ជាតិ
ស្រុកថ្មពួក គោលដៅទេសចរណ៍ដែលមានអ្នកទៅលេងច្រើនគេ ក្នុងខេត្តបន្ទាយមានជ័យ
23, Aug 2020 , 9:59 pm        
រូបភាព
រូបភាពពី លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ
រូបភាពពី លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ
ដោយ:
ខេត្តបន្ទាយមានជ័យ បានទទួលអ្នកទេសចរ ៣ម៉ឺននាក់ អំឡុងថ្ងៃទី ១៧-២៣ ខែសីហា។ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យសរសេរដូច្នេះនៅហ្វេសប៊ុករបស់លោក ដោយបន្តបញ្ជាក់ពីការអនុវត្តវិធានការពារជំងឺកូវីដ-១៩ផង ដូចជាការវាស់កម្តៅ ចែកសាប៊ូ អាល់កុល និងម៉ាសដល់អ្នកទេសចរជាំដើម។ តាមលោក អ៊ុំ រាត្រី គោលដៅសក្តានុពល ដែលទាក់ទាញទេសចរមកកម្សាន្តច្រើនគឺស្ថិតនៅក្នុងស្រុកថ្មពួក ដែលរួមមានប្រាសាទបន្ទាយឆ្មារ,បារាយណ៍មេបុណ្យ និងអាងជើងគ្រុស-ល-។

 
លោក ឈឿន សេរីវុឌ្ឍ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ ធ្លាប់បានប្រាប់ thmeythmey25 កន្លងទៅថា៖« ប្រាសាទបន្ទាយឆ្មារ ជាប្រាសាទធំជាងគេក្នុងខេត្តបន្ទាយមានជ័យ ទាក់ទាញភ្ញៀវទេសចរ ដោយសារជាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ។ អាងជើងគ្រុស ទាក់ទាញភ្ញៀវទេសចរ ដោយសារមានការអភិវឌ្ឍជាច្រើនដូចជាការកសាងស្ពានបណ្តែតទឹក ទេសចរអាចជិះទូកទៅលេងកោះ មានខ្យុសអង្គុយលេង និងបរិភោគអាហារ ព្រមទាំងមានកន្លែងសម្រាប់ឱ្យភ្ញៀវទេសចរឡើងទៅមើលថ្ងៃលិច។ រីឯតំបន់ទេសចរណ៍បារាយណ៍មេបុណ្យវិញ គឺមានស្ពានឈើយ៉ាងវែងទៅដល់ប្រាសាទមេបុណ្យ ដែលស្ថិតនៅកណ្ដាលបារាយណ៍តែម្ដង»។
 
របាយការណ៍បឋមរបស់ក្រសួងក្រសួងទេសចរណ៍ បញ្ជាក់ថារយៈពេលឈប់សម្រាក ៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា មានភ្ញៀវទេសចរជាង ១.៤លាននាក់ បានដើរលេងនៅតាមបណ្តារមណីយដ្ឋាននានានៅទូទាំងប្រទេស។ ក្នុងនោះខេត្តចំនួន៥ ទទួលបានទេសចរច្រើនជាងគេ គឺ ខេត្តសៀមរាប កំពត កែប បាត់ដំបង និងខេត្តព្រះសីហនុ៕


ពលរដ្ឋទៅកម្សាន្តក្នុងខេត្តបន្ទាយមានជ័យ (រូបភាពពីលោក អ៊ុំ រាត្រី)


Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com