ជាតិ
សេដ្ឋកិច្ច
លោក កៅ ថាច ណែនាំវិធីដល់សហគ្រាសនិងកសិករ ដើម្បីបានកម្ចី ដែលមានការប្រាក់រង្វង់ត្រឹម៥ភាគរយក្នុង១ឆ្នាំ
19, Aug 2020 , 9:29 pm        
រូបភាព
លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កំពុងផ្តល់បទសម្ភាសឱ្យសារព័ត៌មានថ្មីៗ កាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។ រូបថត៖ ឈន សុផាត/thmeythmey
លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កំពុងផ្តល់បទសម្ភាសឱ្យសារព័ត៌មានថ្មីៗ កាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។ រូបថត៖ ឈន សុផាត/thmeythmey
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា ទម្លាក់កញ្ចប់ថវិកាពិសេស៥០លានដុល្លារ សម្រាប់ជួយដោះស្រាយបញ្ហាបង្វិលទុន និងវិនិយោគរបស់សហគ្រាសធនតូច និងមធ្យម (SME) ពាក់ព័ន្ធវិស័យកសិកម្ម ក្នុងស្ថានភាព ដែលកម្ពុជាកំពុងជួបបញ្ហាពីការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA និងជំងឺកូវីដ-១៩។  កញ្ចប់ថវិកា៥០លានដុល្លារនោះ ត្រូវបានរដ្ឋាភិបាលផ្តល់ជូន តាមរយៈធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB)។

 
សម្រាប់ម្ចាស់សហគ្រាស និងកសិករដែលខ្ចីឥណទានពិសេសនេះយកទៅវិនិយោគ គឺមានអត្រាការប្រាក់៥,៥ភាគរយ និងខ្ចីសម្រាប់ធ្វើជាទុនបង្វិល គឺមានអត្រាការប្រាក់ត្រឹម៥ភាគរយប៉ុណ្ណោះក្នុងមួយឆ្នាំ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ(ThmeyThmey) លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានលើកឡើងថា ដើម្បីទទួលបានកម្ចីណាមួយក្នុងទំហំកញ្ចប់ថវិកាពិសេស៥០លានដុល្លារពីរដ្ឋាភិបាល ម្ចាស់សហគ្រាសដែលពាក់ព័ន្ធក្នុងវិស័យកសិកម្មនិងកសិករទាំងអស់ ចាំបាច់ត្រូវមានវត្ថុធានាបំណុល ឬព្រទ្យបញ្ជាំ។ 
 
សូមអញ្ជើញទស្សនាកិច្ចសម្ភាសរវាងលោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ជាមួយ កញ្ញា អ៊ូ សុខមាន នៃសារព័ត៌មានថ្មីៗ ដូចតទៅ៖
 
 
សហគ្រាសកែច្នៃផលិតផលកសិកម្មនីមួយៗ អាចមានលទ្ធភាពខ្ចីថវិការដ្ឋាភិបាលនេះ បានចាប់ពី៥ពាន់ដុល្លារ ដល់៣០ម៉ឺនដុល្លារ សម្រាប់បង្វិលទុន និងពង្រីកការវិនិយោគ។ នីតិវិធីដើម្បីទទួលបានកម្ចីដែលមានអត្រាការទាបនេះ លោក កៅ ថាច បានបង្ហាញនិងពន្យល់ពីលំដាប់លំដោយថា  ក្រោយពីម្ចាស់សហគ្រាសកែច្នៃផលិតផលកសិកម្ម និងកសិករទាំងអស់បានដាក់ស្នើសុំកម្ចីណាមួយក្នុងកញ្ចប់ថវិកាពិសេសមកធនាគារអភិឌ្ឍន៍អភិវឌ្ឍន៍ជនបទនិងកសិកម្មហើយនោះ មន្ត្រីជំនាញនឹងចុះទៅពិនិត្យ និងផ្ទៀងផ្ទាត់ ដល់ទីកន្លែងអាជីវកម្ម ឬកន្លែងផលិតរបស់សហគ្រាសតែម្តង។
 
បើតាមអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទរូបនេះ នៅពេលដែលមន្ត្រីឥណទានទៅពិនិត្យដល់ទីកន្លែងហើយនោះ ម្ចាស់សហគ្រាស ឬកសិករ គឺត្រូវមានផែនការអាជីវកម្ម និង របាយការណ៍ហិរញ្ញវត្ថុ  ដើម្បីវាយតម្លៃលើវត្ថុធានាបំណុលក្នុងការទទួលបានប្រាក់កម្ចី។ លោក កៅ ថាច់ និយាយដូច្នេះថា៖«នៅពេលដែលមន្ត្រីឥណទានយើងចុះទៅកន្លែងអាជីវកម្មឬកន្លែងផលិតរបស់ពួកគាត់ យើងនឹងស្វែងរកព័ត៌មានពីផែនការអាជីវកម្ម និងរបាយការណ៍ហិរញ្ញវត្ថុ»។
 
លោកបានបញ្ជាក់ថា៖«ផែនការអាជីវកម្ម និងរបាយការណ៍ហិរញ្ញវត្ថុ [របស់សហគ្រាស និងកសិកម្ម] ទាំងហ្នឹងគឺយើងមិនយកជាស្តង់ដារ ឬត្រូវការអីទេ គឺគ្រាន់តែយើងចង់បានថា ថ្ងៃនេះលក់បានប៉ុន្មាន ចំណាយអស់ប៉ុន្មាន ចំណូលបានប៉ុន្មាន ចំណេញ-ខាតប៉ុន្មាន ហើយលក់ហ្នឹងមាន ប្រភេទអ្វីខ្លះ ឬក៏ផលិតផលកែច្នៃមានអ្វីខ្លះ។ នៅពេលយើងរៀបចំផែនការអាជីវកម្ម និងរបាយការណ៍ហិរញ្ញវត្ថុហើយអស់ ទើបយើងយកមកវាយតម្លៃ ថាពួកគាត់អាចមានលទ្ធភាពនឹងទទួលបានទំហំនៃកម្ចីដែលបានស្នើសុំនោះឬអត់  ឬក៏មានលទ្ធភាពក្នុងកម្រិតណា»។
 
លោក កៅ ថាច បន្តថា សមត្ថភាពដែលម្ចាស់សហគ្រាសនិងកសិករ អាចទទួលបានកម្ចីក្នុងកញ្ចប់ថវិកា៥០លានដុល្លារពីរដ្ឋាភិបាលនោះ លុះត្រាតែមានសមត្ថភាព៣ចំណុចនេះ។ ចំណុចទី១ ម្ចាស់សហគ្រាស និងកសិករ ត្រូវមានសមត្ថភាពពង្រីកអាជីវកម្ម ចំណុចទី២ សមត្ថភាពហិរញ្ញវត្ថុ ក្នុងការសងត្រឡប់ឱ្យធនាគារអភិវឌ្ឍន៍ជនបទវិញ និង ចំណុចទី៣ គឺសមត្ថភាពនៃវត្ថុធានាបំណុលរបស់កម្ចី ដើម្បីឱ្យមន្ត្រីឥណទានវាយតម្លៃ។ បើតាមលោក កៅ ថាច ក្រោយធ្វើរបាយការណ៍វាយតម្លៃរួចហើយ បានធនាគារអភិវឌ្ឍន៍ជនបទចាប់ផ្តើមពិនិត្យក្របខ័ណ្ឌហានិភ័យនៃអាជីវកម្មរបស់ម្ចាស់សហគ្រាស  និងកសិករនីមួយៗ ដើម្បីឈានដល់ការផ្តល់កម្ចី។
 
នៅពេលដែលធនាគារអភិវឌ្ឍន៍ជនបទ អនុម័តកម្ចីដល់ម្ចាស់សហគ្រាស និងកសិករ ហើយនោះ នីតិវិធីបន្ទាប់ ម្ចាស់សហគ្រាស និងកសិករ ត្រូវយកវត្ថុធានាបំណុលនានា ដែលមានប្លង់ដី ប្លង់ផ្ទះ និងសម្ភារមានតម្លៃនានា ក្នុងអាជីវកម្មទៅចុះបញ្ជី នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និងមន្ទីរពាក់ព័ន្ធនានាហើយ ទើបបានធនាគារអភិវឌ្ឍន៍ជនបទសម្រេចទម្លាក់កម្ចីទៅឱ្យម្ចាស់សហគ្រាស និងកសិករ។ 
 
កាលពីថ្ងៃចុងខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិកា៥០លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ  សម្រាប់គាំទ្រដល់ដំណើរការអាជីវកម្ម SME ដែលពាក់ព័ន្ធវិស័យកសិកម្ម។ ក្នុងកញ្ចប់ថវិកានេះ សម្រាប់ម្ចាស់សហគ្រាសដែលខ្ចីប្រាក់យកទៅវិនិយោគ គឺអាចខ្ចីបានរយៈពេល២ឆ្នាំ និងខ្ចីសម្រាប់យកទៅធ្វើជាទុនបង្វិល គឺមានរយៈរហូតដល់៧ឆ្នាំ។  
 
លោក កៅ ថាច់ អះអាងថា គិតត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ធនាគារអភិវឌ្ឍន៍ជនបទ បានអនុម័តផ្តល់កម្ចីជាង១៦លានដុល្លារហើយ ក្នុងចំណោមកញ្ចប់ថវិកា៥០លានដុល្លាររបស់រដ្ឋាភិបាល ដល់ម្ចាស់សហគ្រាសនិងកសិករ ហើយភាគច្រើនអ្នកទទួលបានកម្ចីនេះ គឺផ្នែកវារីវប្បកម្ម ដូចជា ចិញ្ចឹមត្រី កង្កែប គន្ធាយ ជាដើម៕ 
 

Tag:
 កសិកម្ម
  លោក កៅ ថាច
  ARDB
© រក្សាសិទ្ធិដោយ thmeythmey.com