ជាតិ
សង្គមជាតិ
នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​លោក វ៉ា គឹមហុង ចុះទៅ​ជួប​ពលរដ្ឋ​អះអាងថា បាត់​ដី​នៅ​ខេត្ត​ត្បូងឃ្មុំ​ជាប់​ព្រំដែន​
25, Aug 2020 , 11:36 am        
រូបភាព
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យ លោក វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិទទួលបន្ទុកលើកិច្ចការព្រំដែន ចុះទៅជួបពលរដ្ឋនៅខេត្តត្បូងឃ្មុំ ដែលប្រកាសថា បាត់ដីនៅជាប់ព្រំដែន ទៅវៀតណាម។ នេះបើតាមលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។


លោក ពេជ្រ ស្រស់ ដែលបានចូលរួមកិច្ចប្រជុំរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីបូកសរុបការងារឆមាសទី៤ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ បានស្រង់ប្រសាសន៍នាយករដ្ឋមន្រ្តី សរសេរលើហ្វេសប៊ុកដូច្នេះថា៖«សម្តេចបានបញ្ជាឲ្យឯកឧត្តម  វ៉ា  គឹមហុង ចុះទៅជួបពលរដ្ឋដែលអះអាងថាបាត់ដីនៅខេត្តត្បូងឃ្មុំ  ក្រោយពីបោះបង្គោលព្រំដែន»។
 
មិនតែប៉ុណ្ណោះសម្ដេច ហ៊ុន សែន ក៏បញ្ជាឱ្យលោក ប៊ិន ឈិន រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី បើកសិក្ខាសាលាមួយ ឲ្យប្រជាពលរដ្ឋ សិស្ស និស្សិតចូលស្តាប់និងសួរនាំ អំពីរឿងព្រំដែននេះទៀតផង។ នេះបើតាមលោក ពេជ្រ ស្រស់។
 
 
ពាក់ព័ន្ធនឹងព្រំដែននេះ សមត្ថកិច្ច ក៏បានចាប់ខ្លួនលោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ និងជាអតីតសកម្មជន នៃអតីតគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី ១៤ សីហា ក្រោមហេតុផលថា ប្រព្រឹត្តបទល្មើសជាក់ស្ដែង ពាក់ព័ន្ធនឹងការបំភ្លៃការពិត លើបញ្ហាព្រំដែន។ ការចាប់លោក សួង សុភ័ណ្ឌ នេះ ធ្វើឡើងក្រោយពីប្រធានបក្សខ្មែរឈ្នះរូបនេះ បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ដោយព្រមានធ្វើបាតុកម្មទាមទារឲ្យដោះលែង លោករ៉ុង ឈុន ដែលត្រូវបានតុលាការឃុំខ្លួនពាក់ព័ន្ធនឹងបទល្មើសព្រំដែននេះដែរ។
 
លោក រ៉ុង ឈុន ដែលជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ជាមេសហជីព និង ជាទីប្រឹក្សានៃសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា ត្រូវបានចាប់ខ្លួន នៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ ដោយលោករងការចោទប្រកាន់ថា បានបំផ្លើសខុសការពិតក្នុងរឿងព្រំដែន។
 
ទាំងលោក រ៉ុង ឈុន និងលោក សួង សោភ័ណ្ឌ កំពុងជាប់ឃុំនៅពន្ធនាគារព្រៃស ក្រោមបទចោទញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៤ និងតាម៤៩៥ នៃក្រមព្រហ្មទណ្ឌ។ តុលាការ ចាត់ទុកបទល្មើសរបស់លោក ថាជាបទល្មើសជាក់ស្តែង។
 
ចំពោះអ្នករិះគន់បញ្ហាព្រំដែន នឹងប្រឈមមុខចាប់ខ្លួនបន្តទៀត។ សម្ដេច ហ៊ុន សែន ប្រកាសបែបនេះ ក្នុងពិធីសម្ពោធសួន«ទឹកហ្គាឌិនស៊ិធី» ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី១៦ សីហានេះ។
 
កន្លងមកមានការលើកឡើងថា ការរិះគន់លើបញ្ហាព្រំដែននេះ គឺគ្រាន់តែជាការតស៊ូមតិ ដើម្បីផលប្រយោជន័៍ជាតិប៉ុណ្ណោះ។ ប៉ុន្តែសម្ដេច ហ៊ុន សែន មិនយល់ឃើញបែបនេះឡើយ។ «អ្នកខ្លះថា (បញ្ហាព្រំដែន)ជារឿងតស៊ូមតិ (រឿងព្រំដែន)អត់តស៊ូមតិទេ។ វាជារឿងផ្លូវច្បាប់សុទ្ធសាធ ព្រោះវាមិនមែនជាពេលត្រូវការធ្វើប្រជាមតិ»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ដែលបាននិយាយបែបផ្លែផ្កាទៅអ្នករិះគន់រឿងព្រំដែនថា «បើអ្នកណាចង់ជាប់គុក យើងនឹងបំពេញតាមបំណងប្រាថ្នា»។
 
នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា រាល់ការចាប់ខ្លួនអ្នករិះគន់បញ្ហាព្រំដែនទាំងអស់ គឺក្រោមបទល្មើសជាក់ស្ដែង ដែលត្រូវចាប់ខ្លួនភ្លាមៗនៅហ្នឹងកន្លែង៕
 
 
 
 

Tag:
 ព្រំដែន​
  ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com