សង្គមអន្តរជាតិ
អន្តរជាតិ
តៃវ៉ាន់ ប្រាប់ចិនកុំមើលស្រាលការតាំងចិត្តដើម្បីការពារទឹកដីរបស់ខ្លួន ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen (កណ្ដាល) និងរដ្ឋមន្ត្រីការពារជាតិ Yen Teh-fa (ស្ដាំ) អំឡុងពេលទស្សនកិច្ចនៅទីបញ្ជាការអាវុធហត្ថ។ រូបភាព AFP
× ខណៈដែលភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ឡើងកម្ដៅ តៃវ៉ាន់បានផ្ញើសារដាស់តឿនមួយទៅកាន់ចិន ដែលធ្វើសកម្មភាពយោធាកាន់តែញឹកញាប់នៅក្បែរៗតៃវ៉ាន់នោះ។ ក្នុងសារវីដេអូមួយ ក្រសួងការពារជាតិតៃវ៉ាន់អះអាងថា ចិនមិនគួរមើលស្រាលការតាំងចិត្តរបស់តៃវ៉ាន់ក្នុងការការពារទឹកដីរបស់ខ្លួនឡើយ ហើយសកម្មភាពយោធារបស់ចិន នឹងធ្វើឲ្យប្រជាជនតៃវ៉ាន់កាន់តែក្លាហានថែមទៀត។
មួយរយៈពេលចុងក្រោយនេះ ចិនបានបង្កើនសកម្មភាពយោធារបស់ខ្លួននៅក្បែរកោះតៃវ៉ាន់ ដែលចិនចាត់ទុកជាខេត្តមួយត្រូវបង្រួបបង្រួម ទោះត្រូវប្រើកម្លាំងក្ដី។ ថ្មីៗនេះ ចិនបានបញ្ជូនយន្តហោះទម្លាក់គ្រាបបែក និងធ្វើសមយុទ្ធយោធានៅក្បែរកោះតៃវ៉ាន់ផងដែរ។ ប៉ុន្តែតៃវ៉ាន់ហាក់មិនញញើតនឹងសកម្មភាពគំរាមបែបនេះឡើយ។
ក្នុងសេចក្ដីប្រកាសព័ត៌មានថ្ងៃទី២០ ខែសីហាដែលអមដោយវីដេអូបង្ហាញពីការធ្វើសមយុទ្ធយោធារបស់ខ្លួន ក្រសួងការពារជាតិតៃវ៉ាន់ និយាយថា សមយុទ្ធនេះ បង្ហាញពីអាកប្បកិរិយារឹងមាំរបស់តៃវ៉ាន់ទៅនឹងសម្ពាធរបស់កងទ័ពរំដោះប្រជាជនរបស់ចិនកុម្មុយនីស្ត។ ក្រសួងការពារជាតិតៃវ៉ាន់បន្តថា តៃវ៉ាន់ នឹងមិនបង្ករឿងមុនឡើយ តែក៏មិនបង្ហាញភាពទន់ខ្សោយរបស់ខ្លួនដែរ។
«មិនត្រូវមើលស្រាលការតាំងចិត្តរបស់យើងក្នុងការការពារតៃវ៉ាន់ជាដាច់ខាត។» នេះការដាស់តឿនរបស់ក្រសួងខាងលើ មុនបន្តថា សកម្មភាពបង្កហេតុ និងការគំរាមរបស់ចិន នឹងធ្វើឲ្យប្រជាជនតៃវ៉ាន់កាន់តែរួបរួម និងមើលឃើញពីយោធានិយមរបស់ចិនកុម្មុយនីស្ត។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
ក្នុងវីដេអូដែលបង្ហោះដោយក្រសួងការពារជាតិវិញ គេឃើញមានយន្តហោះចម្បាំង F-16 មីស៊ីលបាញ់ចេញពីជើងទម្រលើដី និងពីសមុទ្រ ក៏ដូចជាទាហានក្នុងសមយុទ្ធផងដែរ។ តៃវ៉ាន់ដែលប្រឈមមុខការគំរាមទាំងយប់ទាំងថ្ងៃនោះ បានបង្កើនសមត្ថភាពយោធារបស់ខ្លួនជាលំដាប់ចាប់តាំងពីលោកស្រី Tsai Ing-wen ឡើងធ្វើជាប្រធានាធិបតីនៅឆ្នាំ២០១៦ មក។ លោកស្រីបានដាក់ចេញកម្មវិធីធ្វើទំនើបកម្មយោធា និងទិញអាវុធកាន់តែច្រើនពីអាមេរិក។
តាំងពីលោកស្រី Tsai ក្លាយជាប្រធានាធិបតីមកនោះ ចិនបានបង្កើនសកម្មភាពយោធារបស់ខ្លួនកាន់តែខ្លាំងដែរ ក្នុងន័យគំរាមតៃវ៉ាន់ពីការផ្ដាច់ខ្លួន។ ម្ដងជាពីរដង ចិនតែងនិយាយច្បាស់ថា ខ្លួនមិនរអានឹងប្រើប្រាស់កម្លាំងយោធាដើម្បីគ្រប់គ្រងតៃវ៉ាន់ឡើយ ហើយបើតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យនោះ យោធាចិននឹងចូលសង្គ្រប់តៃវ៉ាន់ភ្លាម៕
© រក្សាសិទ្ធិដោយ thmeythmey.com