជំនា​ន់ទី​៥ ខណៈ​យន្តហោះ​ចម្បាំង​ជំនា​ន់ទី​៦ កំពុងស្ថិត​ក្នុងការ​អភិវឌ្ឍ​។ 
 
​ខុសពី​Rafale របស់​បារាំង J-20 របស់​ចិន​មានតែ​កៅអី​មួយ​ប៉ុណ្ណោះ និង​អាច​ហោះ​បាន ២១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ យន្តហោះ​ចម្បាំង J-20 អាច​បាញ់​មី​ស៊ី​ល​លើ​អាកាស បាន​ចម្ងាយ​រហូតដល់ ៣០០​គីឡូម៉ែត្រ និង ៤០០​គីឡូម៉ែត្រ​ពី​អាកាស​ទៅ​ដី​។ J-20 អាច​ផ្ទុក​ទម្ងន់​បាន ៣៧០០០​គីឡូក្រាម​, ហោះ​បាន​រយៈកម្ពស់​ជិត ២០​គីឡូម៉ែត្រ និង​ហោះ​បាន​ចម្ងាយ ៣៤០០​គីឡូម៉ែត្រ​។​


 យន្តហោះ​ចម្បាំង Chengdu J-20 របស់​ចិន​។ រូបភាព​៖ Reuters
 
J-20 បាន​ហោះ​លើកដំបូង​នៅក្នុង​ឆ្នាំ​២០១១ ហើយ​នៅក្នុង​ឆ្នាំ​២០១៧ រដ្ឋាភិបាល​ចិន បានដាក់​យន្តហោះ​ចម្បាំង​ប្រភេទ​នេះ ចូលទៅក្នុង​កងកម្លាំង​ទ័ពអាកាស​របស់​ចិន​។ នៅក្នុង​ឆ្នាំ ២០១៩ J-20 ត្រូវបាន​គេ​ផលិត​ចំនួន ៥០​គ្រឿង ដោយ​ក្នុង ១​គ្រឿងៗ មានតម្លៃ​ចាប់ពី ១០០​លាន​ដុល្លារ ដល់ ១១០​លាន​ដុល្លារ​។ យន្ត​ចម្បាំង​មួយ​នេះ អាច​បំពាក់​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ និង​មធ្យម​ចំនួន ៤​គ្រាប់ និង​ចម្ងាយ​ខ្លី​បាន​ពីរ​គ្រាប់​៕ 
 

Tag:
 ឥណ្ឌា​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com