ជាតិ
លោក ឃឹម ហ្វីណង់៖ កសិ-ទេសចរណ៍ ទេសចរណ៍ជនបទ និងវប្បធម៌ត្រូវរីកចម្រើនទន្ទឹមគ្នា
× ភ្នំពេញ៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប មានបំណងជំរុញឲ្យវិស័យទេសចរណ៍នៅក្នុងស្រុក កាន់តែរីកចម្រើន តាមរយៈការជំរុញឲ្យទេសចរណ៍វប្បធម៌ ទេសចរណ៍តាមជនបទ និងកសិ-ទេសចរណ៍នៅក្នុងស្រុក ឲ្យលេចធ្លោព្រមគ្នា។
លោក អភិបាលស្រុករូបនេះបញ្ជាក់ប្រាប់ Thmeythmey25 ថាទេសចរណ៍បែបវប្បធម៌ ធម្មជាតិ ស្រុកបន្ទាយស្រី កំពុងមានសក្តានុពលស្រាប់ហើយ ដូចជាប្រាសាទបន្ទាយស្រី និងភ្នំគូលែន ប៉ុន្តែនៅតែត្រូវការជំរុញបន្ទាប់។ ចំណែកកសិ-ទេសចរណ៍ អាជ្ញាធរស្រុក នឹងជំរុញការដាំដំណាំប្រភេទណាដែលអាចទាក់ទាញទេសចរបាន ដូចជាដំណាំទុរេន និងសាវម៉ាវ ជាដើម។ រីឯ ទេសចរណ៍បែបជនបទ ក្នុងស្រុកបន្ទាយស្រី ក៏សម្បូរបែបដែរ ប៉ុន្តែត្រូវការការផ្សព្វផ្សាយឲ្យបានកាន់តែច្រើនបន្ថែមទៀត។
«ក្រោយពីជំរុញកត្តាចម្បងទាំង៣ឲ្យស្របគ្នាបានហើយនោះ វិស័យទេសចរណ៍ក្នុងស្រុកបន្ទាយស្រីនឹងមានភាពរីកចម្រើន។ នេះការអភិវឌ្ឍវិស័យទេសចរណ៍ ត្រូវដឹងឲ្យច្បាស់ថា យើងមានសក្ដានុពលអ្វី ហើយអ្វីខ្លះដែលត្រូវជំរុញបន្ថែម។ ជាក់ស្ដែង នៅស្រុកបន្ទាយស្រី មានស្រាប់មួយចំនួនហើយជាទេសចរណ៍បែបធម្មជាតិដូចជា មុខម្ហូប កសិកម្ម និងទំនៀមទម្លាបរស់នៅ ដូច្នេះអ្វីដែលត្រូវជំរុញបន្ថែមទៀតនោះគឺ ការងារផ្សព្វផ្សាយ»។ នេះជាការបញ្ជាក់របស់លោក ឃឹម ហ្វីណង់។
ក្រៅតែគម្រោងជំរុញវិស័យទេសចរណ៍ អភិបាលស្រុកបន្ទាយ ក៏បានលើកឡើងពីសារសំខាន់ នៃកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងសំរាមនៅក្នុងស្រុកទេសរបស់ខ្លួនដែរ។ សម្រាប់លោក ហ្វីណង់ នៅពេលដែលវិស័យទេសចរណ៍រីកចម្រើន បញ្ហាប្រឈមក៏កើតឡើងទន្ទឹមគ្នា។ ក្នុងបរិបទកម្ពុជាបច្ចុប្បន្ន អភិបាលស្រុករូបនេះ មើលឃើញថា សំរាម អាចនឹងចោទជាបញ្ហា ដែលទាមទារឲ្យមានគ្រប់គ្រងឲ្យបានត្រឹមត្រូវ និងជាអចិន្ត្រៃយ៍។ ជាក់ស្តែង ស្រុកបន្ទាយស្រី កំពុងរៀបចំ ឲ្យមានយុទ្ធនាការប្រមូលសំរាមទូទាំងស្រុក ដែលនឹងត្រូវដឹកនាំដោយមេភូមិនីមួយៗ ខណៈដែលឡសំរាមរបស់ស្រុក នឹងសាងសង់រួចរាល់នៅខែកញ្ញា ឆ្នាំ២០២០នេះ៕
Tag:
វប្បធម៌
បន្ទាយស្រី
© រក្សាសិទ្ធិដោយ thmeythmey.com