ជាតិ
«ទំនប់ដូនទ្រី» មានសមត្ថភាពស្រោចស្រពផ្ទៃដីស្រូវប្រាំង-វស្សាជាង៣ម៉ឺនហិកតា នឹងធ្វើរួចក្នុងឆ្នាំ២០២៣
22, Aug 2020 , 1:59 pm        
រូបភាព
ប្រភពរូប៖ ទំព័រហ្វេសប៊ុកក្រសួងធនធានទឹក​និងឧតុនិយម
ប្រភពរូប៖ ទំព័រហ្វេសប៊ុកក្រសួងធនធានទឹក​និងឧតុនិយម
គម្រោងអភិវឌ្ឍទំនប់ដូនទ្រី ដែលមានសមត្ថភាពផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពផ្ទៃដីស្រូវវស្សា បាន៣៣,០០០ហិកតា និងស្រូវប្រាំងបាន៤,៥០០ហិកតា នឹងសាងសង់រួចនៅក្នុងឆ្នាំ២០២៣។ ទំនប់ដូនទ្រីនេះ មានទីតាំង នៅស្រុករុក្ខគីរី ខេត្តបាត់ដំបង។ នេះបើតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីដើមខែសីហា ឆ្នាំ២០២០។

 
គម្រោងអភិវឌ្ឍទំនប់ដូនទ្រី គឺជាប្រព័ន្ធធារាសាស្រ្តថ្មីមួយក្នុងប្រវត្តិសាស្រ្តសម្រាប់កម្ពុជា។ នេះជាការលើកឡើងរបស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដោយបន្តថា សំណង់នេះ ជាប្រភេទទំនប់ធំ ដែលសាងសង់ឡើងតម្រូវឱ្យការប្រើប្រាស់វិធីសាស្រ្តថ្មី មិនដែលអនុវត្តនៅកម្ពុជានាពេលកន្លងមក។  
 
ក្រសួងធនធានទឹកបានស្រង់សម្តីលោក លឹម គានហោ ដូច្នេះ៖« គម្រោងនេះ មិនត្រឹមតែផ្តល់ទឹកសម្រាប់បង្កើនផលិតផលកសិកម្មទាំងនៅរដូវវស្សា និងនៅរដូវប្រាំង ប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងរួមចំណែក ក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម។ លើសពីនេះ ទំនប់ដូនទ្រី ក៏មានលទ្ធភាពផ្គត់ផ្គង់មួយផ្នែកនូវទឹកសម្រាប់ការស្រោចស្រពទៅឱ្យគម្រោងនៅផ្នែកខាងក្រោម ដូចជា អនុគម្រោងពោធិកាណាល់ និងអនុគម្រោងរាមគុណ តាមរយៈស្ទឹងដូនទ្រី» ។


លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុមនិយម  កំពុងធើ្វបទបង្ហាញក្នុងដំណើរអញ្ជើញចុះពិនិត្យគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី កាលពីថ្ងៃទី៦សីហា ឆ្នាំ២០២០។ រូបថត៖ ទំព័រហ្វេសប៊ុក ក្រសួងធនធានទឹក និងឧតុមនិយម
 
បើតាមក្រសួងធនធានទឹក បណ្តាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់គម្រោងអភិវឌ្ឍទំនប់ដូនទ្រី ដែលកំពុងអនុវត្ត មាន៖ 
 
១. ទំនប់មេ ជាប្រភេទទំនប់ស្នូលដី ថ្មបំពេញ Earth Core Rockfill Dam (ECRD) ខ្នងលើទទឹង៨ ម៉ែត្រ កម្ពស់ខ្ពស់បំផុត ៤៧ ម៉ែត្រ និងមានប្រវែងសរុប ៦៥៤ម៉ែត្រ។ 
២. សំណង់បង្ហៀរ ប្រវែង៤២៤ម៉ែត្រ(Spillways) ធ្វើពីបេតុង នៅខាងឆ្វេងទំនប់មេ ដែលអាចរំដោះទឹកបាន៨៥០ ម៉ែត្រគីបក្នុងមួយវិនាទី។
៣. រូងទូនេលពង្វៀងទឹក (Diversion Tunnel) មានរាងជាក្រចកជើងសេះ អង្កត់ផ្ចិត៤ម៉ែត្រ ប្រវែង ៤៦២ម៉ែត្រ។ 
៤. សំណង់គ្រប់គ្រងទឹក (Intake Facilities) ជាប្រភេទសំណង់ប៉ម មានទ្វារទឹកច្រើនថ្នាក់ (Multistage Intake Gate) ដែលមានទ្វារទឹកចំនួន៥។ 
៥.ទំនប់បណ្តោះអាសន្នខាងលើ (U/S Coffer Dam) មានកម្ពស់ ២០ ម៉ែត្រ, ខ្នងលើទទឹង៥ម៉ែត្រ និង ប្រវែង៥៣៦ ម៉ែត្រ។ 
៦. ទំនប់បណ្តោះអាសន្នខាងក្រោម (D/S Coffer Dam) មានកម្ពស់១០ ម៉ែត្រ ខ្នងលើទទឹងទំនប់៥ ម៉ែត្រ និង ប្រវែង ១៥០ ម៉ែត្រ ។ 
៧. ផ្លូវក្រាលថ្មភ្នំ មានប្រវែង៥,២ គីឡូម៉ែត ទទឹង៧ម៉ែត្រ ជាមួយសំណង់ដោះទឹកចំនួន៨កន្លែង ។
 
ក្រសួងធនធានទឹកបានបញ្ជាក់ថា គម្រោងអភិវឌ្ឍទំនប់ដូនទ្រីនេះ គឺជាសមិទ្ធផលទី២ នៅក្នុងខេត្តបាត់ដំបង ក្រោមហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋកូរ៉េ បន្ទាប់ពីគម្រោងអភិវឌ្ឍទំនប់សាលាតាអន ស្ថិតនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
 
ខេត្តបាត់ដំបង មានដីស្រែជាង៣០ម៉ឺនហិកតា ក្នុងនោះដីជាង ១០ម៉ឺនហិកតាប៉ុណ្ណោះដែលអាជ្ញាធរអាចធានាប្រភពទឹកផ្គត់ផ្គង់នៅរដូវវស្សា តាមរយៈប្រព័ន្ធទឹកដែលមានបច្ចុប្បន្ន។ នេះបើតាមលោក  ងួន រតនៈ អភិបាលខេត្តបាត់ដំបង៕
 

Tag:
 ស្រូវ
  គម្រោងអភិវឌ្ឍទំនប់ទឹកដូនទ្រី
© រក្សាសិទ្ធិដោយ thmeythmey.com