អន្តរជាតិ
ប្រធានាធិបតី​ម៉ាលី​លា​ចេញពី​តំណែង បន្ទាប់ពី​ត្រូវបាន​ចាប់ខ្លួន​ដោយ​ពួក​ទាហាន​ឧទ្ទាម​
20, Aug 2020 , 7:59 pm        
រូបភាព
​កង​ទាហាន​ប្រមូលផ្តុំ​នៅ​ទីលាន​ឯករាជ្យ​ក្នុង​ក្រុង​បា​ម៉ា​កូ ប្រទេស​ម៉ាលី កាលពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២០​។​
​កង​ទាហាន​ប្រមូលផ្តុំ​នៅ​ទីលាន​ឯករាជ្យ​ក្នុង​ក្រុង​បា​ម៉ា​កូ ប្រទេស​ម៉ាលី កាលពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២០​។​
ដោយ: VOA
 ​ប្រធានាធិបតី​ប្រទេស​ម៉ាលី​លោក Boubacar Keita បាន​លា​ចេញពី​តំណែង​កាលពី​យប់​ថ្ងៃ​អង្គារ ក្នុងពេល​ប៉ុន្មាន​ម៉ោង​ក្រោយមក បន្ទាប់ពី​ត្រូវបាន​ចាប់ខ្លួន​ដោយ​ពួក​ទាហាន​បះបោរ ក្រោយពី​មាន​ភាពចលាចល​នយោបាយ​អស់​រយៈពេល​ជាច្រើន​ខែ​នៅក្នុង​ប្រទេស​មក​។​



លោក Keita ដែល​ពាក់​ម៉ាស់​ការពារ​វីរុស​កូ​រ៉ូ​ណា​និង​ហាក់ដូចជា​គ្មាន​កម្លាំង បានបង្ហាញ​ខ្លួន​នៅ​ទូរទស្សន៍​រដ្ឋ ដោយ​ប្រកាសថា លោក​បាន​ចុះ​ចេញពី​តំណែង​ដើម្បី​បញ្ចៀស​ការបង្ហូរ​ឈាម​។​

 ​ប្រធានាធិបតី​ម៉ាលី​លោក Boubacar Keita ថ្លែង​លាលែង​ពី​តំណែង​កាលពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២០​។​
 
​មេដឹកនាំ​អាយុ ៧៥ ឆ្នាំ​រូបនេះ​បាន​និយាយថា ប្រសិនបើ «​ពួកយោធា​ខ្លះ​» ចង់​បញ្ចប់​តំណែង​ប្រធានាធិបតី​របស់លោក «​ដោយ​ការធ្វើអន្តរាគមន៍​រប​ស់​ពួកគេ​» គឺ​លោក «​គ្មាន​ជម្រើស​ទេ​»​។ លោក Keita ក៏បាន​ប្រកាស​ផងដែរ​ថា រដ្ឋាភិបាល​របស់លោក​និង​រដ្ឋសភា​នឹងត្រូវ​រំលាយ​។​
 
​សុន្ទរកថា​លា​ចេញពី​តំណែង​របស់លោក Keita បានបញ្ចប់​ភាពចលាចល​រយៈពេល​មួយថ្ងៃ​នៅពេលដែល​ពួក​ទាហាន​បាន​រឹបអូស​យក​កាំភ្លើង​ពី​បន្ទាយ​យោធា​នៅក្នុង​ទីក្រុង Kati ហើយ​បាន​សម្រុកចូល​រដ្ឋធានី​បា​ម៉ា​កូ​។​
 
​អ្នកយកព័ត៌មាន​ម្នាក់​នៅក្នុង​ប្រទេស​ម៉ាលី​បាន​ប្រាប់​សេវា​ផ្សាយ​ជា​ភាសា​បារាំង​របស់ VOA ថា ពួក​ទាហាន «​បាន​សម្រុក​ទាំង​កម្រោល​ទៅ​ឃ្លាំង​អាវុធ យក​កាំភ្លើង ហើយ​បានចាប់ផ្តើម​បាញ់​ទៅលើ​អាកាស និង​ចេញមកក្រៅ ហើយ​កាត់ផ្តាច់​ការចេញចូល​ក្នុង​បន្ទាយ​ទាហាន​នោះ​»​។​
 
​ពួក​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​មួយចំនួន​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ទីលាន​កណ្តាល​រដ្ឋធានី​បា​ម៉ា​កូ​ស្រែក​ហ៊ោ​អបអរ​ពួក​ទាហាន នៅពេលដែល​ពួកគេ​ដើរចូល​ផ្ទះ​លោក Keita ដើម្បី​ចាប់ខ្លួន​លោក​។​
 
​ពួក​ទាហាន​បាន​ចាប់ខ្លួន​លោក​ប្រធានាធិបតី Keita និង​លោកនាយក​រដ្ឋមន្ត្រី Boubou Cisse នៅឯ​គេហដ្ឋាន​របស់លោក Keita ហើយ​បាន​បញ្ជូន​ពួកគេ​ទៅកាន់​ទីក្រុង Kati ជា​កន្លែង​ដូចគ្នា​ដែល​នៅ​ទីនោះ រដ្ឋប្រហារ​ទម្លាក់​លោក​ប្រធានាធិបតី Tomani Toure កាលពី​ឆ្នាំ ២០១២ បានចាប់ផ្តើម​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com