អន្តរជាតិ
មេដឹកនាំ​វ័យក្មេង​បំផុត​ទាំង​៥ ក្នុង​ពិភពលោក​ប្រចាំឆ្នាំ​២០២០
16, Sep 2020 , 8:39 pm        
រូបភាព
លោក Nayib Bukele (ឆ្វេង) និង អ្នកស្រី Sanna Marin
លោក Nayib Bukele (ឆ្វេង) និង អ្នកស្រី Sanna Marin
ដោយ:
​រាប់​ចាប់តាំងពី​អាស៊ី អាមេរិក និង​អូ​សេ​អា​នី ខាងក្រោម​នេះ​គឺជា​មេដឹកនាំ​ទាំង​៥​នាក់ ដែល​បច្ចុប្បន្ន​ជា​ថ្នាក់ដឹកនាំ​ប្រទេស​វ័យក្មេង​បំផុត​របស់​ពិភពលោក ។ ក្នុងចំណោម​នោះ ក៏មាន​ស្ត្រី​មេដឹកនាំ​លេចធ្លោ​២​រូប​ផងដែរ ។

 
អ្នកស្រី Sanna Marin នាយករដ្ឋមន្ត្រី​ហ្វាំ​ង​ឡង់ 

​មាន​អាយុ​ត្រឹម ៣៤​ឆ្នាំ អ្នកស្រី Sanna Marin បាន​ស្បថ​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ហ្វាំ​ង​ឡង់ ចាប់តាំងពី​ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ​២០១៩ ។ ទោះ​ក្មេង​មាន​ពិត អ្នកស្រី មានបទពិសោធន៍​ក្រាស់ក្រែល​ក្នុង​ជីវិត​នយោបាយ មុនពេល​កាន់តំណែង​កំពូល​មួយ​នេះ​។​
 
​តួយ៉ាង អ្នកស្រី បាន​ក្លាយជា​សមាជិកសភា​ប្រទេស​អឺរ៉ុប​នេះ ចាប់តាំងពី​ឆ្នាំ​២០១៥​មកម្ល៉េះ ហើយ​ថែមទាំង​ធ្លាប់​ធ្វើជា​រដ្ឋមន្ត្រីក្រសួង​ទូរគមនាគមន៍​និង​ដឹកជញ្ជូន ពីថ្ងៃ​ទី ៦ ខែមិថុនា ឆ្នាំ​២០១៩ រហូតដល់​តំណែង​ថ្មី​ជា​នាយករដ្ឋមន្ត្រី​។ អ្នកស្រី Marin ជា​ស្ត្រី​ទី​៣​ហើយ​ដែល​ក្លាយជា​នាយករដ្ឋមន្ត្រីរ​បស់​ប្រទេស​ហ្វាំ​ង​ឡង់ ។ 
 
លោក គីម ជុង​អ៊ុន មេដឹកនាំ​កូរ៉េខាងជើង 

​លោក គីម ជុង​អ៊ុន បានក្លាយ​មេដឹកនាំ​កំពូល​របស់​ប្រទេស កូរ៉េខាងជើង ចាប់តាំងពី​ឆ្នាំ​២០១១ មកម្ល៉េះ ដោយ​កាលនោះ លោក​មាន​អាយុ​ត្រឹម​២៧​ឆ្នាំ​ប៉ុណ្ណោះ​។ លោក​គឺជា​កូន​ទី​២ របស់លោក គីម ជុងអ៊ីល ដែលជា​មេដឹកនាំ​កំពូល​របស់​ប្រទេស​នេះ ចាប់ពី​ឆ្នាំ​១៩៩៤ រហូតដល់​ឆ្នាំ​២០១១​។ 
 
​លោក គីម បច្ចុប្បន្ន​អាយុ ៣៦​ឆ្នាំ គឺជា​ចៅប្រុស​របស់លោក គីម អ៊ី​ល​សុង ដែលជា​ស្ថាបនិក និង​មេដឹកនាំ​កំពូល​ទី​១​របស់​កូរ៉េខាងត្បូង ចាប់តាំងពី​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៤៨​មក រហូតដល់​ទទួលមរណភាព​ក្នុង​ឆ្នាំ​១៩៩៤​។ លោក គីម ជុង​អ៊ុន ជា​ជំនា​ន់ទី​៣​ហើយ​នៃ​ត្រកូល គីម ដែល​ក្ដោប​ក្ដាប់​អំណាច​ប្រទេស​នេះ​យ៉ាង​ណែន​។ 
 
លោក Nayib Bukele ប្រធានាធិបតី អែល​សាល់​វ៉ា​ឌ័​រ 

​អាយុ ៣៩ ឆ្នាំ គិត​ត្រឹម​ឆ្នាំ​២០២០ លោក Nayib Bukele ក៏​ជាប់​ឈ្មោះ​ជា​មេដឹកនាំ​ក្មេង​បំផុត​ក្នុង​ពិភពលោក​ផងដែរ​។ លោក បាន​ក្លាយជា​ប្រមុខរដ្ឋ​នៃ​ប្រទេស​ក្នុង​តំបន់​អាមេរិក​កណ្ដាល​នេះ ចាប់តាំងពី​ខែមិថុនា ឆ្នាំ​២០១៩ ក្រោយ​ទទួលជោគជ័យ​ក្នុងការ​បោះឆ្នោត​ថ្នាក់ជាតិ​។ មុន​ទទួល​តំណែង​កំពូល​នេះ លោក Bukele ធ្លាប់​ប្រឡូក​ក្នុង​ឆាកនយោបាយ ដោយ​ធ្វើជា​អភិបាល​ក្រិ​ង​ចំនួន ២​ដង ចាប់តាំងពី​ឆ្នាំ​២០១២​មក​។ 
 
អ្នកស្រី Jacinda Ardern នាយករដ្ឋមន្ត្រី នូ​វែ​ល​សេ​ឡង់ 

​អ្នកស្រី Ardern ដែល​បច្ចុប្បន្ន​អាយុ ៤០​ឆ្នាំ បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​ទី​៤០​របស់​នូ​វែ​ល​សេ​ឡង់ ចាប់តាំងពី​ឆ្នាំ​២០១៧​មក ។ អ្នកស្រី បាន​ជាប់ឆ្នោត​ជា​សមាជិកសភា​លើកដំបូង​ក្នុង​ឆ្នាំ ២០០៨ ដោយ​កាលនោះ អ្នកស្រី​មាន​អាយុ​ត្រឹម​២៨ ឆ្នាំ​ប៉ុណ្ណោះ​។ 
 
​ក្រៅពី​មានឈ្មោះ​ជា​មេដឹកនាំ​ស្ត្រី​វ័យក្មេង​ក្នុង​ពិភពលោក អ្នកស្រី Ardern ក៏បាន​ក្លាយជា​មេដឹកនាំ​ទី​២​របស់​ពិភពលោក​ដែល​បង្កើតកូន​ក្នុង​ខែមិថុនា ឆ្នាំ​២០១៨ ខណៈ​កំពុង​កាន់តំណែង​ផងដែរ​។ អ្នក​ទី​១ គឺ​អ្នកស្រី Benazir Bhutto អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​។ 
 
ព្រះ​ចៅ​រដ្ឋ​កាតា Tamim bin Hamad Al Thani

Tamim bin Hamad Al Thani បានក្លាយ​ព្រះ​ចៅ​មហាម៉ាត់​នៃ​ប្រទេស​កាតា ក្រោយ​បិតា​សោយ​ទិវង្គត ក្នុង​ឆ្នាំ​២០១៣ ដោយ​កាលនោះ ទ្រង់មាន​ព្រះ​ជន្មាយុ ៣៣ វស្សា​ប៉ុណ្ណោះ​។ Tamim ជា​បុត្រ​ទី​៤ របស់​អតីត​ព្រះ​ចៅ​មហាម៉ាត់ Hamad bin Khalifa Al Thani ។ 
 
​មាន​ប្រវត្តិ​មិនធម្មតា ព្រះ​ចៅ​មហាម៉ាត់​នៃ​ប្រទេស​សម្បូរ​ប្រេង​អង្គ​នេះ បច្ចុប្បន្ន​មាន​ព្រះ​ជន្មាយុ ៤០​វស្សា ធ្លាប់​ត្រូវបានតែងតាំង​ជា​អគ្គមេបញ្ជាការ​ង​នៃ​កងទ័ព​កាតា ក្នុង​ឆ្នាំ​២០០៩ ។ ទ្រង់​ក៏​ជា​អ្នក​ចូលចិត្ត​លេង​កីឡា​ម្នាក់ ហើយ​លេង​ពូកែ​ផងដែរ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com