ភ្នំពេញ៖ តំណាងសមាគមគ្រូបង្រៀន និស្សិត សហជីព និងពលរដ្ឋ បាននាំគ្នាដាក់ញ្ញត្តិទៅអង្គការសហប្រជាជាតិនៃការរិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៤សីហានេះ ដើម្បីសុំអន្តរាគមន៍ឲ្យមានការដោះលែងលោក រ៉ុង ឈុន ដែលពាក់ព័ន្ធករណីព្រំដែន។ លោក រ៉ុង ឈុន ត្រូវបានចៅក្រមសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ពីបទចោទញុះញង់ឲ្យមានការប្រព្រឹត្តបទឧក្រិដ្ឋអាទិ៍។
លោក អែម ប៊ុនណារិទ្ធ ជាសហការីរបស់លោក រ៉ុង ឈុន ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា គោលបំណងដែលដាក់ញត្តិនេះ គឺដើម្បីទាមទារឲ្យមានការដោះលែងលោក រ៉ុង ឈុន ហើយធ្វើឡើងតាមច្បាប់ក្នុងការដាក់ញត្តិគ្មានពាក់ព័ន្ធរឿងអ្វីផ្សេងឡើយ។ ដូច្នេះក្រុមរបស់លោក ប៊ុនណារិទ្ធ គ្មានអ្វីត្រូវខ្លាចក្រុមអាជ្ញាធរចាប់ឬឃាត់ខ្លួនឡើយ ។
«ការចាប់លោក រ៉ុង ឈុន គឺជាការខាតបង់ធំរបស់រាជរដ្ឋាភិបាល គឺជាការសម្រេចចិត្តខុសរបស់អាជ្ញាធរ ព្រោះការចាប់លោកគ្រូ រ៉ុង ឈុន មិនបានបិទមាត់អ្នកប្រជាធិបតេយ្យនោះទេ ព្រោះការចាប់លោកគ្រូ រ៉ុង ឈុន មួយនៅមានសហការីលោកគ្រូរាប់រយនាក់ទៀត។ ខ្ញុំគ្រាន់តែជាសហការីមួយរបស់លោកគ្រូ នៅមានចាស់ទុំ អ្នកមានសំឡេងជាច្រើននាក់ទៀត...ខ្ញុំសូមអាជា្ញធរ សម្ដេច ពិចារណាឡើងវិញ ដោះលែងលោកគ្រូ មកវិញហើយចរចាគ្នា» នេះបើតាមការលើកឡើងរបស់លោក ប៊ុនណារិទ្ធ ដោយបន្ថែមថា ការដោះលែង គឺជាការបញ្ជាក់ប្រាក់មហាជនឲ្យឃើញពីលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
អំឡុងពេលដាក់ញត្តិនេះ លោក ឡុង រឹម ជាគ្រូបង្រៀននៃវិទ្យាល័យមួយនៅភ្នំពេញក៏បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា គឺជារឿងអយុត្តិធម៌ដែលរូបលោក ក៏ជាពលរដ្ឋផ្សេងទៀតមិនអាចទទួលយកបានឡើយ។ លោក រឹម ថាកន្លងមករដ្ឋាភិបាលតែងតែលើកឡើងថាកម្ពុជាជាប្រទេសនិតិរដ្ឋ គោរពច្បាប់ ប៉ុន្តែបែរជាចូលចាប់ខ្លួនលោក រ៉ុង ឈុន ទាំងយប់ ព្រមទាំងមិនទាន់បានចុះសិក្សាស្រាវជ្រាវពីមូលហេតុ។
រីឯ លោក រ៉ុង វ៉ាន់ ជាក្មួយប្រុសរបស់លោក រ៉ុង ឈុន បានប្រាក់សារព័ត៌មានថ្មីៗថា លោកនិងក្រុមគាំទ្រលោក រ៉ុង ឈុន នឹងបន្តដាក់ញត្តិនៅតាមស្ថានទូតនានាដែលប្រទេសប្រជាធិបតេយ្យបន្តទៀត ដើម្បីមានការចូលរួមជួយឃ្លាំមើលនិងរកដំណោះស្រាយដល់លោក រ៉ុង ឈុន។
លោក រ៉ុង វ៉ាន់ ថ្លែងថា៖ «តំណាងការរិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាបានទទួលញត្តិហើយ ហើយស្វាគមន័យ៉ាងកក់ក្ដៅ ហើយប្រាប់ថានឹងជួយអន្តរាគមន៍ហើយឃ្លាំមើលលើកករណីលោកគ្រូ រ៉ុង ឈុន»។
បន្ទាប់ពីដាក់ញត្តិនៅការរិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សហើយ ក្រុមតំណាងសមាគមគ្រូបង្រៀន និស្សិត សហជីព និងពលរដ្ឋជាង២០នាក់ បានបន្តដាក់ញត្តិទៅស្ថានទូតជប៉ុនទៀត ប៉ុន្តែត្រូវក្រុមអាជ្ញាធររារាំងមិនឲ្យបន្តដំណើរទៅស្ថានទូត នៅចំណុចស្ពានអាកាសក្បាលថ្នល់ឡើយ។
ក្នុងដំណើរទៅដាក់ញត្តិនៅស្ថានទូតជប៉ុន លោក រ៉ុង វ៉ាន់ ថ្លែងថា ក្រុមអាជ្ញាធរបានរារាំងក្រោមហេតុផលសន្តិសុខសណ្ដាប់ធ្នាប់ ទើបធ្វើឲ្យអាក់ខានដំណើរនេះ។ ទោះបីយ៉ាងណាក៏ដោយ ក្មួយលោក រ៉ុងឈុន រូបនេះអះអាងថា ក្រុមរបស់លោកនឹងពិភាក្សាគ្នាបន្តទៀត ដើម្បីដាក់ញត្តិទៅស្ថានទូតផ្សេងៗទៀត។ លោកបន្តថា កន្លងមកធ្លាប់បានដាក់ញត្តិទៅស្ថានទូតបារាំង អាមេរិក និងសហភាពអឺរ៉ុបហើយ។
លោក រ៉ុង ឈុន ត្រូវបានអាជ្ញាធរឃាត់ខ្លួនអស់រយៈពេល២៥ថ្ងៃហើយ។ បច្ចុប្បន្នលោក កំពុងជាប់ឃុំនៅពន្ធនាគារព្រៃស ក្រោមបទចោទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ លោក រ៉ុង វ៉ាន់ បានបញ្ជាក់ថា លោក រ៉ុង ឈុន មានស្ថានភាពផ្លូវចិត្តរឹងមាំ ខណៈបន្ទប់ឃុំខ្លួននោះ មានមនុស្សជាង១០ ថែមទាំងតូចចង្អៀត ហើយខ្វះអនាម័យ ដែលបណ្ដាលឲ្យចេញរមាស់ក៏ដោយ។
កាលពីដើមខែសីហាកន្លងមក ទាំងក្រសួងយុត្តិធម៌ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំ ទៅកាន់ក្រុមអ្នកតវ៉ាឲ្យដោះលែងលោក រ៉ុង ឈុន។ តាមរយៈសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ព្រមានថា ការប្រមូលផ្តុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យដោះលែងលោក រ៉ុង ឈុន គឺមិនមែនជាទង្វើត្រឹមត្រូមតាមច្បាប់ឡើយ ប៉ុន្តែផ្ទុយទៅវិញ វាជាការដាក់សម្ពាធលើស្ថាប័នតុលាការ «ដែលអាចប្រឈមមុខនឹងការចោទប្រកាន់» តាមមាត្រា៥២២នៃក្រមព្រហ្មទណ្ឌកម្ពុជា។ អ្នកនាំពាក្យ ចាត់ទុកសកម្មភាពរបស់ក្រុមអ្នកទៅតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ថា «ខុសច្បាប់» ហើយអំពាវនាវឲ្យពួកគេ បញ្ឈប់ជាបន្ទាន់ «មុននឹងអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការ»។
ចំណែកលោក ឃួង ស្រេង ចាត់ទុកសកម្មភាពជួបជុំ ហើយទាមទារឲ្យដោះលែងលោក រ៉ុង ឈុន ថាបានធ្វើឲ្យប៉ះពាល់ខ្លាំងដល់ប្រក្រតីភាពសង្គម សណ្តាប់ធ្នាប់សាធារណៈ ការធ្វើចរាចរណ៍ និង ប្រាសចាកពីគោលការណ៍ច្បាប់ស្តីពីបាតុកម្មដោយសន្តិវិធី។ លោក បន្តថា ទន្ទឹមនឹងនេះ សកម្មភាពប្រមូលផ្តុំគ្នា ក្នុងដំណាក់កាលរីករាលដាលជាសាកលនៃជំងឺកូវីដ-១៩ គឺផ្ទុយពីវិធានការរបស់អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាលកម្ពុជា។
ក្នុងសេចក្តីណែនាំរបស់ខ្លួន លោកអភិបាលរាជធានីភ្នំពេញ តម្រូវថា រាល់ការជួបជុំឬការប្រមូលផ្តុំទាំងអស់ ត្រូវជូនដំណឹងទៅរដ្ឋបាលរាជធានីភ្នំពេញ។ លោក ព្រមានថា រាល់ការជួបជុំឬការប្រមូលផ្តុំ ដែលគ្មានការជូនដំណឹង «ត្រូវចាត់ទុកជាទង្វើខុសច្បាប់ ដែលអាជ្ញាធរមានសមត្ថកិច្ច ត្រូវចាត់វិធានការតាមច្បាប់»៕
Relate ៖ 94467