COVID-19
អន្តរជាតិ
នូវែលសេឡង់ ច្រានចោលករណីឆ្លងកូរ៉ូណាវីរុសមកពីទំនិញនាំចូល ឬអាហារក្លាសេ មន្រ្តីសុខាភិបាលនូវែលសេឡង់_យកសំណាកប្រជាជន_ដើម្បីតេស្តរកCOVID_19។
× នូវែលសេឡង់ នៅថ្ងៃទី១៨ ខែសីហា បានច្រានចោលលទ្ធភាពឆ្លងកូរ៉ូណាវីរុសពីទំនិញនាំចូល ឬអាហារក្លាសេទៅមនុស្ស។ ការច្រានចោលនេះ ធ្វើឡើងបន្ទាប់ពីនូវែលសេឡង់ សង្ស័យលើ ១ករណី ក្នុងចំណោម៤ករណីនៃCOVID-19 ដំបូង ដែលជាអ្នកជំងឺធ្វើការនៅឃ្លាំងក្លាសេមួយក្នុងទីក្រុង Auckland។
ផ្អែកទៅការស៊ើបអង្កើតជាច្រើនលើកជុំវិញករណីឆ្លងCOVID-19 នៅក្នុងទីក្រុងAuckland កូរ៉ូណាវីរុស មិនអាចឆ្លងពីអាហារក្លាសេ ឬទំនិញមកពីបរទេស ដែលផ្ទុកនៅឃ្លាំងក្លាសេរបស់ក្រុមហ៊ុន Americold នោះទេ។ មន្ត្រីសុខាភិបាលនូវែលសេឡង់ បានអះអាងបែបនេះ ដោយបន្ថែមយ៉ាងដូច្នេះថា៖ « វាគឺហាក់ដូចជាច្បាស់ណាស់ ក្នុងពេលនេះ ថាលទ្ធភាពនៃការឆ្លង គឺត្រូវបានគេច្រានចោល ពីការស៊ើបអង្កេត»។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
មកទល់ពេលនេះ នូវែលសេឡង់ មិនទាន់បានរកឃើញប្រភពដើម ដែលបណ្តាលឲ្យមានករណីឆ្លងCOVID-19 នៅក្នុងទីក្រុងAuckland នៅឡើយទេ ខណៈការស៊ើបអង្កេតនៅតែបន្ត។ ករណីឆ្លងនេះ ធ្វើឡើងបន្ទាប់ពីនូវែលសេឡង់ គ្មានករណីឆ្លងនៅក្នុងស្រុករយៈពេល ១០២ថ្ងៃ។
មនុស្សយ៉ាងហោចណាស់ ៦៩នាក់ ត្រូវបានរកឃើញថាមានទាក់ទិននឹងករណីឆ្លងនៅក្នុងទីក្រុងAuckland។ នៅថ្ងៃទី១៨ ខែសីហា ប្រទេសជិតខាងអូស្ត្រាលីមួយនេះ បានរាយការណ៍ថា មានករណីឆ្លងCOVID-19 ចំនួន ១២ករណី។ តួលេខសរុបរបស់នូវែលសេឡង់ បានកើនដល់ ១៦៤៣ករណី ខណៈអ្នកស្លាប់មានចំនួន ២២នាក់។ ចំណែកអ្នកជាសះស្បើយពីជំងឺមានចំនួនសរុប ១៥៣១នាក់។
នាថ្ងៃទី១៧ ខែសីហា នាយករដ្ឋមន្ត្រីនូវែលសេឡង់ បានប្រកាសលើកពេលបោះឆ្នោតទៅថ្ងៃទី១៧ ខែតុលា បន្ទាប់ពីសភារបស់ប្រទេសមួយនេះ ត្រូវបានលើកពេលរំលាយផងដែរ ដោយសារតែបញ្ហាCOVID-19។ បន្ថែមពីលើនេះ នូវែលសេឡង់ ក៏បានពន្យារពេលបិទក្រុងAuckland ថែមទៀត៕
Tag:
នូវែលសេឡង់
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com