ជាតិ
ជប៉ុន នឹង​បន្ត​គាំទ្រ​កម្ពុជា​ដើរ​លើ​មាគ៌ា​នៃ​ការអភិវឌ្ឍ តាមបែប​ប្រជាធិបតេយ្យ​របស់ខ្លួន​
21, Aug 2020 , 10:37 am        
រូបភាព
លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​ត្សឹ ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន​ បាន​ជួប​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ប្រទេស​ជប៉ុន​កន្លងមក​។​
លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​ត្សឹ ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន​ បាន​ជួប​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ប្រទេស​ជប៉ុន​កន្លងមក​។​
​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​ត្សឹ នឹង​មកដល់​កម្ពុជា នៅ​ល្ងាច​ថ្ងៃទី​២១ សីហា ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ (​ចាប់ពី​ថ្ងៃទី​២១ ដល់ ២៣ ខែសីហា​)​។ មុន​មកដល់​កម្ពុជា រដ្ឋមន្ត្រីការបរទេស​ជប៉ុន បាន​ផ្ញើ​សារ និង​រម្លឹក​អនុស្សាវរីយ៍ ដែល​លោក​ធ្លាប់​មក​ទស្សនកិច្ច​ច្រើនដង​ហើយ​នោះ​។​

 
​ទិដ្ឋភាព​នៅ​តំបន់​អង្គរ គឺជា​ការចងចាំ​ដ៏​មានន័យ​របស់លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​ត្សឹ​។ តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​លើក​សារ​របស់​រដ្ឋមន្ត្រីការបរទេស​ជប៉ុន មក​រៀបរាប់​ដូច្នេះ​ថា​៖«​ថ្ងៃនេះ​ខ្ញុំ​បានមក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ជា​លើកដំបូង ក្រោយពី​ខ្ញុំ​បានទទួល​ដំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន​។  កន្លងមកនេះ ខ្ញុំ​ធ្លាប់​បានមក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ប៉ុន្មាន​លើក​រួចមកហើយ ហើយ​អ្វីដែល​ដិត​ជាប់​នៅក្នុង​ចិត្ត​របស់ខ្ញុំ​មិនអាច​បំភ្លេចបាន​នោះ​គឺ​សម្រស់​ថ្ងៃ​លិច​មើល​ពី​ប្រាសាទអង្គរវត្ត​»​។  
 
​ក្រៅពី​រម្លឹក​អនុស្សាវរីយ៍​ខ្លួន លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​ត្សឹ ក៏បាន​លើក​ពី​ទំនាក់ទំនង​ទ្វេរ​ភាគី​ផងដែរ​។ លោក​រដ្ឋមន្ត្រីការបរទេស​ជប៉ុន បាន​និយាយថា កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​រឹងមាំ​ឡើង ជាពិសេស​នៅក្នុង​អំឡុងពេល​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​ជប៉ុន​បានផ្ដល់​ជំនួយ​ឧបត្ថម្ភ​ដែល​គិត​ជា​ទឹកប្រាក់​សរុប​ជិត​៥០​លាន​ដុល្លារ តាមរយៈ​ការផ្តល់​បរិក្ខារ​វេជ្ជសាស្ត្រ និង​កែលម្អ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​(៤,២០០​លាន​យ៉េន​) ព្រមទាំង​ជំនួយ​បច្ចេកទេស​តាម និង​សម្ភារៈ​ផ្សេងៗ (​ក្នុង​ទឹកប្រាក់​ប្រមាណ​១​ពាន់​លាន​យ៉េន​) តាមរយៈ​អង្គការ​អន្តរជាតិ​ជាដើម​។​
 
​រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​ត្សឹ តាមរយៈ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ថ្លែង​ដូច្នេះ​ថា​៖«​ចំណាត់ការ​លើ​វិធានការ​កូ​វីដ​១៩​ទាំងនេះ ក៏បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​មាន​ភា​ព​រឹងមាំ​ផងដែរ​។ ដើម្បី​ពង្រឹង​ទំនាក់ទំនង​នេះ​បន្ថែមទៀត យើង​នឹង​បន្ត​កិច្ចពិភាក្សា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​បើក​ឡើងវិញ​នូវ​ការផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន​ក្នុង​វិស័យ​ធុរកិច្ច​តាម​លក្ខណៈ​សមស្រប​នឹង​ការការពារ​ការឆ្លង​រាលដាល​សារជាថ្មី​នៃ​កូ​វីដ​១៩​។ ម្យ៉ាងវិញទៀត ខ្ញុំ​ក៏មាន​បំណង​ជំរុញ​នូវ​សាមគ្គីភាព​ឆ្ពោះទៅរក​ការស្តារ​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ក្រោយ​ពេលដែល​ការរីក​រាលដាល​កូ​វីដ​១៩​នេះ​ត្រូវ​បានបញ្ចប់​ផងដែរ​»​។​
 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ រដ្ឋមន្ត្រីការបរទេស​ជប៉ុន​រូបនេះ ក៏​ប្ដេជ្ញា​ជួយ​កម្ពុជា ឱ្យ​ដើរ​លើផ្លូវ​ប្រជាធិបតេយ្យ​ខ្លួន​ដែរ​។​»​ប្រទេស​ជប៉ុន​នឹង​បន្ត​ផ្តល់​ការគាំទ្រ​ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​អាច​ដើរ​លើ​មាគ៌ា​សំដៅ​ទៅរក​ទិសដៅ​នៃ​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​របស់ខ្លួន ដោយ​បញ្ចូល​កម្លាំង​យុវជន​ជា​សសរទ្រូង​»​។ នេះ​ជាការ​លើកឡើង​របស់លោក ម៉ូ​តេ​ហ្គី ដែល​បាន​មើលឃើញ​ពី​សក្ដានុពល​យុវជន​កម្ពុជា ។​
 
​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​កាលពី​ខែមករា​ឆ្នាំនេះ ខ្ញុំ​បាន​ជួប​ជាមួយ​យុវជន​កម្ពុជា​ដែលមាន​ចំណាប់អារម្មណ៍​លើ​នយោបាយ​ចំនួន​១០​រូប ដែល​បានមក​ធ្វើ​ទស្សនា​កិច្ច​នៅ​ប្រទេស​ជប៉ុន ហើយ​ពួកគាត់​ទាំងអស់គ្នា​បាន​សម្តែង​ចេញ​នូវ​ស្មារតី​ចង់​អភិវឌ្ឍ​ប្រទេស​របស់ខ្លួន​ខ្លាំងណាស់​។ ប្រទេស​កម្ពុ​ជាមាន​ធនធានមនុស្ស​ប្រៀបដូចជា​កំពូល​នៃ​ប្រាសាទអង្គរវត្ត និង​ប្រាសាទអង្គរធំ ដែល​ត្រូវបាន​ទ្រ​ដោយ​ថ្ម​រឹងមាំ​ដាក់​បន្តុប​លើ​គ្នា​ជាច្រើន​ដើម្បី​ឲ្យ​ខ្ពស់​។ ម្យ៉ាងវិញទៀត ដូចគ្នា​នឹង​យុគសម័យ​អង្គរ​ដែល​បាន​រីកចម្រើន​លូតលាស់​ដោយ​ការរួមរស់​ជាមួយគ្នា និង​ការ​លាយ​បញ្ចូល​គ្នា​រវាង​សាសនា​ហិណ្ឌូ និង​ព្រះពុទ្ធសាសនា ប្រទេស​កម្ពុ​ជាមាន​ប្រវត្តិ និង​ប្រពៃណី​ទទួលយក​វប្បធម៌ គំនិត​ខុសៗ​គ្នា និង​ធនធានមនុស្ស​ផ្សេងៗ​គ្នា​ផងដែរ​»​។​
 
​ក្នុង​ដំណើរ​ទស្សនកិច្ច​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២១ ដល់​២៣ សីហា រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​ត្សឹ នឹងត្រូវ​ជួប​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លើ​បញ្ហា​ទ្វេភាគី និង​ពហុភាគី​មួយចំនួន ដែលជា​ចំណាប់អារម្មណ៍​រួម​។ ជាពិសេស​ការពង្រឹង​កិច្ចសហប្រតិបត្តិការ នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​៕

Tag:
 ការទូត​កម្ពុជា​-​ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com