កំណាព្យ
ជាតិ
ផឹក​កាហ្វេ ក្លែមកំណាព្យ​ ពិតជា​មានន័យ​!!!
18, Aug 2020 , 3:09 pm        
រូបភាព
លោក គង់ ហួរ ថតសែលហ្វីជាមួយលោក ម៉ុក សាខន និងលោក ម៉ៅ ហុង ក្នុងហាងកាហ្វេមួយកន្លែង
លោក គង់ ហួរ ថតសែលហ្វីជាមួយលោក ម៉ុក សាខន និងលោក ម៉ៅ ហុង ក្នុងហាងកាហ្វេមួយកន្លែង
ដោយ: រួបរួម
ធ្លាប់តែ​ឃើញ​ការឆ្លើយ​ឆ្លង​គ្នា​តាម​ពាក្យកាព្យ ឬ​កម្រងកែវ​ក្នុង​ខ្សែភាពយន្ត​បុរាណ​ខ្មែរ​មួយចំនួន ប៉ុន្តែ​រឿង​ដែល​ប្លែក​ភ្នែក និង​គួរ​ឲ្យ​កោតស្ញប់ស្ញែង​នោះ មិត្ត​ចាស់​៤​នាក់​បាន​សរសេរ​ឃ្លា​កាព្យ​ណែងណង​ណាត់គ្នា​ជួបជុំ​នៅ​ម្តុំ​វត្តភ្នំ​។ កវី​ទាំងនោះ រួមមាន លោក គង់ ហួរ លោក នូ ស៊ី​សា​រឹទ្ធ លោក ម៉ៅ ហុង និង​លោក ម៉ុក សា​ខន​។ សារព័ត៌មាន​ថ្មីៗ មិនដឹងថា ក្រោយ​ការ​ណាត់គ្នា​កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៨​កន្លងមក ពួកគាត់​បាន​ជួបគ្នា​ប៉ុន្មាន​ដង​ហើយ​នោះទេ ហើយ​បើ​ការ​បង្ហោះ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក Pich Hong នា​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២០ នេះ ពួកគាត់​យ៉ាងហោចណាស់​ក៏បាន​ជួបគ្នា​នៅ​ហាង​កាហ្វេ​មួយ​កន្លង​ផងដែរ ប៉ុន្តែ​អវត្តមាន​លោក នូ ស៊ី​សា​រឹទ្ធ​។​




​ពីឆ្វេង​ទៅ​ស្តាំ លោក នូ ស៊ី​សា​រឹទ្ធ លោក ម៉ុក សា​ខន លោក ម៉ៅ ហុង និង​លោក គង់ ហួរ​។ រូបថត ហ្វេ​ស​ប៊ុ​ក Pich Hong​

ដោយ​ទទួលបាន​ការអនុញ្ញាត​ពី​លោក ម៉ុក សា​ខន ដែលជា​អ្នកនិពន្ធ​បទ​ចម្រៀង និង​កវី​ដ៏​ល្បីឈ្មោះ​មួយរូប សារព័ត៌មាន​ថ្មីៗ សូម​ដកស្រង់​ការឆ្លង​ឆ្លើយ​កាព្យ​គ្នា​របស់លោក គង់ ហួរ លោក នូ ស៊ី​សា​រឹទ្ធ លោក ម៉ៅ ហុង និង​លោក ម៉ុក សា​ខន ផ្ទាល់ កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៨​។

​កំណាព្យ​នេះ ត្រូវបាន​បង្ហោះ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក ម៉ៅ ហុង ក្រោម​ចំណងជើង​ថា​៖ «​បួន​នាក់​សមសួន បួន​ទិស​ប្រោះព្រំ​‼️»

- ពាក្យពេចន៍​មាន​ឫទ្ធិ​សក្តិ​សិទ្ធិ​ឆាប់​ឆុត​
​ប្រសើរ​បំផុត​វិសុទ្ធ​ហួស​ស្មាន​
​បី​អង្គ​ត្រងត្រាប់​ចំណាប់​ចំណាន​
​សន្តោស​ប្រោសប្រាណ​យល់​ឋាន​សិរី​។​

-​តែ​ចតុស្តម្ភ ទើប​ហំហែង​គិត​
​នូ​ស៊ី​សារិទ្ធ ចិត្ត​តែង​មេត្រី​
​ស្មោះស្ម័គ្រ​ស្មើ​កាយប្រាណ​ឆ្ងាយ​ម្តេចក្តី​
​សព្វ​ទិន​រាត្រី​ភក្តី​នៅមាន​។​
( គង់ ហួរ )

- មេត្រី​ស្តី​ជុំ ទំនង​ច្រើន​ជាក់​
​សមសួន​បួន​នាក់ ពឹងពាក់​ជាយា​ន​
​ព្រហ្ម​វិហារធម៌ ឈរ​ប្រាប់​ជា​ស្ពាន​
​ចតុមុខ​មាន តំណាង​សិរី​។​

-​ត្រេកអរ​ហួស​ស្មាន ដែល​បាន​ស្នាល​ស្និទ្ធ​
​បួន​អង្គា​ចិត្ត ដ្បិត​ស្មើ​មេត្រី​
​ជ្រោង​ជ្រំ​ជុំ​ចារ ខ្លឹមសារ​សេចក្តី​
​កាព្យ​ឃ្លោង​វែង​ខ្លី ខ្មីឃ្មាត​ចែកចាយ​។​
( នូ ស៊ី​សា​រឹទ្ធ )

-​រំភើប​ស្ទើរ​ហោះ ខ្វារ​អស់​ថ្លើម​សួត​
​ហែក​មេឃ​ជ្រែ​កអួត ពួតដៃ​ស្មោះ​កាយ​
​ទាំង​បួន​អង្គា គ្រប់​គ្រា​ជិត​ឆ្ងាយ​
​គង់​មាន​ពេលបាយ សប្បាយ​ជួបជុំ ។​

-​ចំណែក​បង​នូ តស៊ូ​បែក​ឃ្លាត​.
​ឆ្ងាយ​ពី​អង្គធាតុ ញាតិ​បី​អង្គ​ផ្គុំ​
​កាល​:​ទេសៈ ស្ម័គ្រ​មក​ជំនុំ​
​ទិស​បួន​ប្រោះព្រំ វត្តភ្នំ​យើង​ម្តង ។​
( ម៉ៅ ហុង )

-​រួមចិត្ត​រឹត​ខ្លួន ទាំង​បួន​អង្គា​.
​ប្រៀប​ព្រហ្មវិហារ ធម៌​ល្អ​កន្លង​
​ករុណា​អាណិត មិត្តភក្តិ​ប្អូន​បង​
​មេត្តា​ទៀតផង ប៉ង​រាប់​មេត្រី​។​

-​មុទិតាចិត្ត ពិតជា​រីករាយ​
​អបអរ​សប្បាយ គេ​មាន​សុ​ខី​
​ពុំមាន​ច្រណែន​នឹង​សព្វ​អ្វីៗ​
​បន់​ឲ្យ​មាន​ក្ដី​សុខ​គ្រប់ប្រការ​។​

-​ចិត្ត​នៅ​នឹងនរ ឈរ​ជា​កណ្ដាល​
​ឥតមាន​ហេលហាល ថ្នាល​ឧបេក្ខា​
​ព្រហ្ម​បួន​ជួន​ដូច ជា​បួន​កាយា​
​វេញ​ចង​ចិន្ដា គ្មាន​ការ​ឃ្លៀងឃ្លាត ។​
( ម៉ុក សា​ខន )


​ខណៈដែល​សារព័ត៌មាន​ថ្មីៗ រៀបចំ​ផ្សាយ​កំណាព្យ​ដែល​កវី​ទាំង​៤​នាក់​សារ​សង​គ្នា​កាលពី​២​ឆ្នាំមុន ស្រា​ប់លោក ម៉ៅ ហុង បាន​បង្ហោះ​កំណាព្យ​មួយ​ដែលមាន​ចំណងជើង​ថា «​កាហ្វេ​ថ្នមចិត្ត​» អមដោយ​រូបថត​សែ​ល​ហ្វី ដែល​ថត​ដោយ​លោក គង់ ហួរ ជាមួយនឹង​ស្នាមញញឹម​របស់លោក ម៉ុក សា​ខន និង​លោក ម៉ៅ ហុង ផ្ទាល់​។​

​ប្រៀបដូចជា​កា​រត​ភាគ ហេតុដូច្នេះ សារព័ត៌មាន​សូម​ផ្សាយ​បន្ត​កំណាព្យ​នេះ ដូចខាងក្រោម​៖

-​អរុណ​សាសង​បង​ទាំង​ទ្វេ​
​និស្ស័យ​បុព្វេ​វេរ​ចំណង​
​កាហ្វេ​រលឹក​នឹក​ឥត​ហ្មង​
​ជួបគ្នា​ឆ្លើយឆ្លង​ចងកា​ព្យា ។​
ម៉ៅ ហុង​

-​ផ្លាស់ប្តូរ​យោបល់​សល់​ជជែក​
ពន្យល់​វែកញែក​រែក​ឃ្លោងឃ្លា​
​រាវរក​ពាក្យថ្មី​ន័យ​អ​ធ្យា​
​រីករាយ​ជុំគ្នា​ជា​ភិយ្យោ ។​
​គង់ ហួរ​

-​ពិគ្រោះ​រួសរាយ​ងាយ​រាក់ទាក់​
​សាសង​បីនាក់​ជាក់​ហែ​ហូរ​
​មាន​ម្នុស្ស​ចាស់​មួយ​ជួយ​ប្រាជ្ញ​ប្រូ​
​វិភាគ​ដោះដូរ​ប្ដូរ​យោបល់​។​
​ម៉ុក សា​ខន​

-​ប្រសើ​ពេក​ក្រៃ​ថ្ងៃ​ជួបជុំ​
​ស្តាប់ភ្លេង​ប្រគំ​ងំ​អស់ឆ្ងល់​
​បង​ទាំងពីរ​នាក់​ជាក់​បានផ្តល់​
​ឃ្លាំង​ស្តុក​តម្កល់​ដល់​ចម្លើយ ។​
​ម៉ៅ ហុង​

-​ចំណែក​កាហ្វេ​ផ្ទេរ​រសជាតិ​
​ក្រេប​ហើយ​ចង់​ទៀត​ឆ្លៀត​ពុំ​ស្បើយ​
​បិណ្ឌ​ភ្ជុំ​ជិត​ដល់​ផល​ឃើញ​ហើយ​
​ណាត់គ្នា​កុំ​ឡើយ​តើយ​តោះ​នៃ​!..​។​
​គង់ ហួរ​

-​កាហ្វេ​ថ្នម​មិត្ត​ពិត​ឧ​ត្ត​ម​
​ចងចិត្ត​រឹងមាំ​សម​ប្រពៃ​
​រួមចិត្ត​រួម​កាយ​រួម​ហទ័យ​
​ឥតមាន​ឃ្លាតឃ្លៃ​ន័យ​ពិស្ម័យ​។​
ម៉ុក សា​ខន​


© រក្សាសិទ្ធិដោយ thmeythmey.com