COVID-19
អន្តរជាតិ
នូវែលសេឡង់ ពន្យារពេលការបិទក្រុង Auckland ជាលើកទី៣ ព្រោះ COVID-19 បន្តរាលដាល កន្លែងធ្វើតេស្តCOVID-19 នៅក្នុងទីក្រុង Auckland នូវែលសេឡង់។ រូបភាព៖ AP
× នាយករដ្ឋមន្ត្រីនូវែលសេឡង់ Jacinda Ardern នៅថ្ងៃទី២៤ ខែសីហា បានប្រកាសពន្យាររឹតត្បិតក្រុងAuckland ដល់ថ្ងៃទី៣០ ខែសីហា ដើម្បីទប់ស្កាត់ការរាតត្បាតនៃCOVID-19។ ការពន្យារពេលបិទក្រុង Auckland នេះ គឺជាលើកទី៣ហើយ បើគិតចាប់តាំងពីមានករណីផ្ទុះCOVID-19 នៅក្នុងទីក្រុងមួយនេះមក។
ជាលើកទី៣ នាយករដ្ឋមន្ត្រីនូវែលសេឡង់ Jacinda Ardern បានប្រកាស ពន្យារពេលបិទទីក្រុង Auckland ម្តងទៀត ខណៈវិធានការរឹតត្បិតកម្រិត២នៅទីក្រុងនេះ នឹងអស់សុពលភាពនៅថ្ងៃទី២៦ ខែសីហាខាងមុខ។
ដោយសារករណីឆ្លងនៅតែបន្តកើនឡើង លោកស្រី Ardern នៅក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២៤ ខែសីហា បានលើកឡើងថា នូវែលសេឡង់ នឹងពន្យារពេលរឹតត្បិតលើទីក្រុងAuckland ដល់ថ្ងៃទី៣០ ខែសីហាខាងមុខ។
ក្រោមវិធានរឹតត្បិតនេះ មុខជំនួញមួយចំនួន និងសាលារៀននៅតែបន្តបិទដដែល។ ចំណែកប្រជាជននូវែលសេឡង់ ដែលប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ ត្រូវបានស្នើឲ្យពាក់ម៉ាស់ ដើម្បីបង្ការករណីឆ្លង COVID-19 ។
កន្លងមក នូវែលសេឡង់ បានពង្រាយកងទ័ពប្រមាណ ១២០០នាក់ នៅក្នុងប្រទេស ដើម្បីទប់ស្កាត់ COVID-19 ។ ការពង្រាយនេះ មាននៅតាមមណ្ឌលចត្តាឡីស័ក និងតាមច្រកព្រំដែនជាដើម។ នេះបើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល។
មិនត្រឹមតែប៉ុណ្ណោះ នូវែលសេឡង់ ក៏បានលើកថ្ងៃបោះឆ្នោតសភាផងដែរ។ ការបោះឆ្នោតសភា ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៧ ខែកញ្ញា ត្រូវលើកទៅធ្វើនៅថ្ងៃទី១៧ ខែតុលាវិញ។ ការសម្រេចពន្យារពេលបោះឆ្នោតនេះ ធ្វើឡើងដោយមានការពិភាក្សាជាមួយថ្នាក់ដឹកនាំគណបក្សជាច្រើន និងគណៈកម្មការបោះឆ្នោត។ ប៉ុន្តែលោកស្រីនាយករដ្ឋមន្ត្រី អះអាងថា នឹងមិនលើកពេលបោះឆ្នោតជាថ្មីឡើយ ទោះបីជាស្ថិតក្នុងស្ថានការណ៍ណាក៏ដោយ។
សូមបញ្ជាក់ថា នៅថ្ងៃទី២៤ ខែសីហា នូវែលសេឡង់ មានករណីឆ្លងCOVID-19 ថ្មីចំនួន ៩ករណីបន្ថែមទៀត។ តួលេខសរុបរបស់នូវែលសេឡង់ បានកើនឡើងដល់ ១៦៨៣ករណី និងអ្នកស្លាប់មានចំនួន ២២នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ១៥៣៨នាក់៕
Tag:
នូវែលសេឡង់
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com