ជាតិ
អន្តរជាតិ
ចិន សន្យា​ផ្ដល់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ដល់​បណ្ដា​ប្រទេស​នៅ​ដង​ទន្លេមេគង្គ​
24, Aug 2020 , 4:01 pm        
រូបភាព
នាយករដ្ឋមន្រ្តីចិន លី ខឺឈាំង ថ្លែងនៅក្នុងប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី៣ ពាក់ព័ន្ធនឹងការ«ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម» តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២៤ សីហា ២០២០
នាយករដ្ឋមន្រ្តីចិន លី ខឺឈាំង ថ្លែងនៅក្នុងប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី៣ ពាក់ព័ន្ធនឹងការ«ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម» តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២៤ សីហា ២០២០
​ភ្នំពេញ​៖ ប្រទេស​នៅ​ដង​ទន្លេមេគង្គ នឹង​ទទួលបាន​វ៉ាក់សាំង​ប្រឆាំងនឹង​ជំ​ងឹ​កូ​វីដ​-១៩ ពី​ចិន ក្រោយ​ពិសោធន៍​រកឃើញ​ចប់​ជា​ស្ថាពរ​។ នាយករដ្ឋមន្ត្រី​ចិន លី ខឺ​ឈាំ​ង បាន​សន្យា​បែបនេះ នៅក្នុង​ប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង លើក​ទី​៣ ពាក់ព័ន្ធ​នឹង​ការ​«​ពង្រឹង​ភាពជា​ដៃគូ ដើម្បី​វិបុលភាព​រួម​» តាមរយៈ​ប្រព័ន្ធ​វីដេអូ នៅ​ថ្ងៃទី​២៤ សីហា​នេះ​។​

 
​លោក លី ខឺ​ឈាំ​ង បានប្រកាសថា ចិន​នឹង​ផ្ដល់​វ៉ាក់សាំង​ឱ្យ​ប្រទេស​តាម​ដង​ទន្លេមេគង្គ​មុនគេ នៅពេលដែល​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ត្រូវបាន​រកឃើញ​នោះ​។ នាយករដ្ឋមន្ត្រី​ចិន​រូបនេះ ក៏បាន​បញ្ជាក់ថា ចិន​ក៏បាន​បង្កើត​មូល​នី​ធិ​ពិ​សេសមួយ ដើម្បី​លើកកម្ពស់​សុខភាព​សាធារណៈ ក្នុង​ក្របខណ្ឌ​សហប្រតិបត្តិការ​មេគង្គ​-​ឡាង​ឆាង ។ ជាពិសេស​បន្ត​ការគាំទ្រ​ផ្ដល់​បច្ចេកទេស និង​សម្ភារៈ បរិក្ខា​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ដល់​បណ្ដា​ប្រទេស​តាម​ដង​ទន្លេមេគង្គ​ទៀតផង​។​
 
«​ការសហការ និង​សាមគ្គី​គ្នា គឺមាន​សារៈសំខាន់​ណាស់ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​រីក​រាលដាល​ជាស​កល​។ ចិន​ប្ដេជ្ញា​ធ្វើការ​ជាមួយ​ប្រទេស​តំបន់​ទន្លេមេគង្គ ដើម្បី​គាំទ្រ​កិច្ចការងារ​របស់​អង្គការ​សុខភាព​ពិភពលោក​»​។ នេះ​ជាការ​លើកឡើង​របស់​នា​យក​រដ្ឋមន្ត្រី​ចិន​។​
 
​គិត​ត្រឹម​ថ្ងៃទី​២៤ សីហា​នេះ អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ទូទាំង​ពិភពលោក​ជាង​២៣​លាន​នាក់​ហើយ ក្នុងនោះ​ជាសះស្បើយ​ជាង​១៦​លាន​នាក់ និង​ស្លាប់​ជាង​៨១​ម៉ឺន​នាក់​។ ចំណែក​ចិន មាន​អ្នក​ឆ្លង​ជាង​៨៤​ម៉ឺន​នាក់ ជាសះស្បើយ​ជាង​៧៩​ម៉ឺន​នាក់​និង​ស្លាប់​ជាង​៤​ពាន់​នាក់​។ 
 
​មូលបទ «​ពង្រឹង​ភាពជា​ដៃគូ ដើម្បី​វិបុលភាព​រួម​»​នេះ គឺ​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ នឹង​ពិនិត្យឡើងវិញ​នូវ​វឌ្ឍនភាព​ដែល​សម្រេចបាន​ស្របតាម​ទិសដៅ​នៃ​សេចក្ដីថ្លែងការណ៍​សាន់​យ៉ា​ឆ្នាំ​២០១៦ ,​សេចក្ដីថ្លែងការណ៍​ទីក្រុង​ភ្នំពេញ​ឆ្នាំ​២០១៨ និង​ផែនការ​សកម្មភាព​សម្រាប់​រយៈពេល​៥​ឆ្នាំ ស្តីពី​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង (២០១៨-២០២២) រួមទាំង​ការកំណត់​ទិសដៅ​អនាគត​សម្រាប់​ការពង្រីក​វិស័យ​នៃ​កិច្ចសហប្រតិបត្តិការ និង​ជំរុញ​បន្ថែម​នូវ​ទំនុកចិត្ត​ទៅវិញទៅមក ក៏ដូចជា​ពង្រឹង​ភាពជា​ដៃគូ​ក្នុងចំណោម​បណ្តា​ប្រទេស​មេគង្គ​-​ឡាន​ឆាង​។ 
 
​ថ្នាក់ដឹកនាំ​ទាំងអស់ ក៏​នឹង​ផ្តោត​ការយកចិត្តទុកដាក់​លើ​កិច្ចខិតខំ​ប្រឹងប្រែង​រួម​របស់​បណ្តា​ប្រទេស​មេគង្គ​-​ឡាន​ឆាង ក្នុងការ​ដោះស្រាយ​ជំងឺ​រាតត្បាត​ជាស​កល​កូ​វីដ​-១៩ និង​ការលើកកម្ពស់​ការស្តារ​សេដ្ឋកិច្ច​-​សង្គម​ក្រោយ​ជំងឺ​កូ​វីដ​-១៩៕
 

Tag:
 មេគង្គ​-​ឡាង​ឆាង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com