COVID-19
អន្តរជាតិ
ចិននិងអាមេរិក ឯកភាពគ្នាជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយ ឧបនាយករដ្ឋមន្រ្តីចិន Liu He (កណ្ដាល) ថតរូបជាមួយតំណាងចរចាពាណិជ្ជកម្មអាមេរិក Robert Lighthizer (ឆ្វេង) និងរដ្ឋមន្រ្តីហិរញ្ញវត្ថុ Steven Mnuchin (ស្ដាំ) នាជំនួបកន្លងមក។ រូបភាព Xinhua
× ទីក្រុងប៉េកាំង នៅថ្ងៃទី២៥ ខែសីហា បានអះអាង ខ្លួន បានយល់ព្រមជាមួយទីក្រុងវ៉ាស៊ីនតោន ក្នុងការបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីដំណាក់កាលមួយ ដែលភាគីទាំងពីរបានចុះហត្ថលេខានៅដើមឆ្នាំ២០២០។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មចិនក្រោយជំនួបរវាងតំណាងចរចាពាណិជ្ជកម្មចិន និងអាមេរិក។
លោក Liu He ឧបនាយករដ្ឋមន្ត្រី និងជាតំណាងចរចាពាណិជ្ជកម្មរបស់ចិន បានជជែកតាមទូរសព្ទជាមួយលោក Robert Lighthizer តំណាងចរចាពាណិជ្ជកម្ម និងលោក Steven Mnuchin រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកនៅថ្ងៃទី២៥ ខែសីហា។ ក្នុងការជជែកនេះ មន្ត្រីចិន និងអាមេរិក បានលើកឡើងពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការពង្រឹងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរវាងប្រទេសទាំងពីរជាដើម។
ចំណែកសេចក្តីថ្លែងការណ៍មួយដែលចេញដោយការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក បានលើកឡើងថា ចិន និងអាមេរិក បានជជែកពីជំហានមួយចំនួន ដែលទាមទារឲ្យចិនត្រូវចាត់វិធានការយ៉ាងមានប្រសិទ្ធភាព ក្នុងការកែទម្រង់ផ្សេងៗ ដែលមានចែងក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលមួយ។ ចំណុចទាំងនោះមានការធានាលើការការពារកម្មសិទ្ធិបញ្ញា ការលុបចោលឧបសគ្គមួយ ដែលក្រុមហ៊ុនអាមេរិកខ្លះជួបប្រទះ និងការលុបចោលការផ្ទេរបច្ចេកវិទ្យាដោយបង្ខំជាដើម។
ជាមួយគ្នានេះ តំណាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ ក៏បានជជែកពីការបង្កើនការទិញផលិតផលអាមេរិក ពីភាគីចិន ក៏ដូចជាការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មនាពេលអនាគត។ សេចក្តីថ្លែងការណ៍ចេញពីការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក បានបន្តបែបនេះ ដោយបន្ថែមថា ភាគីទាំងពីរឃើញពីដំណើរការទៅមុខ ហើយប្តេជ្ញាចាត់វិធានការបន្ទាប់ទៀត ដើម្បីធានាថា កិច្ចព្រមព្រៀងដំណាក់កាលទីមួយនេះ ទទួលបានជោគជ័យ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលមួយ ត្រូវបានចុះហត្ថលេខាដោយលោក Lui He និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅសេតវិមានអាមេរិក កាលពីថ្ងៃទី១៥ ខែមករាកន្លងទៅ។ ក្រោមកិច្ចព្រមព្រៀងនេះ ចិនសន្យាបង្កើនការទិញផលិតផលកសិកម្មពីអាមេរិក និងបើកទូលាយការរកស៊ីរបស់ក្រុមហ៊ុនអាមេរិកនៅចិនផងដែរ។
សូមបញ្ជាក់ថា កិច្ចសន្ទនាតាមទូរសព្ទនេះ ដំបូងឡើយ គ្រោងធ្វើនៅថ្ងៃទី១៥ ខែសីហា ដើម្បីប្រារព្ធខួប ៦ខែ ដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មត្រូវបានចុះហត្ថលេខា។ ប៉ុន្តែជំនួបនេះ ត្រូវគេលើកពេលមកថ្ងៃទី២៥ ខែសីហាវិញ បន្ទាប់ពីលោក ត្រាំ ខឹងចិនលើបញ្ហា COVID-19 និងបញ្ហាផ្សេងទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com