ជាតិ
ខេត្តព្រះវិហារ​នាំចេញ​«​ចេកណាំវ៉ា​» យ៉ាងហោចណាស់​១០០​តោន ក្នុង​មួយថ្ងៃ​
21, Aug 2020 , 10:29 pm        
រូបភាព
កសិករដាំដំណាំនេះច្រើនជាងគេ មានស្រុកត្បែងមានជ័យ ស្រុកគូលែន និងស្រុកសង្គម។ រូបថត Poeung Tryda
កសិករដាំដំណាំនេះច្រើនជាងគេ មានស្រុកត្បែងមានជ័យ ស្រុកគូលែន និងស្រុកសង្គម។ រូបថត Poeung Tryda
​ដំណាំ​«​ចេកណាំវ៉ា​»​របស់​ខេត្តព្រះវិហារ អាច​នាំទៅ​ទីផ្សារ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប បាន​យ៉ាងហោចណាស់​១០០​តោន ជា​រៀល​រាល់ថ្ងៃ​។ នេះ​ជាការ​លើកឡើង​របស់លោក ពីង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ ។​

 
​លោក ពឹង ទ្រី​ដា បាន​បញ្ជាក់ថា បើ​មុន​ថ្ងៃសីល  មួយ ឬ​ពីរ​ថ្ងៃ​វិញ ខេត្តព្រះវិហារ​គឺអាច​នាំចេញ​ចេក បាន​រហូតដល់​២០០​តោន​។ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ​រូបនេះ  បន្ត​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃទី​២១​សីហា ឆ្នាំ​២០២០​ថា  ការនាំចេញ​ចេក​នេះ គឺមាន​៨០​ភាគរយ​ទៅកាន់​ភ្នំពេញ និង​២០​ភាគរយ​ទៀត​ទៅ​ខេត្តសៀមរាប ដើម្បី​បំពេញ តម្រូវការ​អ្នក​បរិភោគ និង​ការកែច្នៃ​ប្រចាំថ្ងៃ​។ 


 លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រូបថតហ្វេសប៊ុក Poeung Tryda

​បើតាម​លោក​ពឹង ទ្រី​ដា ខេត្តព្រះវិហារ​មាន​ផ្ទៃដី​ដាំចេក​ណាំវ៉ា ជាង​១​ម៉ឺន​ហិកតា ហើយ​ស្រុក​ដែលមាន​ប្រជាកសិករ​ដាំ​ដំណាំ​នេះ​ច្រើនជាងគេ មានស្រុក​ត្បែងមានជ័យ ស្រុក​គូលែន និង​ស្រុក​សង្គម​ថ្មី ហើយ​ជាទូទៅ​ប្រជាកសិករ​អាច​ប្រមូល​ផល​ចេកណាំវ៉ា​បាន​រហូតដល់​រយៈពេល​៥​ឆ្នាំ​។​
 
​លោក ពឹង ទ្រី​ដា បាន​និយាយ​ដូច្នេះ​៖«​ដំណាំ​ចេក​នេះ​ប្រជា​កសិកម្ម​នាំគ្នា​សម្រុក​ដាំ​ច្រើន ព្រោះ​វា​ងាយស្រួល​ដាំ និង​មិន​ពិបាក​ថែទាំ​។ ចេក​នេះ​ពេល​យើង​ដាំ​បាន​នៅ​ឆ្នាំ​ទី​១​ឬ​ទី​២ គឺ​វា​មិនសូវ​ឱ្យ​ផល​ទេ តែ​ដល់​ឆ្នាំ​ទី​៣-​ទី​៤ គឺ​វា​ផល​ច្រើន​តែម្តង​»​។ លោក​បាន​បន្តថា​៖«​កសិករ​ដាំចេក​ណាំវ៉ា​១​ហិកតា អាច​ទទួល​ចំណូល​បាន​យ៉ាងហោចណាស់​៨​លាន​រៀល ក្នុងការ​ប្រមូល​ផល​ម្តង​»​។ 


 
​ក្រៅពី​ចេកណាំវ៉ា​នេះ ខេត្តព្រះវិហារ មាន​ដំណាំ​សក្កា​នុព​ល​ជាច្រើន​ទៀតផង​ដែរ ដូចជា ដំណាំ​ដំ​ឡូ​វ​, សណ្តែកសៀង​, សណ្តែកបាយ​, ល្ពៅ និង​ត្រឡាច​ជាដើម សម្រាប់​ផ្គត់​ផ្គត់​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​ប្រទេស​ថៃ និង​រៀ​ត​ណា​ម​។ នេះ​បើតាម​លោក ពឹង ទ្រី​ដា​៕  
 



Tag:
 ចេកណាំវ៉ា​
  ព្រះវិហារ​
  លោក ពីង ទ្រី​ដា​
© រក្សាសិទ្ធិដោយ thmeythmey.com