ជាតិ
រដ្ឋមន្ត្រី​អប់រំ និង​តំណាងរាស្ត្រ​ ពិភាក្សា​ការងារ​នៅ​ហាង​កាហ្វេ​
23, Aug 2020 , 10:05 pm        
រូបភាព
​លោក ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា​បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក ដែល​លោក​បាន​ថត​ជាមួយ​រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់ ជួនណា​រ៉ុ​ន នៅមុខ​ហាង​កាហ្វេ​ប្រោ​ន (Brown) ដែលជា​យីហោ​ខ្មែរ​ដ៏​ល្បី​។ រូបថត​មួយ​សន្លឹក​នេះ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​មហាជន​នៅលើ​ហ្វេ​ស​ប៊ុ​ក​អំពី​របៀប​ធ្វើការ​របស់​ថ្នាក់ដឹកនាំ​ជំនាន់​ថ្មី​។​

 
​រូបថត​បញ្ឈរ​មួយ​សន្លឹក បង្ហាញ​រូបអ្នក​នយោបាយ​ពីររូប​ដែលមាន​កម្ពស់​ប្រហាក់ប្រហែលគ្នា ហើយ​ដែល​មហាជន​ស្គាល់​ច្បាស់​។ ដោយសារតែ​ជា​ជំនួប​ថ្ងៃអាទិត្យ ហើយ​នៅ​ហាង​កាហ្វេ​ផង លោក​រដ្ឋមន្ត្រី​អប់រំ​បាន​ពាក់​ស្បែកជើង​កីឡា​។ នៅ​ពីលើ​រូបថត​នេះ លោក ហ៊ុន ម៉ា​នី ដែល​ធ្លាប់​បានធ្វើ​កិច្ចការ​ច្រើន​ជាមួយ​លោក​រដ្ឋមន្ត្រី បាន​សរសេរ​យ៉ាង​ចំហ​អរគុណ​លោក​រដ្ឋមន្ត្រី​សម្រាប់​ការពិភាក្សា​ដ៏​សំខាន់​។ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​សរសេរ​បន្ថែម​ជា​ភាសា​អង់គ្លេស ជូន​លោក ហង់ ជួនណា​រ៉ុ​ន យ៉ាង​ដូច្នេះ​៖« [​លោក​] គឺជា​មនុស្ស​ម្នាក់​ដែល​ខ្ញុំ​គោរព​ខ្លាំង ជាពិសេស​ភាពឈ្លាសវៃ ការយល់ដឹង ការទទួលខុសត្រូវ និង​ភាព​រាបសារ​ទន់ភ្លន់រ​ប​ស់លោក​។​»​។ 
 
​តាមរយៈ​សារ​ខាងលើនេះ សាធារណជន​គ្រាន់តែ​ដឹងថា អ្នកនយោបាយ​ទាំងពីរ​បាន​ពិភាក្សា​ការងារ​ជាមួយគ្នា ដោយ​ពុំ​ចាំបាច់​តែ​ថ្ងៃ​ធ្វើការ​ក្នុង​សប្តាហ៍​ធម្មតា នៅក្នុង​ស្ថាប័ន​របស់ខ្លួន​ឡើយ​។​
 
​លោក ហ៊ុន ម៉ា​នី ដែលជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​យល់ព្រម​បង្កើត​សកម្មភាព​មួយចំនួន​ជួយ​ក្នុង​វិស័យ​អប់រំ​។ ជា​រៀងរាល់ឆ្នាំ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បានរៀបចំ​ឱ្យមាន​ថ្នាក់​បំប៉ន​ត្រៀមប្រឡង​សញ្ញាបត្រ​ទុ​ទិ​យ​ភូមិ និង​បញ្ជូន​យុវជន​ស្ម័គ្រចិត្ត​ចូលរួម​ត្រួតពិនិត្យ​ក្នុងសម័យ​ប្រឡង​បាក់​ឌុប​ទៀតផង​។​
​គួរ​រម្លឹក​ផងដែរ​ថា តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន គេ​តែង​សង្កេតឃើញ​លោក ហ៊ុន ម៉ា​នី ជួប​ជាមួយ​អ្នកនយោបាយ តំណាង​វិស័យ​ឯកជន និង​តំណាង​អង្គការក្រៅរដ្ឋាភិបាល​ជាដើម នៅតាម​ភោជនីយដ្ឋាន​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com