ពីនេះ ពីនោះ
«​និង​»,«​នឹង​» និង​«​ហ្នឹង​» ជា​ពាក្យ​ដែល​ពលរដ្ឋ​ប្រើ​ខុស​រាល់ថ្ងៃ​
20, Aug 2020 , 7:39 am        
រូបភាព
«​និង​»,«​នឹង​» និង​«​ហ្នឹង​»​ជា​ពាក្យ​ដែល​ពលរដ្ឋ​ប្រើ​ជា​ញឹកញាប់​នៅក្នុង​សំណេរ តែ​ក៏មាន​អ្នកខ្លះ​ប្រើ​ច្រឡំ​គ្នា​ផងដែរ​។ ដើម្បី​ជៀស​កុំ​ឲ្យ​ប្រើ​ខុស​នៃ​ពាក្យ​ទាំងអស់នេះ​ពលរដ្ឋ​ត្រូវ​តាម​ចំណាំ​ឲ្យ​បានច្បាស់លាស់​។

 
​ពាក្យ «​និង​» ជា​ឈ្នាប់ សម្រាប់​និយាយ​ត​ពាក្យ​មួយ​ទៅ​ពាក្យ​មួយ ពី​ឃ្លា​មួយ​ទៅ​ឃ្លា​មួយ ឬ​ពី​ល្បះ​មួយ​ទៅ​ល្បះ​មួយទៀត​។ ឧទាហរណ៍​៖ ខ្ញុំ និង​អ្នក​, គោ និង​ក្របី​, សុខ និង​ទុក្ខ​, ខ្មៅ និង​ស​។  
 
​ចំពោះ​ពាក្យ​«​នឹង​»​គឺ​សម្រាប់​ប្រើ​ក្នុងន័យ​ច្រើនបែប​។ «​នឹង​»​ជា​ពាក្យ​កិរិយានុគ្រោះ​សម្រាប់​និយាយ​នាំមុខ​កិរិយាសព្ទ ដើម្បី​បញ្ជាក់​ពី​អនាគតកាល​ទៅខាង​មុខ​ថា មុខជា ប្រាកដជា គង់ ឬ​គង់តែ​។ ឧទាហរណ៍​៖ ថ្ងៃស្អែក ខ្ញុំ​នឹងធ្វើ​បាយ​សម្ល​ទៅ​ប្រគេន​ដល់​ព្រះសង្ឃ​ដើម្បី​ឧទ្ទិស​ដល់​សាច់ញាតិ​ដែល​បាន​ចែក​ឋាន​ទៅ​។ 
 
«​នឹង​»​ដែលជា​កិរិយាសព្ទ​វិសេសន៍ ប្រើ​នៅក្នុង​ន័យ​ម្យ៉ាងទៀត គឺមាន​ថ្នាក់​ពាក្យ​ជា​គុណសព្ទ ឬ​កិរិយាវិសេសនៈ ដែល​មានន័យថា ស្ងៀម​, ជើយ​, មិន​កម្រើក​។ ឧទាហរណ៍​៖ អង្គុយ​នឹងថ្កល់ គឺ​អង្គុយ​នឹង​ដូច​គេ​ថ្កល់​។ 
 
«​នឹង​» ប្រើ​ជា​គុណនាម សម្រាប់​បញ្ជាក់​ពី ភាពមិន​ប្រែប្រួល​,​មិន​ឡើង មិន​ចុះ​,​នៅ​ដូចដែល​។  ឧទាហរណ៍​៖​ជំងឺ​នុ៎ះ​នៅ​នឹង​។ បុរស​នោះ​នៅតែ​អង្គុយ​នៅ​នឹង​, ទឹកនឹង គឺ​ទឹក​ដែល​មិន​ឡើង​មិន​ស្រក​ឬ​មិន​ហូរ​។ 
 
«​នឹង​»​ជា​អាយតនិបាត សម្រាប់​ប្រាប់​ដំណើរ​សម្រេច​នូវ​អំពើ​, សម្រាប់​ប្រើ​និយាយ​នាំមុខ​នាម​ស័ព្ទ​ជាមួយ​ពាក្យ ដោយ​,​ជាមួយ​,​ដោយសារ​,​ព្ធដ៏​,​នៅត្រង់​។ ឧទាហរណ៍​៖ ដួសសម្ល​នឹង​វែក​,​ដាំបាយ​នឹង​ឆ្នាំង​,​កាប់​ឈើ​នឹង​ប៉ូវថៅ​។ ទៅនឹង​ខ្ញុំ​,​នៅ​នឹង​ខ្ញុំ​,​ផឹក​នឹង​ខ្ញុំ​(​ដែល​មានន័យថា ទៅ​ជាមួយនឹង​ខ្ញុំ​,​នៅ​ជាមួយនឹង​ខ្ញុំ​,​ផឹក​ជាមួយ​ខ្ញុំ​)​។ ទៅនឹង​គេ​(​ទៅដោយ​សារ​គេ​)​។ បោះដែកគោល​នឹង​ជញ្ជាំង​(​បោះដែកគោល​នៅត្រង់​ជញ្ជាំង​)​។​
 
​កាលណា​គេ​ប្រើពាក្យ​«​ហ្នឹង​» ឯនេះ​វិញ មានន័យថា ហ្នឹងហើយ​(​នុះហើយ​), ហ្នឹងឯង​(​នុះឯង​), ដំណើរ​ហ្នឹង​(​ដំណើរ​នុះ​),​ហ្នឹងឯង​(​អ៊ីចឹង​ឯង​)​។ កាលណា​បើ​គេ​និយាយ​មាន​សំឡេង​ខ្ពស់​ស្រួច​ខ្លាំង គេ​ត្រូវ​សរសេរ​ដាក់​ជើងក្អែក​(+) នេះ​ពីលើ ហ្នឹ៎ងហើ៎យ !; ហ្នឹ៎ងឯ៎ង ! (​សម្រាប់​សម្តី​សាមញ្ញ​)៕   
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com