COVID-19
ជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សម្ដេច ហ៊ុន សែន ស្នើឱ្យសមាជិកមេគង្គ-ឡាងឆាង ជឿជាក់គ្នា ដើម្បីធានាថាជំងឺកូវីដ-១៩ មិនបំផ្លាញសេដ្ឋកិច្ច
24, Aug 2020 , 6:23 pm        
រូបភាព
 ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើឱ្យប្រទេសក្នុងតំបន់មេគង្គ-ឡាងឆាង ជឿជាក់គ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធនឹងសត្រូវរួម នៃការរីករាលដាលជំងឺកូវីដ-១៩។ សម្ដេចថ្លែងបែបនេះ នៅក្នុងប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី៣ ពាក់ព័ន្ធនឹងការ«ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម» តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២៤ សីហានេះ។
 
សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងរួមគ្នានេះ គឺដើម្បីធានាថាជំងឺកូវីដ-១៩នេះ នឹងមិនបំផ្លិចបំផ្លាញសេដ្ឋកិច្ច និងសុខភាពសាធារណៈហើយ ថែមទាំងជំរុញការធ្វើសមាហរណកម្មតំបន់ឱ្យកាន់តែស៊ីជម្រៅ និងប្រសិទ្ធភាពនៃប្រព័ន្ធពហុភាគីនិយម។ 
 
នាយករដ្ឋមន្រ្តីចិន លោក លី ខឹឈាំង បានប្រកាសថា ចិននឹងផ្ដល់វ៉ាក់សាំងឱ្យប្រទេសតាមដងទន្លេមេគង្គមុនគេ នៅពេលដែលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ត្រូវបានរកឃើញនោះ។ នាយករដ្ឋមន្ត្រីចិនរូបនេះ ក៏បានបញ្ជាក់ថា ចិនក៏បានបង្កើតមូលនីធិពិសេសមួយ ដើម្បីលើកកម្ពស់សុខភាពសាធារណៈ ក្នុងក្របខណ្ឌសហប្រតិបត្តិការមេគង្គ-ឡាងឆាង ។ ជាពិសេសបន្តការគាំទ្រផ្ដល់បច្ចេកទេស និងសម្ភារៈ បរិក្ខាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដល់បណ្ដាប្រទេសតាមដងទន្លេមេគង្គទៀតផង។
 
«ការសហការ និងសាមគ្គីគ្នា គឺមានសារៈសំខាន់ណាស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលជាសកល។ ចិនប្ដេជ្ញាធ្វើការជាមួយប្រទេសតំបន់ទន្លេមេគង្គ ដើម្បីគាំទ្រកិច្ចការងាររបស់អង្គការសុខភាពពិភពលោក»។ នេះជាការលើកឡើងរបស់នាយករដ្ឋមន្ត្រីចិន នៅក្នុងប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី៣ ។
 
សម្ដេច ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះចិន ក្នុងការផលិតវ៉ាក់សាំង និងការប្តេជ្ញាចិត្តផ្តល់វ៉ាក់សាំងនេះ ក្នុងថ្លៃមួយសមស្របសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។
 
មេដឹកនាំក្នុងកិច្ចប្រជុំទាំងអស់ គាំទ្រចិន ដែលបានប្រកាសបង្កើតមូលនិធិពិសេសសម្រាប់វិស័យសុខភាពសាធារណៈ នៃក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលគាំទ្រគម្រោងកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខភាពសាធារណៈនៃប្រទេសសមាជិកនេះ។
 
ថ្នាក់ដឹកនាំមេគង្គ-ឡាងឆាង ក៏មើលឃើញពីផលវិជ្ជមាននៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រទេសជាសមាជិក ក្នុងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ ដោយឈរលើស្មារតីសាមគ្គីភាព ,ការគាំទ្រនិងជួយគ្នាទៅវិញទៅមក ,ការចែករំលែកព័ត៌មានទាន់ពេលវេលាអំពីការផ្ទុះឡើងនៃជំងឺ និងគោលការណ៍ណែនាំបច្ចេកទេសសម្រាប់ការបង្ការ គ្រប់គ្រង ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល។ 
 
ថ្នាក់ដឹកនាំ បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងការដោះស្រាយផលប៉ះពាល់ធ្ងន់ធ្ងរ ដែលបណ្ដាលមកពីជំងឺកូវីដ-១៩ ក៏ដូចជាដោះស្រាយបញ្ហាផ្សេងៗ ទាំងក្នុងកម្រិតតំបន់ និងសកល សំដៅធានាឱ្យងើបឡើងវិញនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ប្រកបដោយក្តីសង្ឃឹមខ្ពស់ ក្រោយពីវិបត្តិនេះត្រូវបានបញ្ចប់៕
 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com