កីឡាអន្តរជាតិ
អន្តរជាតិ
Leipzig និង PSG ប្រជែង​គ្នា​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ Champions League យប់​នេះ​
18, Aug 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
RasenBallsport Leipzig ដ៏​ក្មេងខ្ចី​របស់​អាល្លឺម៉ង់ ត្រូវ​តទល់​ជាមួយ​ជើងឯក​ពី​បារាំង Paris Saint-Germain ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ UEFA Champions League នៅ​កីឡដ្ឋាន Estadio da Luz ក្រុង​លី​ស្បោ​ន ប្រទេស​ព័រ​ទុយ​ហ្គា​ល់ នា​វេលា​ម៉ោង​២​យប់​នេះ [​ម៉ោង​នៅ​កម្ពុជា​]​។​

 
RB Leipig ដែល​ទើប​បង្កើតបាន​១១​ឆ្នាំ ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​កំពូល​អឺរ៉ុប ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ខណៈ PSG មានមុខ​សារជាថ្មី បើ​គិត​ចាប់តាំងពី​ចាប់តាំងពី​ឆ្នាំ​១៩៩៥​មក​។​
 
​ក្នុង​ដំណើរ​មកកាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ RB Leipzig ជាប់​លេខ​១​ពូ​ល G ហើយ​បន្ត​យកឈ្នះ Tottenham Hotspur ៤-០ [១-០ និង ៣-០] នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ និង​ទម្លាក់ Atletico Madrid ២-១ នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​។​
 
​រីឯ Paris Saint-Germain បាន​លេខ​១​ពូ​ល A ហើយ​បន្ត​ទម្លាក់ Borussia Dortmund ៣-២ [១-២ និង ២-០] នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ ហើយ​យកឈ្នះ Atalanta ២-១ នៅ​វគ្គ​១/៤ ផ្តាច់ព្រ័ត្រ​។​
 
​ក្រុម​ដែល​ឈ្នះ ត្រូវ​រង់ចាំ​អ៊ុត​មើល​ជំនួប​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​មួយទៀត​រវាង Lyon និង Bayern Munich នា​រាត្រី​ថ្ងៃ​ពុធ ឈានចូល​ថ្ងៃ​ព្រហស្បតិ៍​។ វគ្គ​ផ្តាច់ព្រ័ត្រ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៣ ខែសីហា​៕

© រក្សាសិទ្ធិដោយ thmeythmey.com