ជាតិ
ព្រឹទ្ធាចារ្យ​មរតក​មនុ​ស្សរស់ ទា វ៉ាន​៖ ក្មេង​ខូច​ដោយសារ​ខ្វះ​ការអប់រំ​ប្រដៅ​ពី​ចាស់ទុំ​
18, Aug 2020 , 7:29 pm        
រូបភាព
ព្រឹទ្ធាចារ្យ​មរតកមនុស្សរស់ ទា វ៉ាន ពន្យល់​ពី​សុភាសិត​ខ្មែរ​ នៅ​ក្នុង​​ផ្ទះរបស់​លោក ស្ថិត​ក្នុង​ខណ្ឌ​ចំការ​មន​ រាជធានី​ភ្នំពេញ ក្នុង​ឆ្នាំ​២០២០​
ព្រឹទ្ធាចារ្យ​មរតកមនុស្សរស់ ទា វ៉ាន ពន្យល់​ពី​សុភាសិត​ខ្មែរ​ នៅ​ក្នុង​​ផ្ទះរបស់​លោក ស្ថិត​ក្នុង​ខណ្ឌ​ចំការ​មន​ រាជធានី​ភ្នំពេញ ក្នុង​ឆ្នាំ​២០២០​
​ភ្នំពេញ​៖ “​អង្ក​រស​សុទ្ធ ចម្អិន​ឱ្យ​ឆៅ ពិសី​ហើយ​ខ្លៅ ប្រាជ្ញ​ឥត​មាយា​ទ​”​។ “​ចាស់ទុំ​មិន​ប្រដៅ ជេរ​កូនចៅ​ទើប​វា​ខូច​” គឺជា​សុភាសិត​ដាស់តឿន​ចាស់ទុំ​ទាំងឡាយ ឱ្យ​យកចិត្តទុកដាក់​លើ​ការអប់រំ​ប្រដៅ​កូនចៅ​។ សេចក្ដី​ខុស​ឆ្គាំឆ្គង​ទាំងឡាយណា ដែល​កូនប្រុស​ស្រី​ឬ​ក្មេងៗ បាន​ប្រព្រឹត្ត​ទៅហើយ កំហុស​ទាំងនោះ​ត្រូវបាន​ធ្លាក់​ទៅលើ​មេបា ឬ​ចាស់ទុំ ជា​អាណាព្យាបាល ដែល​មិនបាន​អប់រំ​ណែនាំ​។ នេះ​ជាការ​លើកឡើង​របស់​ព្រឹទ្ធាចារ្យ​មរតក​មនុ​ស្សរស់ ទា វ៉ាន​។​

 
​ព្រឹទ្ធាចារ្យ​បញ្ញា​កោសល្យ​វិជ្ជា ទា វ៉ាន តែង​ចូលចិត្ត​ស្និទ្ធស្នាល សិក្សា​ស្រាវជ្រាវ និង​បកស្រាយ សុភាសិត ដែល​បង្កប់ន័យ​ខ្លឹមសារ​សម្រាប់​អប់រំ​មនុស្ស​។ ជា​មរតក​មនុ​ស្សរស់ ដែល​ទទួលបាន​គោរមងារ ពី​ព្រះមហាក្សត្រ​ខ្មែរ ព្រឹទ្ធាចារ្យ ទា វ៉ាន បាន​លើកយក​សុភាសិត​ខ្មែរ​មក​បកស្រាយ ដើម្បី​ដាស់តឿន​ដល់​ចាស់ទុំ​ទាំងឡាយ​។ 
 
​ក្នុង​កំណាព្យ​ច្បាប់ប្រុស​របស់​បណ្ឌិត ម៉ឺន ម៉ៃ មាន​ឃ្លា​មួយ​លើកឡើងថា “​ចាស់ទុំ​មិន​ប្រដៅ ជេរ​កូនចៅ​ទើប​វា​ខូច​” លោក​ព្រឹទ្ធាចារ្យ បាន​បកស្រាយ​ដូច្នេះ​ថា ក្មេង​ខូចខិល មិន​លុះ​ក្នុង​ដំបូន្មាន មកពី​ចាស់ទុំ​មិនបាន​ប្រៀនប្រដៅ ឬ​ណែនាំ​។ 


  ព្រឹទ្ធាចារ្យមរតកមនុស្សរស់ ទា វ៉ាន ផ្ដល់​បទ​សម្ភាស​ដល់​សារព័ត៌មាន​ថ្មីៗ ក្នុង​ឆ្នាំ​២០២០ ស្ដី​ពី​សុភាសិត​ខ្មែរ

​ចំណែក​សុភាសិត “​អង្ក​រស​សុទ្ធ ចម្អិន​ឱ្យ​ឆៅ ពិសី​ហើយ​ខ្លៅ ប្រាជ្ញ​ឥត​មាយា​ទ​” ព្រឹទ្ធាចារ្យ ទា វ៉ាន  បាន​ពន្យល់ថា អង្ក​រស​សុទ្ធ ប្រៀបបាន​នឹង​មនុស្ស​កើតមក មាន​សមត្ថភាព មាន​លក្ខណៈសម្បត្តិ​ល្អ​គ្រប់យ៉ាង​។ ប៉ុន្តែ​ចាស់ទុំ បែរជា​យកទៅ​អប់រំ​ខាង​ផ្លូវខុស ឱ្យធ្វើ​រឿង​មិនល្អ ដោយ​ស្មើនឹង​យកទៅ​ចម្អិន​ឱ្យ​ឆៅ​នោះឯង​។ 
 
​រីឯ “​ពិសី​ហើយ​ខ្លៅ ប្រាជ្ញ​ឥត​មាយា​ទ​” លោក​ពន្យល់ថា “​ពិសី​” បាន​ដល់​ភាព​ស្អាត ល្អ ប្រសើរ ប៉ុន្តែ​បុគ្គល​នោះ បែរជា​ប្រើ​ភាសា​មិនមាន​របៀបរៀបរយ មិន​ស្គាល់​ខ្ពស់​ទាប មិនចេះ​គោរព​ចាស់ទុំ​ជាដើម​។​
 
​សូម​ស្ដាប់​លោក​ព្រឹទ្ធាចារ្យ ទា វ៉ាន ពន្យល់​បន្ថែម​៖
 


 
​អតីត​គ្រូបង្រៀន​ភាសា​ខ្មែរ និង​ភាសា​សំ​ស្ត្រឹ​ត នៅ​ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះ​សុរា​ម្រឹត ដែលមាន​ជន្មាយុ​៨២​ឆ្នាំ រូបនេះ បានលើកឡើង​បន្ថែមថា ចាស់​បុរាណ​តែងតែ​យក​ធម្មជាតិ​នៅ​ជុំវិញខ្លួន មក​អប់រំ​មនុស្ស​យើង​។ ទោះជា​យ៉ាងណា ព្រឹទ្ធាចារ្យ​បញ្ញា​កោសល្យ​វិជ្ជា ទា វ៉ាន ដែល​ខិតខំ​បង្ហាត់បង្រៀន​សិស្ស​ឱ្យមាន​ចំណេះដឹង និង​ពុទ្ធិ បាន​ទូន្មាន​ជន​ប្រុស​ស្រី ឱ្យ​យក​គំរូ​តាម​ផ្កាឈូក ដែល​មិន​បោះបង់​ក្លឹ​ន​របស់ខ្លួន បើទោះបីជា​ដុះ​ក្នុង​ដី​ប្រភេទ​ណាក៏ដោយ​ចុះ​។​
 
​សូម​ស្ដាប់​ប្រសាសន៍​របស់ ព្រឹទ្ធាចារ្យ ទា វ៉ាន ពន្យល់​៖




 
​កូន​ដើរ​ត្រូវ​គន្លង គ្រប់​ញាតិ​អ្នកផង ស្រឡាញ់​រក្សា ព្រោះតែ​មេបា​។ ជាតិ​នោះ​ផង​ណា ថ្កុំ​ផ្កើ​ង​ថ្លៃថ្លា​
 អាស្រ័យ​រដ្ឋា ប្រជា​មាន​ប្រាជ្ញ​៕ 
 
 
 
 
 
 

Tag:
 មរតក​មនុ​ស្សរស់​
  ប្រដៅ​
  ក្មេង​
  ចាស់​
  អប់រំ​
 
© រក្សាសិទ្ធិដោយ thmeythmey.com