សង្គមអន្តរជាតិ​
អន្តរជាតិ
បន្ទាប់ពី​អារ៉ាប់​រួម ស៊ូដង់​និង​បា​រ៉ែ​ន អាចជា​ប្រទេស​បង្កើត​ចំណង​ការទូត​ជាមួយ​អ៊ីស្រាអែល
24, Aug 2020 , 9:45 am        
រូបភាព
រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ ធ្វើដំណើរទស្សនកិច្ចនៅអ៊ីស្រាអែល ស៊ូដង់ បារ៉ែន និងអេមីរ៉ាតអារ៉ាប់រួម។ រូបភាព Xinhua
រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ ធ្វើដំណើរទស្សនកិច្ចនៅអ៊ីស្រាអែល ស៊ូដង់ បារ៉ែន និងអេមីរ៉ាតអារ៉ាប់រួម។ រូបភាព Xinhua
​រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ នៅ​ថ្ងៃទី​២៤ ខែសីហា បានចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​មួយ​ជុំ​ទៅកាន់​អ៊ីស្រាអែល ស៊ូដង់ អេ​មី​រ៉ា​ត​អារ៉ាប់​រួម និង​បា​រ៉ែ​ន​។ ដំណើរ​ទស្សនកិច្ច​នេះ នឹង​ផ្ដោតលើ​ទំនាក់ទំនង​ថ្មីថ្មោង​រវាង​អ៊ីស្រាអែល និង​អេ​មី​រ៉ាត់​អារ៉ាប់​រួម និង​ការជំរុញ​ឲ្យ​ប្រទេស​ក្នុង​តំបន់​ផ្សេងទៀត​រាប់រក​អ៊ីស្រាអែល​ជា​ផ្លូវការ​ផងដែរ​។

 
​លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ នឹង​ទៅដល់​ទឹកដី​អ៊ីស្រាអែល​នៅ​ថ្ងៃទី​២៤ ខែសីហា ហើយ​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ ។ នេះ​បើតាម​ការប្រកាស​របស់​ក្រសួងការបរទេស​អាមេរិក​នៅ​ថ្ងៃទី​២៣ ខែសីហា​។ មុន​ជំនួប​ជាមួយ​ប្រមុខ​ការទូត​អាមេរិក លោក ណេ​តាន់​យ៉ា​ហ៊ូ និយាយថា លោក និង​លោក ប៉ុ​ម​ប៉េ​អូ នឹង​ជជែក​ពី​ការពង្រីក​រង្វង់​សន្តិភាព​ក្នុង​តំបន់ ហើយ​នឹងមាន​ប្រទេស​ច្រើន​ទៀត នឹង​បង្កើត​ទំនាក់ទំនង​ជាមួយ​អ៊ីស្រាអែល​ក្នុងពេល​ដ៏​ខ្លី​។​
 
​ចេញពី​អ៊ីស្រាអែល លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ ក៏​នឹង​ទៅ​ស៊ូដង់ បា​រ៉ែ​ន និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ផងដែរ​។ អេ​មី​រ៉ា​ត​អារ៉ាប់​រួម ទើប​ឈានដល់​កិច្ចព្រមព្រៀង​បង្កើត​ទំនាក់ទំនង​ជាមួយ​អ៊ីស្រាអែល​នៅពេល​ថ្មីៗ​នេះ ក្រោម​ការត្រួសត្រាយ​ផ្លូវ​ដោយ​អាមេរិក​ផ្ទាល់​។ ទាំង​អាមេរិក ទាំង​អ៊ីស្រាអែល​ជឿថា កិច្ចព្រមព្រៀង​នេះ នឹង​ផ្ដល់​ពន្លឺ​ដល់​ប្រទេស​ក្នុង​តំបន់​ឲ្យ​រាប់រក​អ៊ីស្រាអែល​ដូចគ្នា​ដែរ​។ ស៊ូដង់ និង​បា​រ៉ែ​ន ត្រូវបាន​មើលឃើញថា ជា​ប្រទេស​បន្ទាប់​។​
 
«​អំឡុង​ទស្សនកិច្ច​នេះ លោក ប៉ុ​ម​ប៉េ​អូ នឹង​ពិភាក្សា​បញ្ហា​សន្តិសុខ​តំបន់​ទាក់ទង​ឥទ្ធិពល​របស់​អ៊ីរ៉ង់ ក៏ដូចជា​ការបង្កើត និង​ការធ្វើ​ឲ្យ​ស៊ីជម្រៅ​ទំនាក់ទំនង​របស់​អ៊ីស្រាអែល​ក្នុង​តំបន់​។​» ក្រសួងការបរទេស​អា​មេ​រិ​ក​បញ្ជាក់​បែបនេះ​។ ត្រង់ចំណុច​នេះ លោក ប៉ុ​ម​ប៉េ​អូ នឹង​បន្ត​បញ្ចុះបញ្ចូល​ស៊ូដង់ និង​បា​រ៉ែ​ន​ឲ្យ​ទទួលស្គាល់​អ៊ីស្រាអែល​ថែមទៀត​។​
 
​មុន​ការប្រកាស​កិច្ចព្រមព្រៀង​រវាង​អ៊ីស្រាអែល និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម នៅ​ប្លុក​ប្រទេស​តំបន់​អារ៉ាប់ មិន​ថា​មជ្ឈិមបូព៌ា ឬក៏​អាច​រាប់បញ្ចូល​ប្រទេស​កាន់សាសនា​ឥស្លាម​ភាគច្រើន មានតែ​អេ​ហ្ស៊ី​ប និង​ហ្ស៊​កដា​នី​ប៉ុណ្ណោះ​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​អ៊ីស្រាអែល​។ ភាគច្រើន​នៃ​ប្រទេស​នេះ មិនដែល​ទទួលស្គាល់​អ៊ីស្រាអែល​ឡើយ ហើយ​បន្ត​គាំទ្រ​ប៉ា​ឡេ​ស្ទី​ន​ក្នុងការ​ក្លាយជា​រដ្ឋ​ឯករាជ្យ​។ 
 
​យ៉ាងណាមិញ ក្រោម​ការសម្របសម្រួល​ពី​សំណាក់​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ប្រទេស​ក្នុង​តំបន់​ភាគច្រើន ចាប់ផ្ដើម​គិតគូរ​ពី​លទ្ធភាព​ក្នុង​ការធ្វើ​មិត្ត​ជាមួយ​អ៊ីស្រាអែល ខណៈ​អ៊ីស្រាអែល​ផ្ទាល់ ក៏​ខិតខំ​ចរចា​ជាសម្ងាត់​ជាមួយ​ប្រទេស​នានា​ផងដែរ​។ កាលពី​សប្ដាហ៍​មុន អ្នកនាំពាក្យ​ក្រសួងការបរទេស​ស៊ូដង់ ត្រូវ​បណ្ដេញចេញ​ក្រោយ​ទម្លាយ​រឿង​ចរចា​ជាមួយ​អ៊ីស្រាអែល​។ 
 
​បើតាម​ក្រសួងការបរទេស​អាមេរិក នៅ​ស៊ូដង់ លោក ប៉ុ​ម​ប៉េ​អូ នឹង​ជាមួយ​នាយករដ្ឋមន្ត្រី Abdalla Hamdok ដើម្បី​បង្ហាញ​ការគាំទ្រ​របស់​អាមេរិក​លើ​ការជំរុញ​ទំនាក់ទំនង​រវាង​អ៊ីស្រាអែល និង​ស៊ូដង់​។ នៅ​បា​រ៉ែ​ន រដ្ឋមន្ត្រីការបរទេស​អាមេរិក នឹង​ជួប​ជាមួយ​រជ្ជទាយាទ សាល់​ម៉ាន ប៊ី​ន ហា​ម៉ា​ដ អាល់​-​ខា​លី​ហ្វា រួច​បន្ត​ជួប​រដ្ឋមន្ត្រីការបរទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម អាប់​ឌុ​ឡា​ហ៍ ប៊ី​ន ហ្សា​យេ​ដ អាល់​-​ណា​យ៉ាន់ ដើម្បី​ពិភាក្សា​កិច្ចព្រមព្រៀង​ជាមួយ​អ៊ីស្រាអែល​៕

Tag:
 អាមេរិក​
  អ៊ីស្រាអែល​
  ស៊ូដង់​
  បា​រ៉ែ​ន​
  អេ​មី​រ៉ា​ត​អារ៉ាប់​រួម
© រក្សាសិទ្ធិដោយ thmeythmey.com